តារា​សម្ដែង​មុខ​សង្ហា​ ម្ចាស់​ចិត្ត​អ្នក​គាំទ្រ​នារីៗ​ លោក​ ខាត់ វ៉ៃហាំង បាន​បង្ហាញ​ក្ដី​រំភើប​រីករាយ​ជា​ពន់ពេក​ដែល​លោក​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​មហោស្រព​ភាពយន្ត​ សម្រេច​ជ្រើសរើស​ជា​ទូត​សុច្ឆន្ទៈ​កម្ពុជា​មួយ​នេះ​ ប៉ុន្តែ​លោក​បែរ​ជា​ជួប​នឹង​រឿង​ខក​បំណង​និង​សោកស្ដាយ​ទៅ​វិញ​។

តារា​សម្ដែង​ពី​ភាពយន្ត​ភាគ​ «ស្នាមស្នេហ៍​សមុទ្ររាម​» វគ្គ​កូន​ៗ​ លោក​ ខាត់​ វ៉ៃ​ហាំង នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​ ឆ្នាំ​២០២១ នេះ​បាន​បង្ហោះ​ដំណឹង​ដ៏​សែន​រីករាយ​នៅ​លើ​បណ្ដាញ​សង្គម​ដើម្បី​ចែក​រំលែក​ក្ដី​រំភើប​រីករាយ​ជាមួយ​នឹង​អ្នក​គាំទ្រ​ថា​ លោក​ត្រូវ​បាន​ គណៈកម្មការ​រៀបចំ​មហោស្រព​ភាពយន្ត​​​កម្ពុជា ​អាស៊ាន​ (Organizing Committee of Cambodia Asian Film Festival) ជ្រើសរើស​ជា​ទូត​សុច្ឆន្ទៈ (Ambassador) នៃមហោស្រពភាពយន្តកម្ពុជា-អាស៊ាន (Cambodia Asian Film Festival) ប្រចាំឆ្នាំ 2021​។

នៅ​ក្នុង​សំណេរ​ដដែល​នោះ​ តារា​រូប​នេះ​បាន​សរសេរ​រៀបរាប់​បន្ត​ទៀត​ថា​ ៖ «នេះជាកិត្តិយសដ៏គួរឱ្យមោទកភាព ក៏​ដូច​ជា​សមិទ្ធិផល​ដ៏​ប្រពៃ​ក្នុង​ចំណោម​សមិទ្ធិផលនានាដែលខ្ញុំបាទទទួលបានពីកិច្ចខិតខំប្រឹងប្រែងក្នុងឋានៈជា តារាសម្តែង/សិល្បករ មួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា។»

ទន្ទឹមនឹង​បង្ហាញ​ក្ដី​រំភើប​រីករាយ​ចំពោះ​ការ​ទទួល​បាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ពីកម្មវិធី​​តារា​សម្ដែង​មាន​ដើម​កំណើត​មក​ពី​ខេត្ត​បន្ទាយមាន​ជ័យ​រូប​នេះ​ បាន​សម្ដែង​ក្ដី​ខក​បំណង​និង​សោកស្ដាយ​ខ្លាំង​​ព្រោះ​តែ​កម្មវិធី​ដែល​ត្រៀម​ប្រារព្ធ​ឡើង​នៅ​កម្ពុជា​នេះ​​ត្រូវ​បាន​ប្ដូរ​មក​ធ្វើ​តាមរយៈ​ប្រព័ន្ធ​អនឡាញ​វិញ​ដោយ​សារ​តែ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩។

«ពិតជាគួរ្ឱ្យសោកស្តាយដែល ព្រឹត្តិការណ៍នៃ មហោស្រពភាពយន្តកម្ពុជា អាស៊ាន (Cambodia Asian Film Festival) ប្រចាំ 2021 ពុំអាចប្រារព្ធរៀបចំក្នុងព្រះរាជាណាចក្រកម្ពុជាដោយសារពិភពលោកទាំងមូលកំពុងតែឆ្លងកាត់នូវដំណាក់កាលនៃជំងឺរាតត្បាតដ៏កាចសាហាវនោះ ដោយផ្លាស់ប្តូរប្រារព្ធរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះតាមរយៈប្រព័ន្ធអ៊នឡាញវិញ។»

គួរ​ដឹង​ដែរ​ថា​ក្រៅ​ពី​តារា​សម្ដែង​កម្ពុជា​លោក ខាត់​ វ៉ៃហាំង ដែល​នឹង​ត្រូវ​បាន​តែងតាំង​ជា​ទូត​សុច្ឆន្ទៈ​សម្រាប់​​ព្រឹត្តិការណ៍​មហស្រព​ភាពយន្ត​កម្ពុជា​អាស៊ាន​នេះ​ហើយ​ ក៏​នៅ​មាន​តារា​សម្ដែង​ស្រី​ល្បី​វ័យ​ក្មេង​ជនជាតិ​ចិន​កញ្ញា​ Jiang Mengjie ជា​ទូតសុច្ឆន្ទៈ​ក្នុង​​ព្រឹត្តិការណ៍​នេះ​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​មិថុនា​ ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០២១​៕

Telegram-Troryorng

Share.