រឿងរ៉ាវចម្រូងចម្រាសពាក់ព័ន្ធនឹងនរណាជាម្ចាស់សំនៀងដើមបទ «ជំនោរដើមខែ» នៅតែមាន​កំសួល​ក្ដៅ​ងុំ​ ហាក់​មិនអាចរកទីបញ្ចប់បានប្រៀបដូចជាទូកកំពុងអណ្ដែតកណ្ដាល​ទន្លេ ព្រោះកាលពីម្សិលមិញនេះផ្ទុះរឿងតារាចម្រៀងជើងចាស់ លោកស្រី ម៉េង កែវពេជ្ជតា ប្រតិកម្មនឹងការលើកឡើងរបស់ក្រុមព្រះសុរិយាឆ្លើយតបទៅនឹងការសាកសួរពីសំណាក់ហ្វេន តើអ្នកណាជាម្ចាស់បទចម្រៀងដើម?

លោកស្រី ម៉េង កែវពេជ្ជតា បានចេញមកបញ្ចេញកំហឹងចំពោះក្រុមព្រះសុរិយា ដែលបានឆ្លើយលើកឡើងថាបទចម្រៀងជំនោរដើមខែគឺជាកម្មសិទ្ធបញ្ញារបស់ផលិតកម្ម ឆ្លងដែន ព្រោះលោកស្រីបានលក់សិទ្ធិឲ្យផលិតកម្មហើយ។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ តារា​ចម្រៀង​ជើង​ចាស់​ លោក​ស្រី​ ម៉េង កែវពេជ្ជតា បាន​បញ្ចេញ​សំណេរ​វែង​អន្លាយ​ដូច​កន្ទុយ​ខ្លែង​ រៀបរាប់​ទាំង​កំហឹង​ដោយ​ចោទ​ទៅ​កាន់​ភាគី​ក្រុម​ព្រះសូរិយា​ថា​ ខំប្រឹង​សាងកំហុស​ទម្លាក់​ឱ្យ​លោក​ស្រី​ម្ដង​ជា​ពីរ​ដង​ ថែម​ទាំង​លួច​វាយប្រហារ​លោក​ស្រី​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ តើ​ឯណា​គំនិត​អ្នក​ស្រលាញ់​សិល្បៈ? ឯណា​គំនិត​អព្យាក្រឹត? ខំអួតថា​បង្កើត​ស្ថាប័នស្រាវជ្រាវ​ពី​សិល្បៈ​ដើម្បី​លើក​ស្ទួយ​អ្នក​សិល្បៈ​ធ្វើ​ស្អី​ បើ​តាម​ចងអាឃាត​អ្នក​សិល្បៈ​អត់​ឈប់​ឈរសោះ​អញ្ចឹង?

អ្នក​មេម៉ាយ​កូន​ពីរ​បាន​បន្ត​ទៀត​៖ ក្រុម​ព្រះសុរិយា បាន​កាឡៃ​រឿង​ថា​​លោក​ស្រី​ចង់​ដណ្ដើម​បទ​ចម្រៀង​ «ជំនោរដើម​ខែ» ដែល​ជា​សំនៀង​ដើម​របស់​លោកស្រី​ ម៉ម សុខា មក​ធ្វើ​ជា​កម្មសិទ្ធផ្ទាល់​ខ្លួន​។ លោក​ស្រី​បាន​សួរ​ត្រលប់​វិញ​ថា​បើ​សិន​លោក​ស្រី​មិន​បង្ហោះ​ប្រាប់​ថា​ម្ចាស់​ដើម​ជា​តារា​រូប​ណា​ក៏​គ្មាន​អ្នក​ណាដឹងដែរ ព្រោះ​បទ​នេះ​លោក​ស្រី​ម៉េង​ ពេជ្ជតា​បាន​បកស្រាយ​តាំង​ពី​ឆ្នាំ​១៩៩៨​មកម្ល៉េះ។

នៅ​ក្នុង​សំណេរ​នោះ​ក៏​មិន​ភ្លេច​រំលឹក​ដល់​តារា​ចម្រៀង​ស្រករ​ក្រោយ​​កញ្ញា​ បាន​ មុន្នីលក្ខ ថា​បាន​លើក​យក​បទ​ចម្រៀង​អ្នក​ស្រី​២០​បទ​ទៅ​ច្រៀង​ឡើង​វិញ​ហើយ​មិន​មាន​ភ្ជាប់​ឈ្មោះ​អ្នក​ស្រី​សោះ​? ដូច្នេះ​តើ​រវាង​អ្នក​ស្រី​និង​កញ្ញា ​បាន មុនី​ល័ក្ខ​ ម្នាក់​ណា​ជាមុខ​ក្រាស់​មាន​គំនិត​អាក្រក់​ចង់​ធ្វើ​ជា​ម្ចាស់​គេ​ដោយ​អត់​ខ្មាស់​អៀន?

លោក​ស្រី​ ម៉េង កែវពេជ្ជតា បាន​បន្ថែម​ទៀត​ថា​ការ​ដែល​មួយ​រយៈ​នេះ​មិន​តបត​ទុក​ឱ្យ​គេ​លាប​ពណ៌ខ្លួន​ព្រោះ​លោក​ស្រី​ដឹង​ថា​ជាកល​ល្បិច​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍ ធ្វើ​ឱ្យ​មហាជន​យល់​ថាលោក​ស្រី​ជា​តួ​កាច​ ហើយ​ព្រួត​គ្នា​ធ្វើ​ឱ្យ​អ្នក​ស្រី​ហត់ អស់កម្លាំង និង​ទម្លាក់​ចោល​ការ​តស៊ូ​មតិ​។ នៅ​ក្នុង​នោះ​អ្នក​ស្រី​ហាក់​ចោទ​ថា​ក្រុម​ព្រះសុរិយា ជួយ​កញ្ញា​បាន មុន្នីល័ក្ខ​បិទ​បាំង​កំហុ ធ្វើ​ឱ្យ​ម្ចាស់​ស្នាដៃ​ប្រែក្លាយ​ជា​បិសាច​ ចំណែក​ឯអ្នក​លួច​គេ​ក្លាយ​ជា​ហង្ស​។

តារា​ចម្រៀង​ជើង​ចាស់​ខាង​លើ​បាន​ប្រើ​សម្ដី​​បែ​ប​មិន​ទុក​មុខ​ទៅ​កាន់​ក្រុម​ព្រះសុរិយា​ថា​ជា​មនុស្ស​ប្រុស​តែ​ចោមរោម​ធ្វើបាបស្ត្រី​ម្នាក់​ មិន​បង្ហាញ​ពី​ភាព​អស្ចារ្យ​ទេ​ តែ​បង្ហាញ​ពី​ភាព​កំសាក​ ពួក​អ្នក​គួរ​តែ​ស្លៀក​សារុង​វិញ​ទៅ​។

ចុង​ក្រោយ​​លោក​ស្រី​ក៏​បាន​បោះ​សម្ដីធ្ងន់​បន្ថែម​ទៀត​ថា​៖ ពិតទេ​ដែលគេថាអ្នកមិនបានធ្វើការអោយត្រូវនឹងទិសដៅ​ និងមិនគោរពវិជ្ជាជីវៈ​ តែអ្នកបែជាចាំតែវាយប្រហារសិល្បៈណាដែលខ្លួនស្អប់តាមចិត្តគំនុំព្រោះតែអ្នកតាមផ្ចាញ់គេមិនបាន​ ?

Telegram-Troryorng
Share.