ក្រុម​បាល់ទះ​ប្រមូល​ផ្ដុំ​ដោយ​ជើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​វិសាខា ថ្មីៗ​នេះ​បាន​បាន​​ប្រកាស​ថា​នឹង​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទះ Special Volleyball Challenge 2021 នៅ​ពេល​ខាង​មុខ​នេះ​ដែរ។

បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​របស់​សមាគម​បាល់ទះ​វិសាខា បាន​បញ្ជាក់​ថា​កីឡាករ​ចំនួន​៦​រូប​ដែល​បាន​ចូលរួម​មាន ប្រធាន​ក្រុម​ សួន ចាន់ណារ៉ូ, គួន មុំ, មួន និមល, វឿន វាសនា, សឿន ហេង និង ឈឹម ឈាងនី។

លោក នៅ សាម៉េត គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទះ​វិសាខា បាន​ប្រាប់​សារព័ត៌មាន​ត្រយង​ថា៖«ពួក​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ។ ប៉ុន្តែ​ការ​ប្រកួត​បែប​៤ស្មើ បែប​នេះ​គឺ​ពួក​ខ្ញុំ​មាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ​ព្រោះ​ថា​យើង​មិន​សូវ​បាន​ប្រកួត​បែប​នេះ​ទេ តែ​យើង​ច្រើន​ហ្វឹកហាត់​បែប​៦ទល់៦ ស្តង់​ដារ​​។ យើង​មាន​បញ្ហា​​ខ្លះ​ដែរ​ពី​ការ​ប្រកួត បើ​ធៀប​នឹង​ក្រុម​គេ​ផ្សេង​គេ​លេង​​ធ្លាប់​លេង​បែប​នេះ​ខាង​​ក្រៅ​កន្លង​មក​ តែ​យើង»។

«បើ​ទោះ​ជា​ការ​ប្រកួត​នេះ​មិន​ស្តង់ដារ​អន្តរជាតិ​ក្ដី តែ​ពួក​យើង​រីករាយ​ក្នុង​ការ​ចូលរួម ហើយ​អរគុណ​ដល់​ថ្នាក់​ដឹកនាំ​ក៏​ដូចជា​គណៈកម្មការ​ ដែល​ព្យាយាម​បង្កើត​ការ​ប្រកួត​នេះ​ឡើយ ព្រោះ​យើង​ខកខាន​ប្រកួត​​យូរ​មក​ហើយ។ នេះ​គន្លឹះ​មួយ​ដែល​ធ្វើ​ឱ្យ​មាន​សកម្មភាព​ប្រកួត​ឡើង​វិញ»។គ្រូ​បង្វឹក​ខាង​លើ​បន្ថែម។

​សូម​បញ្ជាក់​ថា​លោក​បណ្ឌិត អាំង សេរីពិសិដ្ឋ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​​ថា​រៀបចំ​ការ​ប្រកួត​នេះ​ឡើង ក្នុង​គោលបំណង​ដកស្រង់​បច្ចេកទេស​ថ្មីៗ និង​​ផ្ដល់​ឱកាស​ឱ្យ​​កីឡាករ​បាន​ហ្វឹកហាត់​កន្លង​មក​បាន​បង្ហាញ​សមត្ថភាព​រៀងៗ​ខ្លួន។ មួយ​វិញ​ទៀត​ចង់​បំផុត​ការ​គាំទ្រ​ពី​មហាជន ព្រោះ​ការ​ប្រកួត​ក្រៅ​ប្រព័ន្ធ​កន្លង​មក​មិន​ទាន់​មាន​ការ​រៀបចំ​ស្តង់ដារ​ត្រឹមត្រូវ។ ដូច្នេះ​ហើយ​ទើប​យើង​កំណត់​ជា​គោលការណ៍​និង​ស្តង់ដារ​មួយ​ឱ្យ​សមស្រប​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ​វិញ។ ជាមួយ​គ្នា​នេះ​ការ​រៀបចំ​ការ​ប្រកួត​នេះ​គឺ​ដើម្បី​រិតចំណង​មិត្តភាព សាមគ្គីភាព រវាង​កីឡាករ គ្រូ​បង្វឹកនិង​ថ្នាក់​ដឹកនាំ​ក្រុម​នានា។

ការ​ប្រកួត​​ពានរង្វាន់​​បាល់ទះ Special Volleyball Challenge 2021 គ្រោង​ដំណើរការ​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ នៅ​ទីលាន​កីឡដ្ឋាន​ព្រីនស៍។ ក្រុម​ដែល​ឈ្នះ​ជើង​ឯក​នឹង​ទទួល​បាន​ពាន ចំនួនមួយ និងថវិកាចំនួន ១០លានរៀល ហើយ​ក្រុម​ជើង​ឯករង​​ទទួល​បាន​ថវិកា​៨លានរៀល និង​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣ ទទួល​បាន​៦​លានរៀល។ ជាមួយ​គ្នា​នេះ​ដែរ​ក៏​មាន​ពានរង្វាន់​ឯកត្តជន​ផង​ដែរ​ ដូចជា​កីឡាករវាយប្រយុទ្ធល្អជាងគេ, កីឡាករធ្វើរនាំងល្អជាងគេ, កីឡាករវាយសេវាល្អជាងគេ និង​កីឡាករលើកបាល់ល្អជាងគេ ទទួល​រង្វាន់​ជា​ថវិកា​​ម្នាក់ ចំនួន​ ៤​សែន​រៀល។

ចំណែក​ការ​ប្រកួត​បែងចែក​ជា​​វគ្គ​ជម្រុះ​តាម​ពូល វគ្គ​៨ក្រុម​ចុងក្រោយ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ។ សម្រាប់​ក្រុម​ដែល​ចង់​​ចូលរួម​​ប្រកួត​ប្រជែង​​អាច​ចុះ​ឈ្មោះ​តាមរយៈ​លេខ 098 229 192 / 077 910 009 (លោក​គ្រូ ទែន ឡន)៕

Telegram-Troryorng
Share.