២ថ្ងៃបន្ទាប់ពីជិះនៅលើទូរថភ្លើងដឹកកុងតឺន័រពីក្រុងព្រះសីហនុ បុរសម្នាក់ ដោយសារឥទ្ធិពលនៃគ្រឿងញៀន ប្រើប្រាស់ជ្រុល រហូតបែកខ្លាំង នោះបានយល់ព្រមចុះដីវិញហើយនៅព្រឹក ថ្ងៃទី២៧ខែកញ្ញានេះ ក្រោយពីគេបានយកអេស្កាវ៉ាទ័រទៅឲ្យបុរសរូបនេះតោងចុះ។

បុរសបែកថ្នាំរូបនេះ បានឲ្យដឹងថា ខ្លួនមានឈ្មោះ សុខបញ្ញា អាយុ២២ឆ្នាំ រស់នៅម្តុំស្ថានីយរថភ្លើង ស្រុកត្រាំងកក់ ខេត្តតាកែវ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បុរសបែកថ្នាំរូបនេះ លួចតោងឡើងជិះរថភ្លើង ខ្សែដឹកទំនិញ ទូកុងតៃន័រ ចេញពីក្រុងព្រះសីហនុ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ តែរថភ្លើងមិនបានឈប់តាមផ្លូវ។ លុះរហូតដល់វេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រថភ្លើងបានចូលមកដល់ស្ថានីយ កំពង់ផែស្វយ័ត ភ្នំពេញ ចំណុចភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទើបខាងក្រុមហ៊ុនរថភ្លើងប្រទះឃើញនៅដេកលើទូកុងតៃន័រ កំពុងនៅលើរថភ្លើង ស្រែកឡូឡា ឲ្យខាងរថភ្លើងដឹកជូនរូបគេទៅខេត្តតាកែវ ទើបបង្កឲ្យភ្ញាក់ផ្អើល ហៅឲ្យចុះដី មិនព្រមចុះ រហូតដល់រថភ្លើងបន្តបើកទៅឈប់ចតនៅស្ថានីយសង្កាត់សំរោងក្រោម។

ក្រោយមក សមត្ថកិច្ចនិយាយលួងលោមឲ្យចុះដី នៅតែមិនព្រម ថែមទាំងយកកូនកាំបិតចាក់លើទ្រូងខ្លួនឯង រហូតដល់វេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ទើបយល់ព្រមចុះដីវិញហើយ ដោយសុំឲ្យយកគ្រឿងចក្រ អេស្កាវ៉ាទ័រ ទៅជួយដាក់រូបគេចុះដី ហើយទាមទាវិលទៅស្រុក ។

បុរសបែកថ្នាំរូបនេះ ពេលចុះដី សមត្ថកិច្ចបានឲ្យលុយ និងខាងក្រុមហ៊ុន បាហទិញខោអាវ មកប្តូរឲ្យស្លៀកពាក់ និងដឹកតាមរថយន្ត នាំជូនទៅជិះរថយន្តតាក់ស៊ី ដើម្បីធ្វើដំណើរវិលទៅផ្ទះវិញ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.