បាត់ដំបង៖ យោធាថៃ ចាត់វិធានការផាកពិន័យលើជនជាតិខ្លួន ដែលល្មើសលួចឆ្លងដែនចេញ ចូលដោយខុសច្បាប់មកកម្ពុជា ។

ប្រភពព័ត៌មានពីខេត្តស្រះកែវ ប្រទេសថៃបានឲ្យដឹងថា រយះពេលចុងក្រោយនេះ យោធា និងតម្រួតថៃ បានចាត់វិធានការរឹតបណ្តឹងលើប្រជាពលរដ្ឋរបស់ខ្លួនដែលបានលបលួចឆ្លងដែនមកធ្វើការនៅក្នុងប្រទេសកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាត ទោះចេញ ឬចូលក៏ដោយ។

ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះកម្លាំងសមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនជាតិថៃ ជាបន្តបន្ទាប់ដែលពួកគេបានឆ្លងដែនចូល ក្នុងទឹកដីកម្ពុជា ហើយបានប្រគល់ទៅឲ្យសមត្ថកិច្ចថៃវិញ គ្រាដែលពួកគេឆ្លងដែនចូលមកទឹកដីកម្ពុជា តាមច្រករបៀង ដើម្បីស្វែងរកធ្វើការនៅ ក្នុងកាសុីណូអនឡាញ ក្នុងក្រុងប៉ោយប៉ែត ឬនៅក្នុងក្រុងភ្នំពេញ។

ប្រភពដដែលបានបញ្ជាក់ដែរថា ថ្មីៗនេះ ភាគីកម្ពុជាក៏បាននាំខ្លួនពលរដ្ឋថៃជាច្រើននាក់ទៅប្រគល់អោយតម្រួតថៃដែរ ដែលឈរជើងនៅចំណុចច្រកអន្តរជាតិខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីអនុវត្តតាមវិធានសុខាភិបាល។ ក្រោយពីទទួលពលរដ្ឋខ្លួនហើយភាគីថៃបានចាត់វិធានការពិន័យជាទឹកប្រាក់ក្នុង ១នាក់ចំនួន ៨០០ បាត ព្រមទាំងបានបញ្ជូនទៅកាន់មណ្ឌលធ្វើចត្តាឡីស័ក ១៤ ថ្ងៃផងដែរ។

អាជ្ញាធរ និងសមត្ថកិច្ចថៃ នៅក្នុងខេត្តស្រះកែវ ក៏បានបង្ហាញនូវចំនួនជនជាតិរបស់ខ្លួនដែលល្មើសលួចឆ្លងដែនមកខាងទឹកដីប្រទេសកម្ពុជា ដើម្បី រកការងារធ្វើដោយគ្មានច្បាប់អនុញ្ញាតិ ចាប់តាំងពីដើមខែ មកទល់នឹងថ្ងៃទី ២៧ កញ្ញានេះ ពលករថៃដែលឆ្លងដែនចូលក្នុងប្រទេសកម្ពុជា សរុបចំនួន ៣៧៩ នាក់ ជាចំនួនដែលសមត្ថកិច្ចថៃចាប់បាន និងខាងភាគីកម្ពុជាចាប់បានរួចប្រគល់អោយ ដោយឡែកសម្រាប់ករណីលួចឆ្លងដែនតាម រយះមេខ្យល់អាចមានច្រើនជាងនេះ៕

អត្ថបទ៖ ដំបងក្រញូង

Share.