ភ្នំពេញ ៖ បុរសជាអ្នកបើកបររថយន្តកុងតឺន័រម្នាក់ស្លាប់ មានសភាពបែកសាច់ខ្ទេច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយកើតឡើង ដោយរថយន្តកុងតឺន័រ បើកបោះពួយលឿនជ្រុល រេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ហើយនៅបន្តល្បឿន អ្នកបើកបរលោតចុះ ស្រាប់តែទូកុងតឺន័រធ្លាក់ចុះសង្កត់ពីលើ កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅតាមផ្លូវ១១៤ រឺផ្លូវថៃហ្គ័រ ចំណុចភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ច ពិនិត្យជាក់ស្តែងនៅកន្លែង លើសពមានអត្តសញ្ញាណប័ណ្ណ ឈ្មោះ គិត ចំរើន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ បើកបររថយន្ត មាន ទីលំនៅភូមិអំពិល ឃុំពន្លៃ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័រ អូសសណ្តោងរុឺម៉ក ពាក់ស្លាលេខ ភ្នំពេញ 4A-0484 បើកតាមបណ្តោយផ្លូវ១១៤ ផ្លូវ ថៃ ហ្គ័រ ពីត្បូងទៅជើង ល្បឿនលឿន លុះដល់ចំណុច បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ មិនទាន់អស់ល្បឿន រថយន្តបន្តរេចង្កូតពេញផ្លូវ ទៅបុកដើមឈើបាក់មួយដើមទៀត ឃើញសភាព អ្នកបើកបរសម្រេចលោតចុះចោលដៃចង្កូត ស្រាប់តែទូកុងតឺន័រធ្លាក់ចេញពីលើរុឺម៉ក សង្កត់លើជនរងគ្រោះ ស្លាប់បែកសាច់ខ្ទេច ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យផ្ទាល់ ទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត ត្រូវបានប្រ គល់ឲ្យទៅការិយាល័យចរាចរជើងគោក ស្នងការក្រុង យកទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ ៕

Share.