តារាឯកស្រីដ៏ល្បីឈ្មោះពីភាពយន្តភាគសម័យបែបយុវវ័យ LOVE O2O ដែលធ្លាប់លេចចេញរឿងអាស្រូវរឿងឱ្យអ្នកពពោះរំលូតកូនចោល ក្រោយឈ្លោះបែកបាក់ជាមួយនឹងគូស្នេហ៍ ពេលនេះអាចនឹងមានវាសនា ដូចជាតារារៀមច្បង Fan Bingbing ប៉ុន្តែអាចនឹងធ្ងន់ធ្ងរជាងទៀតផងក៏ថាបាន។
យោងតាមសារព័ត៌មាន Shin Hua បានរាយការណ៍ថានាយកដ្ឋានពន្ធដារក្រុងសៀងហៃនិងនាយកដ្ឋានវិទ្យុនិងទូរទស្សន៍ប៉េកាំងកំពុងធ្វើការស៊ើបអង្កេតលើករណីតារាសម្ដែងស្រីល្បីឈ្មោះ Zheng Shuang គេចមិនបង់ពន្ធចូលរដ្ឋនិងករណីទាមទារថ្លៃសម្ដែងខ្ពស់ពពក ដែលអាចមានទម្ងន់ទោសស្មើនឹងបទឆបោក។

ចំណែកសារព័ត៌មាន South China Morning Post ក៏បានចេញផ្សាយដែរថា Zheng Shaung រងគ្រោះធំលើកនេះគឺដោយសារតែអតីតសង្សារជាអតីត Producer ឈ្មោះ Zhang Heng បានបន្តចេញមកបកអាក្រាតរឿងដែលតួឯកស្រីដ៏ល្បីរូបនេះបានទាមទារថ្លៃថតរឿងភាគបុរាណចិន A Chinese Ghost Story ដោយតម្លៃ ១៦០លានយ័ន្ត ប្រមាណជិត ២៥លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការថតរយៈពេល៧៧ថ្ងៃ ដោយតម្លៃខ្លួនមួយថ្ងៃៗស្មើ ជាង២លានយ័ន្ត ឬ ៣០ម៉ឺនដុល្លារ។ ចំពោះករណីរបស់តួឯកស្រីរូបស្រស់ម្នាក់នេះ ធ្ងន់ធ្ងរជាង Fan Bingbing ព្រោះអាចត្រូវពិន័យជាទឹកប្រាក់យ៉ាងច្រើនមហាសាលហើយឈានទៅដល់ជាប់ពន្ធនាគារទៀតផង។

Zheng Shuang ត្រូវអតីតមិត្តប្រុស បកអាក្រាតរឿងដែលនាងបញ្ជាឱ្យអ្នកពពោះទម្លាក់កូនដែលមានអាយុ៧ខែនៅក្នុងផ្ទៃចោលក្រោយបែកបាក់គ្នាជាមួយនឹងអតីតសង្សារធ្វើឱ្យតារាស្រីរូបនេះ រងនូវររិះគន់យ៉ាងខ្លាំងពីមហាជន រហូតរបូតតំណែង Brand Ambassador ដែលទើបតែតែងតាំងបានត្រឹម ៩ថ្ងៃ ពោលគឺថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ លើសពីនេះទៀតរដ្ឋាភិបាលប្រទេសចិន បានចេញប្រកាសហាមមានរូបតារាស្រីរូបនេះផ្សព្វផ្សាយគ្រប់បណ្ដាញផ្សព្វផ្សាយទាំងអស់នៅក្នុងប្រទេសចិន។


បន្ទាប់ពីដកខ្លួនចេញពីសិល្បៈរឿងរ៉ាវរបស់នាងបានស្ងប់ស្ងាត់មួយរយៈលុះមានករណីអតីតសង្សារចេញមកបកអាក្រាតរឿងទារថ្លៃខ្លួនកប់ពពក ហើយកំពុងត្រូវបានអាជ្ញាធរតាមដាន និង ស៊ើបអង្កេតរឿងគេចពន្ធធ្វើឱ្យឈ្មោះរបស់តារាស្រីរូបនេះត្រលប់មកផ្ទុះការចាប់អារម្មណ៍ជាថ្មីម្ដងទៀតថែមទាំងលើកនេះអាចនឹងត្រូវមានទោសតាមផ្លូវច្បាប់ថែមទៀតផង។
Zheng Shuang ទទួលបានការចាប់អារម្មណ៍និងមានប្រជាប្រិយភាពខ្លាំងបន្ទាប់ពីបានបង្ហាញវត្តមានសម្ដែងrរឿងភាគមនោសញ្ចេតនាយុវវ័យ «Love O2O» និងរឿងភាគពាក់កណ្ដាលសម័យ «The Cage of Love» ជាដើម៕