បាត់ដំបង÷យុវជន ១នាក់ដើររកត្រីនៅតាមវាលស្រែតាមទំលាប់ចាស់ ហើយធ្លាក់ចូលលូមានទឹកបោកក្បាលសន្លប់ ហើយលិចក្នុងទឹកបណ្តាលឲ្យស្លាប់។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីយុវជនម្នាក់បោកក្បាលស្លាប់នេះបានកើតឡើងនៅជិតរំលងអាធ្រាត ថ្ងៃទី ២ ឈានចូលថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ នៅចំណុចក្រុមទី ៥ ក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ជនរងគ្រោះមានឈ្មោះ ក្រើល ហៅព្រឹមព្រិយ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅក្នុងភូមិ /ឃុំកើតហេតុខាងលើ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះជាមួយបក្សពួកបានដើររកត្រីនៅតាមវាលស្រែ ហើយមិនបានមើលគ្រប់ជ្រុងជ្រោយក៏ដើរធ្លាក់ចូលក្នុងលូទឹកបណ្តាលឲ្យបោកក្បាលពេញទំហឹងទៅលើលូបណ្តាលឲ្យសន្លប់ រួមធ្លាក់ចូលទឹកក្នុងលូមួយសារទៀតបណ្តាលឲ្យស្លាប់តែម្តង។

ភ្លាមៗសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុហើយបានពិនិត្យសាកសពបង្ហាញថាយុវជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.