
«តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? ប្រសិនជាគាត់ចាក់មែននាប៉ុន្មានថ្ងៃខាងមុខ»។ នេះជាសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃអាទិត្យនេះ។
ត្រង់នេះ«សារព័ត៌មានត្រយង» សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង ហៅកាត់ថា CONMEBOL រៀបចំផែនការចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ប្រទេសចិន ឈ្មោះថា Sinovac នៅក្នុងខែឧសភា ឆ្នាំ២០២១ នេះ ឱ្យក្រុមកីឡាករបាល់ទាត់ជម្រើសជាតិនានាដែលត្រៀមចូលរួមប្រកួតក្នុងពានរង្វាន់ជើងឯកប្រចាំទ្វីប Copa América។
ទាំងកីឡាករ Messi និង Neymar សុទ្ធតែត្រូវជួយក្រុមជម្រើសជាតិរៀងៗខ្លួន ដើម្បីប្រកួតក្នុងពានរង្វាន់ Copa América នេះ។ Messi ត្រូវលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន ហើយ Neymar ជាសមាជិកក្រុមជម្រើសជាតិប្រេស៊ីល។

សម្តេចតេជោ បានបន្ថែមថា៖«តើបងប្អូនជាពិសេសយុវជនកម្ពុជា យល់យ៉ាងណាដែរ នៅពេលកីឡាករលំដាប់ពិភពលោក Messi និង Neymar ចាក់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិន? និងតើហេតុអ្វីកីឡាករទាំងពីររូបជ្រើសរើសយកវ៉ាក់សាំងចិន ជំនួសឱ្យការចាក់វ៉ាក់សាំងពីប្រទេសផ្សេងទៀត? កាលពីមុនពួកបំផ្លាញជាតិមួយចំនួនបាននិយាយថា វ៉ាក់សាំងរបស់ចិន «ចាក់សម្លាប់មនុស្ស» នៅពេលដែលខ្លួនខ្ញុំផ្ទាល់ បានសម្រេចជ្រើសរើសយកវ៉ាក់សាំងរបស់ចិន Sinopharm និង Sinovac មកចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ដើម្បីការពារអាយុជីវិតពីជំងឺដ៏កាចសាហាវកូវីដ-១៩»។
«ពេលនេះយើងអាចចោទជាសំនួរថា បើខ្ញុំមិនរឹងក្បាលស្វែងរកវ៉ាក់សាំងពីចិនដែលជាមិត្តដែកថែបរបស់កម្ពុជា និងប្រសិនគ្មានការជួយឧបត្ថម្ភពីមិត្តចិនលើការផ្គត់ផ្គត់វ៉ាក់សាំង តើយើងមានវ៉ាក់សាំងមកពីណាចាក់ជូនប្រជាជនយើង? ខ្ញុំបាននិយាយមិនតិចជាង៣ដងថា (សូមកុំបារម្ភថា វ៉ាក់សាំងមកពីប្រទេសណា តែត្រូវបារម្ភពីការអត់វ៉ាក់សាំងចាក់)។ពាក្យនេះត្រឹមត្រូវណាស់សម្រាប់ប្រទេសជាច្រើននៅលើពិភពលោក។ ករណី Messi និង Neymar ខុសពីប្រទេសនានាត្រង់ថា គាត់មានជម្រើសច្រើនគាត់ចាក់វ៉ាក់សាំងពីប្រទេសណាក៏បានហេតុអ្វីគាត់ជ្រើសយកវ៉ាក់សាំងរបស់ចិនសម្រាប់ចាក់ទៅវិញ?។ ម្នាលអ្នកនយោបាយប្រឆាំងស្ទើរភ្លើងទាំងឡាយ គួរខិតខំរៀនសូត្រឱ្យបានប្រសើរជាងនេះ។
សូមបញ្ជាក់ថាពានរង្វាន់ Copa America 2021 នឹងប្រកួតពីថ្ងៃទី១៣ មិថុនា ដល់ ១០ ខែកក្កដាឆ្នាំ២០២១ ដោយប្រទេសអាហ្សង់ទីន និងកូឡុំប៊ី ជាសហម្ចាស់ផ្ទះ។ ពូល A ធ្វើឡើងនៅប្រទេសអាហ្សង់ទីន ដោយមានម្ចាស់ផ្ទះអាហ្សង់ទីន,ប៉ូឡាវី,អ៊ុយរុយហ្គាយ,ប៉ារ៉ាហ្គាយ ចំណែកពូល B ធ្វើនៅប្រទេសកូឡុំប៊ី ដោយមានម្ចាស់ផ្ទះកូឡុំប៊ី,ប្រេស៊ីល,វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និងប៉េរូ។
ពានរង្វាន់ Copa America រៀបចំឡើងតាំងពីឆ្នាំ១៩១៦ ហើយក្រោយមកវិវត្តន៍រៀបចំនៅរាល់៣ឆ្នាំម្តង ដោយប្រទេសអ៊ុយរ៉ាហ្គាយ ឈ្នះពានរង្វាន់បានច្រើនជាងគេ គឺរហូតដល់១៥លើក ខណៈក្រុមប្រេស៊ីល ជាម្ចាស់ជើងឯកឆ្នាំចាស់កាលពីឆ្នាំ២០១៩។ ចំណែកក្រុមអាហ្សង់ទីន ធ្លាប់ឈ្នះបាន១៤លើក ក្រុមប៉ារ៉ាហ្គាយ និងឈីលី ឈ្នះបានម្នាក់២លើក និងកូឡុំប៊ី និងបូឡាវី ឈ្នះម្នាក់១លើក៕