រមណីយដ្ឋានបុរាណវិទ្យាភ្នំចាស់ ជារមណីយដ្ឋានបែបប្រវត្តិសាស្ត្រ មានទេសភាពស្រស់ស្អាតខ្យល់អាកាសបរិសុទ្ធ មានផ្ទាំងថ្មតូចធំ ដុះស្រួច ក្លាយជាផ្ទាំងទស្សនីយភាពទាក់ចិត្តភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ ភ្នំចាស់ក៏ជារមណីយដ្ឋាន​ ដ៏ទាក់ទាញសម្រាប់​អ្នកជឿលើ​អបិយជំនឿ ដែលអ្នកទេសចរមកបន់ស្រន់​រមែងសម្រេច​តាមសេចក្ដីប្រាថ្នា។

រមណីយដ្ឋាន​បុរាណវិទ្យា​ភ្នំ​ចាស់​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​​មនោរម្យ ឃុំ​ហោង​សំណុំ ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់ស្ពឺ។ បើ​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត​កំពង់​ស្ពឺ​តាម​ផ្លូវ​ជាតិ​លេខ ៤៤​ ឆ្ពោះ​ទៅ​កាន់​ទី​រួម​ស្រុក​ឱ​រ៉ាល់ ចម្ងាយ​ជាង ៣០ គីឡូម៉ែត្រ។

លោក សាម ខុន មន្រ្តីអភិរក្សរមណីយដ្ឋាន​បុរាណវិទ្យាភ្នំចាស់​ បាន​ប្រាប់​សារព័ត៌មានត្រយង​ថា ភ្នំនេះមានបារមីខ្លាំងពូកែណាស់ ហើយជារៀងរាល់ឆ្នាំអ្នកស្រុកតែងតែនាំគ្នាធ្វើបុណ្យថ្វាយម្ចាស់ភ្នំ ពីព្រោះកាលពីសម័យដើមនៅតំបន់ភ្នំចាស់នេះ គឺសុទ្ធតែជនជាតិសួយរស់នៅ និងគ្រប់គ្រងដោយមេកន្រ្ទាញខ្លាំងពូកែម្នាក់ឈ្មោះបាភ្នំ ឬមេទ័ពឈ្មោះចំរើន។

លោក សាម ខុន បានឲ្យដឹងទៀតថា រមណីយដ្ឋាននេះ មានភ្ញៀវទេសចរមកទស្សនា​ជាហូរហែ​ជាពិសេស​អ្នកមានជំនឿ តែងតែមក​បន់ស្រន់​ ហើយ​ការប៉ង​រមែង​ទទួល​បានជោគជ័យ​តាមក្ដីប្រាថ្នា។

រូបសំណាកមេកន្ទ្រាញ ឬហៅថា មេទ័ពចំរើន ឬមេទ័ពបាភ្នំ

ក្រៅពីទេសភាពស្រស់ត្រកាល ជាទីបន់ស្រន់ពូកែស័ក្ដិសិទ្ធ នៅលើកំពូលភ្នំ​នៃភ្នំចាស់ ក៏មានហ្វូងស្វាជាទីស្រឡាញ់ ទាំងតូចទាំងធំ ហើយស្វាគមន៍ភ្ញៀវទេសចរ។ ម៉្លោះហើយ​ភ្ញៀវទេសចរ​នៅពេលឡើង​កំពូល​ភ្នំកុំភ្លេច​ទិញផ្លែឈើ ជាពិសេស​ចេក ឲ្យពួកគេ​ផង។​

គួរបញ្ជាក់ថា រមណីយដ្ឋានភ្នំចាស់មានកម្ពស់ជាង200ម៉ែត្រ ចែកចេញជាបីផ្នែក គឺខ្នងភ្នំព្រះព្រហ្ម ខ្នងភ្នំព្រះពុទ្ធ និងខ្នងកិន្នរ ដែលមានក្រឡាផ្ទៃប្រមាណ 103ហិកតា។ ភ្នំចាស់ គឺជាភ្នំមួយដែលមានល្អាងជាច្រើន ប៉ុន្តែល្អាងដែលធំជាងគេ គឺល្អាងជង្រុកដែលប្រជាជនរស់នៅតំបន់នោះតែងមានជំនឿលើល្អាងភ្នំចាស់ គឺជាភ្នំធម្មជាតិមួយដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងជាទីតាំងប្រវត្តិសាស្ត្រ ដែលមានមនុស្សសម័យបុរេប្រវត្តិធ្លាប់រស់នៅ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Share.