កញ្ញា បាន មុន្នីល័ក្ខ តារាចម្រៀងប្រចាំផលិតកម្ម Town ស្រាប់តែបញ្ចេញសំណេរថា ធ្លាប់មានគេធ្វើកញ្ញាខឹងខ្លាំងដល់ថ្នាក់យំខ្លួនឯង។ តើអ្នកណាថ្លើមធំធ្វើឲ្យកញ្ញា បាន មុន្នីល័ក្ខខឹងដល់ថ្នាក់នេះ?
តារាចម្រៀងដែលមានដើមកំណើតនៅខេត្តប៉ៃលិន កញ្ញា បាន មុន្នីល័ក្ខ កាលពីថ្ងៃសៅរ៍ ទី ១ ខែ ឧសភា ម្សិលមិញនេះ បានបញ្ចេញសំណេរខ្លីមួយនៅលើបណ្ដាញសង្គម ដែលសំណេរនោះហាក់បង្ហាញនូវអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំងដែលរឿងធ្វើឲ្យអ្នកគាំទ្រជាច្រើនឆ្ងល់ថា តើអ្នកណាទៅធ្វើឲ្យតារាចម្រៀងស្រីរូបនេះខឹងនិងអន់ចិត្តដល់ម្លឹង?

«ធ្លាប់អត់? ខឹងគេខ្លាំងរហូតដល់ញ័រដៃញ័រជើង ស្រក់ទឹកភ្នែកម៉ាត់ៗទាំងយើងមិនបានចង់យំហើយមិនបានចង់អោយទឹកភ្នែកស្រក់សូម្បីតែមួយដំណក់ …ហើយអាចពិបាកក្នុងខ្លួនមួយរំពេច ដូចមនុស្សអត់បានញាំអីចឹង គឺញ័រសាច់ …»

ក្រោយសំណេរនេះបានបង្ហោះចែកចាយលើបណ្ដាញសង្គមក៏មានហ្វេនដែលជាអ្នកគាំទ្រចូលមកខមមិនលើកទឹកចិត្តកញ្ញា ព្រមទាំងមានជាពាក្យពេចន៍ពន្យល់ និង វិធីសាស្ត្រផ្សេងៗដើម្បីរំងាប់អារម្មណ៍និងកំហឹងជាដើម។ល។

ទោះជាបង្ហោះសំណេរបែបនេះក៏ពិតមែនប៉ុន្តែនៅពេលមានអ្នកសួរតើអ្នកណាហ៊ានធ្វើឱ្យកញ្ញាដ៏ស្រស់សោភារូបនេះខឹងខ្លាំងដល់ថ្នាក់យំ តែកញ្ញាមិនបានឆ្លើយតបនោះទេ គ្រាន់តែឆ្លើយតបជាពាក្យអរគុណជារួមចំពោះអ្នកដែលគាំទ្រដែលស្រលាញ់និងបារម្ភព្រមទាំងផ្ដាំផ្ញើឱ្យអ្នកគាំទ្រមើលថែរក្សាសុខភាពនិងគេចផុតពីជំងឺកូវីដ-១៩ ប៉ុណ្ណោះ។
រំលឹកឡើងវិញកញ្ញា បាន មុន្នីល័ក្ខ គឺជាតារាចម្រៀងអតីតតារាផលិតកម្មហង្សមាសក្រោយពីបានចូលរួមប្រលងកម្មវិធីប្រកួតលំដាប់ពិភពលោក The Voice Cambodia មុននឹងផ្លាស់ប្ដូរទ្រនំមកជ្រកក្រោមដំបូលផលិតកម្មថោន៕
