នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រហើយរាប់ចាប់ពីឆ្នាំ ២០១៥ មកដែលលោក Steve Harvey មិនបានធ្វើជាពិធីករក្នុងកម្មវិធីប្រកួតលំដាប់ពិភពលោកដ៏ធំ Miss Universe។
ក្រោយពន្យារពេលរៀបចំកម្មវិធីប្រកួតមួយឆ្នាំកន្លះដោយសារតែបញ្ហាជំងឺកូវីដ-១៩ រាតត្បាតខ្លាំង ទីបំផុតកម្មវិធីប្រកួតMiss Universe លើកទី៦៩នឹងរៀបចំឡើងនៅថ្ងៃទី១៦ ខែឧសភានេះ នាទីក្រុងហូលីវូដ រដ្ឋហ្ល័ររីដា សហរដ្ឋអាមេរិក (គិតតាមល្វែងម៉ោងអាមេរិក)។

ប៉ុន្តែជាចម្ងល់ឆ្នាំនេះ Steve មិនមែនជាពិធីប្រកាសក្នុងកម្មវិធីនេះដូចរាល់ឆ្នាំដែលកន្លងមកនោះទេ ព្រោះកាលពីថ្ងៃទី២០ ខែមេសា កន្លងទៅ គណៈកម្មការរៀបចំការប្រកួត MU បានប្រកាសលើបណ្ដាញសង្គមថាលោក Mario Lopez ដែលជាតារាសម្ដែង ិងជាផលិតករ នឹងចាប់ដៃគូជាមួយអតីតបវរកញ្ញាចក្រវាឡឆ្នាំ២០២១កញ្ញា Olivia Culpo ជាពិធីករក្នុងកម្មវិធី Miss Universe 2020។
ក្រោយស្ងាត់ស្ងៀមមួយរយៈខ្លីទីបំផុតលោក Steve វ័យ៦៤ឆ្នាំ បានឆ្លើយតបចំពោះការប្រកាសខាងលើតាមរយៈ Twitter បញ្ជាក់ពីរឿងនេះដោយខ្លួនលោកថា៖ «ខ្ញុំច្បាស់ជានឹកអ្នកទាំងអស់គ្នាណាស់ហើយ ប៉ុន្តែខ្ញុំនឹងជួបអ្នកទាំងអស់គ្នាវិញនៅក្នុងការប្រកួតលើកទី៧០»

បន្ទាប់ពីពិធីករដ៏ល្បីរូបនេះបានផុសគណៈកម្មការបានឆ្លើយតបចំពោះសំណេររបស់លោកវិញនៅលើ Instagram ថា៖ «ពួកយើងក៏នឹកលោកដូចគ្នា ប៉ុន្តែពួកយើងនឹងបានជួបគ្នាឆាប់ៗនេះ»។
អ្នកគាំទ្រមួយចំនួនធំបានបង្ហាញពីការខកចិត្តដែលអវត្តមានពិធីករសំណព្វចិត្តរបស់ពួកគេក្នុងកម្មវិធី តែក៏មានអ្នកផ្សេងជាច្រើនទៀតនៅធម្មតាព្រោះដឹងថាមិនមែនជាការផ្លាស់ប្ដូររហូតនោះទេគ្រាន់តែក្នុងមួយឆ្នាំនេះប៉ុណ្ណោះ។

ចំពោះមូលហេតុដែលលោក Steve មិនបានធ្វើជាពិធីករកម្មវិធីប្រកួត MU ប្រចាំឆ្នាំ២០២០ មិនត្រូវបានលោក ឬ ក៏គណៈកម្មការប្រកាសជាសាធារណៈថាមកពីហេតុអ្វីនោះទេ តែមានមនុស្សមួយភាគធំយល់ថាអាចមកពីបញ្ហាពេលវេលាជាន់គ្នាជាកត្តាចំបង។
លោក Steve គឺជាមនុស្សរវល់ខ្លាំងព្រោះលោកកាន់កម្មវិធីធំៗជាច្រើនដូចជា Family Feud និង Celebrity Family Feud ព្រមទាំងជាពិធីករ Game Show ដ៏ល្បីទាំងពីរនេះនៅ ប្រទេសអាហ្វ្រិកខាងត្បូង និង ហ្គាណាផងដែរ។
