ជម្រើស​១១នាក់​ដំបូង​របស់​កោះ​ហ្គាម

«​ដូច​ដែល​យើង​មើល​ឃើញ​ពី​ការ​វិភាគ​ទិន្នន័យ​នៃ​ការ​ប្រកួត​ក្នុង​ជើង​ទី១ គឺ​យើង​គ្រប់គ្រង​បាល់​បាន​ច្រើន​ជាង​ក្រុម​កម្ពុជា ពោល​គឺ​ចាប់​ពី​នាទី​​៣០​ រហូត​ដល់​ចប់​ការ​ប្រកួត។ នេះ​ជា​សារ​មួយ​​​ជំរុញ​យើង​សម្រាប់​​ក្ដី​សង្ឃឹម​សម្រាប់​ប្រកួត​ជើង​ទី២»។ នេះ​ជា​សម្ដី​របស់​លោក Sang Hoon Kim គ្រូ​បង្វឹក​របស់​ក្រុម​​ជម្រើស​ជាតិ​ហ្គាម បង្ហាញ​ពី​ក្ដី​សង្ឃឹម​វាយ​បក​លើ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ជើង​ទី២។

កម្ពុជា ជួប​កោះ​ហ្គាម ចំនួន២ជើង ដើម្បី​ស្វែង​រក​កៅអី​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​​ទី៣ នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អាស៊ី 2023 AFC Asian Cup ដែល​មាន​២២​ក្រុម​កំពង់​រង់ចាំ។ ជើង​ទី១ នៅ​​ថ្ងៃ​ទី​​៩ ខែ​តុលា ឆ្នាំ​២០២១ ថ្មីៗ​នេះ​កម្ពុជា បាន​យក​ឈ្នះ​កោះ​ហ្គាម ១-០ ហើយ​ជើង​ទី២ ក្រុម​ទាំង​២​ត្រូវ​ជួប​គ្នា​នៅ​វេលា​ម៉ោង​១១:៣០នាទី​យប់​ថ្ងៃ​ពុធ​ទី​១២ តុលា ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន Khalifa Sports City Stadium ក្នុង​ទីក្រុង Isa Town ប្រទេស​បារ៉ែន (ទឹក​ដី​កណ្ដាល)។

ការ​ប្រកួត​នេះ​មាន​ផ្សាយផ្ទាល់​នៅ​លើ​ហ្វេសប៊ុក​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ផង​ដែរ។ ក្រុម​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នឹង ឈាន​ទៅ​ជុំ​ទី៣ ជា​បន្ត។

នៅ​លើ​វិបសាយ​សហព័ន្ធ​កីឡា​បាល់ទាត់​ហ្គាម គ្រូ​បង្វឹក​កូរ៉េខាងត្បូង រូបនេះ​បន្ថែម​ថា​៖«លទ្ធផល​ជើង​ទី១ យើង​ពិត​ជា​ខក​ចិត្ត ប៉ុន្តែ​​យើង​មាន​ពេល​ប៉ុន្មាន​ដើម្បី​កែប្រែ​​កំហុស​មុន​ការ​ប្រកួត​​ដ៏​សំខាន់​ក្នុង​ជើង​ទី២​មក​ដល់។ បញ្ហា​ប្រឈម​របស់​យើង​គឺ​ការ​បញ្ចប់​ទី​របស់​គូ​ប្រកួត»។

ប្រធាន​និង​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ Jason Cunliffe ក្នុង​ក្រុម​មាន​រហ្សនាម​ថា Matao និង​កីឡាករ​ក្នុង​ក្រុម​សុទ្ធសឹងតែ​រង់ចាំ​ការ​ប្រកួត​ជើង​ទី២​មក​ដល់​ទាំង​អស់​គ្នា។ កោះ​ហ្គាម ត្រូវ​ការ​គ្រាប់​បាល់​ជា​ខ្លាំង​ដើម្បី​វាយ​បក​លើ​ក្រុម​កម្ពុជា ក្នុង​គ្រាប់​បាល់​ក្រៅ​ដី (Away Goal)។

សូម​បញ្ជាក់​ថា​ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ​មាន​តែ​២គូ​ប៉ុណ្ណោះ គឺ​កម្ពុជា ជួប​កោះ​ហ្គាម ហើយ​ឥណ្ឌូណេស៊ី ជួប​តៃវ៉ាន់។ ពេល​នេះ​ឥណ្ឌូណេស៊ី បាន​ឡើង​ទៅ​ជុំ​បន្ត​មុន ក្រោយ​យកឈ្នះ​លើ​កោះ​តៃវ៉ាន់ ទាំង​២ជើង ដោយ​លទ្ធផល ៥ទល់១។ អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ មាន​ឈ្មោះ​ឡើង​ទៅ​បង្គ្រប់​ក្រុម​ទាំង​២២​ដែល​កំពុង​អង្គុយចាំ ដើម្បី​ចែក​ពូល​​ ក្នុង​១ពូល​មាន​៤ក្រុម។

ពានរង្វាន់ 2023 AFC Asian Cup នឹង​រៀបចំ​នៅ​ប្រទេស​ចិន ក្នុង​ឆ្នាំ​២០២៣ ហើយ​ពេល​នេះ​មាន​ក្រុម​ចំនួន​១៣ក្រុម​ហើយ កក់កៅអី​បាន​មុន​គេ ខណៈ​ក្រុម​ចំនួន២៤មាន​ឈ្មោះ​ប្រកួត​នៅ​វគ្គ​ជុំ​ចុងក្រោយ​នេះ៕

Telegram-Troryorng
Share.