បុរសម្នាក់ក្រោយពីដួលម៉ូតូខ្លួនឯង រងរបួស សុខចិត្តដេកសំងំឈឺតែម្នាក់ឯង បាត់២ថ្ងៃ ស្រាប់តែប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កឲ្យភ្ញាក់ផ្អើល នៅបន្ទប់ជួលលេខ8B ជាន់ទី១ ក្រុម១ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦ និង ២០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

សពមានឈ្មោះ អ៊ុច សំអុល ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរ សន្តិសុខ ក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុ តែម្នាក់ឯង រយៈពេលជាង៣ឆ្នាំមកហើយ មានស្រុកកំណើតនៅឯខេត្តកំពង់ធំ ។

តាមប្រជាពលរដ្ឋ អ្នកស្នាក់នៅក្បែរខាង ធ្លាប់ស្គាល់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ ដួលម៉ូតូខ្លួនឯង រងរបួស ២ថ្ងៃមកហើយ មិនបានទៅធ្វើការងារ ហើយក៏មិនបានទៅពេទ្យដែរ សុខចិត្តដេកនៅសំងំឈឺម្នាក់ឯងក្នុងបន្ទប់។ អ្នកជិតខាងប្រាប់ឲ្យទៅពេទ្យដែរ តែគាត់ចេះតែថាមិនអីទេ ស្រាប់តែនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ត្រូវបានអ្នកស្នាក់នៅបន្ទប់ជិតខាងប្រទះឃើញដេកស្លាប់ព្រោះថាបន្ទប់របស់ជនរងគ្រោះមិនបានបិទទ្វារ បិទបង្អួចឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅសាកសួរ និងសមត្ថកិច្ចជំនាញចុះទៅពិនិត្យកោសល្យវិច័យ ហើយគ្រូពេទ្យយកសំណាកតេស្ត ស្រាប់តែលទ្ធផលវិជ្ជមានកូវីដ-១៩ ទើបសហការជាមួយក្រសួងសុខាភិបាលចាត់ចែងបន្តទៅតាមវិធានការសុខាភិបាល ៕

អត្ថបទ៖ តាតុងពោធិ៍សែនជ័យ

Share.