រយៈពេលប្រមាណ ៣ឆ្នាំ ដែលតារាចម្រៀងប្រចាំផលិតកម្មថោន លោកករុណាពេជ្រ បានបំពេញតួនាទីជាកូនកត្តញ្ញូមើលថែរក្សាលោកឪពុកដែលមានជំងឺរ៉ាំរ៉ៃ រហូតក្លាយជាមនុស្សរុក្ខជាតិ តែនៅទីបំផុតលោកឪពុកដ៏មានគុណរបស់លោកនៅតែទទួលមរណ.ភាពចោលលោកដដែល។
អ្នកគាំទ្រ មិត្តភក្ដិ ក៏ដូចជាសាធារណជនមួយចំនួនបានដឹងហើយថាឪពុកបង្កើតលោក ករុណា ពេជ្រ មានជំងឺរ៉ាំរ៉ៃ និងក្លាយជាមនុស្សរុក្ខជាតិមួយរយៈហើយ ប៉ុន្តែតារាជាកូនកត្តញ្ញូរូបនេះនៅតែមានក្ដីសង្ឃឹម ហើយបន្តព្យាបាលលោកឪពុករបស់ខ្លួនរហូតមក ប៉ុន្តែគ្រប់យ៉ាងសុទ្ធតែមានពេលវេលាកំណត់ ព្រោះទោះជាប្រឹងប្រែងទប់ស្កាត់យ៉ាងណា ក៏មិនអាចឃាត់ជាប់ ទីបំផុតលោកឪពុករបស់លោកបានទទួលអនិច្ច.កម្មកាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះហើយ។
លោក ករុណា ពេជ្រ គឺជាអ្នកបញ្ជាក់ដំណឹងដ៏សែនក្រៀមក្រំនេះដោយខ្លួនឯង តាមរយៈការចែករំលែកមរណទុក្ខរបស់ខ្លួននៅលើបណ្ដាញសង្កម ដោយលោកបានរៀបរាប់ដោយក្ដីឈឺចាប់ថាលោកឪពុកលោកបានស្លាប់បាត់បង់ជីវិត និងសូមប្រាថ្នាជាតិក្រោយលោកចង់កើតជាកូនប្រុសរបស់ឪពុកលោកម្ដងទៀត៖ «ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយសូមប៉ា ទៅអោយសុខបើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…»។
សារព័ត៌មានត្រយងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយនឹងតារាចម្រៀង ករុណា ពេជ្រ ដែលបានបាត់បង់លោកឪពុកជាទីគោរពស្រលាញ់៕