តារា​ចម្រៀង​ ហេង​ ពិទូ​ បាន​ចេញ​មក​បញ្ជាក់​ដោយ​ខ្លួន​លោក​​ផ្ទាល់​ក្រោយ​មាន​មនុស្ស​មួយ​ភាគ​ធំ​មាន​ការ​យល់​ច្រឡំ​ថា​លោក​ទទួល​បាន​ការ​តែងតាំង​ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ កាល​ពី​ពេល​ថ្មីៗ​នេះ​។

ដំណឹង​តារា​ចម្រៀង​ ហេង ពិទូ​ ស្ងាត់ៗ​ស្រាប់​តែ​ឡើង​តំណែង​មាន​មុខ​ងារ​ និង​តួនាទី​មាន​ការ​ល្បីល្បាញ​យ៉ាង​ខ្លាំង​​រហូត​មាន​អ្នក​គាំទ្រ​ និង​អ្នក​ដែល​ស្គាល់​រាប់​អាន​លោក​បាន​ចូលទៅ​អបអរសាទរ​តារា​ចម្រៀង​រូប​​នេះ​យ៉ាង​ច្រើន​ រហូត​ធ្វើ​ឱ្យ​សាមី​ខ្លួន​មិន​អាច​សម្ងំ​ស្ងៀម​​បាន ទើប​លោក​ដាច់​ចិត្ត​ចេញ​មក​ប្រកាស​ច្រាន​ចោល​ដំណឹង​ក្លាយ​ជា​ឯកឧត្តម​របស់​ខ្លួន​។

កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​តុលា ម្សិលមិញនេះ​ យោងតាម​ការ​បញ្ជាក់​នៅ​លើ​ផេក​របស់​តារា​ចម្រៀង​រូប​នេះ​លោក​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​ដែល​ជូនពរ​លោក ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់​ច្បាស់​ៗ​ក្នុង​នោះ​ដែរថា​ មិនមែន​ជា​លោក​នោះ​ទេ​។ «អរគុណ​ សំរាប់ការជូនពរខ្ញុំ​ តែខ្ញុំចង់ប្រាប់ថា​ មិនមែនជាខ្ញុំទេ​ ឈប់យល់ច្រឡំទៀតទៅ»​

ការ​ដែល​មហាជន​មាន​ការ​យល់​ច្រឡំ​ថា​លោក​ ហេង ពិទូ​ ឡើង​ស័ក្តិ​មាន​ឋានន្តរសក្តិ​ជា​ឯកឧត្តម​នេះ​ ដោយសារ​តែ​កាល​ពី​ពេល​ថ្មីៗ​នេះ​ នៅ​ក្នុង​ព្រះរាជក្រឹត្យ​របស់​ព្រះករុណាសម្ដេច​ព្រះ​បាទ​នរោត្តម​សីហមុនី​ បាន​ត្រាស់​តែង​តាំង​ ឈ្មោះ​ ឯកឧត្តម​ ហេង ពិទូ ឱ្យ​កាន់​តួនាទី​ជា​ អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ៕

Telegram-Troryorng
Share.