សកម្មភាព​ប្រកួត​របស់​កម្ពុជា (សឆ្នូត​ក្រហម) ទល់​នឹង​កោះហ្គាម

នៅ​រសៀល​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ធ្វើ​សន្និសិទ​សារព័ត៌មាន​មួយ​ជុំ​វិញ​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩ អំឡុង​ពេល​ហ្វឹកហាត់​និង​ប្រកួត​​​ជម្រុះ​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup 2023 នៅ​ប្រទេស​បារ៉ែន ដែល​ជា​ទឹកដី​កណ្ដាល។

ជា​លទ្ធផល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​យក​ឈ្នះ​លើ​កោះ​ហ្គាម ដោយ​លទ្ធផល​ទាំង​២ជើង ៣ទល់១ (ជើង​ទី១ ឈ្នះ​១ទល់០) ហើយ​​ដឹកដៃ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ឡើង​ទៅ​ជុំ​បន្ទាប់ ដែល​មាន​ក្រុម​២២​កំពុង​តែ​រង់ចាំ។

ងាក​មក​ស្ថានភាព​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា វិញ​មាន​កីឡាករ​សំខាន់ៗ​ចំនួន​៦​រូប​បាន​ទទួល​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ដោយ​ក្នុង​នោះ​មាន ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, កែវ សុខសិលា, សឿយ វិសាល, សារ៉េត គ្រីយ៉ា និង អ៊ាន ពិសី។

នៅ​ក្នុង​សាលសន្និសិទ​ព័ត៌មាន ដែល​បក​ស្រាយ​ដោយ​លោក ភា សុភត្រា ដែល​ជា​គ្រូ​ជំនួយ និង​លោក ឈូក ពិសិដ្ឋ ជា​អ្នកចាត់ការ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បញ្ជាក់​ថា​ កីឡាករ​ទាំង​៦​រូប​នេះ​​ត្រូវ​ស្នាក់​នៅ​សម្រាក​ព្យាបាល ក្នុង​ប្រទេស​បារ៉ែន​សិន ខណៈ​ប្រតិភូ​និង​មិត្តរួម​ក្រុម​ផ្សេង​ទៀត​ត្រូវ​​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​នេះ​មុន ក្នុង​ថ្ងៃ​ព្រហស្បតិ៍ នេះ​ផ្ទាល់។

តំណាង​ក្រុម​ទាំង​២​បាន​បញ្ជាក់​ពី​ស្ថានភាព​កីឡាករ​ទាំង​៦រូប​ដែល​ត្រូវ​សម្រាក​ព្យាបាល​សុខភាព​ក្នុង​ប្រទេស​តំបន់​មជ្ឈិមបូព៌ា​មួយ​នេះ​ចំនួន​​១០ ថ្ងៃ​​សិន។ «កីឡាករ​មិន​ទៅ​ពេទ្យ​ទេ គឺ​នៅ​​សម្រាក​ព្យាបាល​ដាច់​ដោយ​​ឡែក ក្នុង​សណ្ឋាគារ មួយ​កន្លែង​ក្នុង​ប្រទេស​បារ៉ែន។ ដោយ​សារ​កីឡាករ​ទាំង​អស់​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ហើយ​​បញ្ហា​វិជ្ជមាន​ជំងឺ​កូវីដ-១៩​​នេះ​ មិន​បាន​រំខាន​ធ្ងន់ធ្ងរ​ដល់​សុខភាព​​ពួក​គាត់​នោះ​ឡើយ​ ប៉ុន្តែ​ការ​ស្នាក់នៅ​ដាច់ដោយឡែក កុំ​មាន​មាន​ការ​ឆ្លង​រីក​រាល​ដាល»។

ចំពោះ​ប្រតិភូ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​បារ៉ែន នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ​ដោយ​ឆ្ពោះ​ទៅ​កាន់​​ទីក្រុង​ឌូប៉ៃ ប្រទេស​អារ៉ាប់រួម មុន​ប្តូរ​ជើង​ហោះហើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី។ ដល់​ប្រទេស​សិង្ហបុរី សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ ហើយ​សមាជិក​​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​ត្រូវ​បន្ត​ទៅ​ប្រកួត​ជម្រុះ​ជើង​ឯក​ទ្វីប​អាស៊ី 2022 AFC U-23 Asian Cup ក្នុង​ពូល K នៅ​ប្រទេស​ជប៉ុន ជាបន្ត។

ជម្រើស១១នាក់ដំបូង​របស់​កម្ពុជា ក្នុង​ជើង​ទី១​ទល់នឹង​​កោះហ្គាម

ក្នុង​ពូល K កម្ពុជា ស្ថិត​នៅ​ជាមួយ​ម្ចាស់​ផ្ទះ​ជប៉ុន និង​ហុងកុង ខណៈ​កូរ៉េខាងជើង បាន​ប្រកាស​ដក​ខ្លួន។

«មិន​មាន​មន្រ្តី​នៅ​មើល​ថែ​កីឡាករ​ទាំង​៦នាក់​នោះ​ទេ។ ប៉ុន្តែ​​អំឡុង​ពេល​សម្រាក​ព្យាបាល ឬ ប្រសិន​បើ​១០​ថ្ងៃ​ក្រោយ​ស្ថានភាព​សុខភាព​អ្នក​ទាំង​៦ បាន​​ជា​សះស្បើយ នោះ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​​កីឡា​បាល់ទាត់​បារ៉ែន ក្រសួងសុខាភិបាល​បារ៉ែន និង​រាជរដ្ឋាភិបាល​បារ៉ែន នឹង​ជួយ​​សម្រួល​ដល់​កីឡាករ​កម្ពុជា ត្រឡប់​មក​មាតុភូមិ​វិញ ដោយ​សុវត្ថិភាព»។ មន្ត្រី​ទាំង​២​ថ្លែង​ក្នុង​សន្និសីទសារព៌តមាន។

មន្រ្ដី​តំណាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បន្ត​ថា៖«មូលហេតុ​ដែល​​មាន​ការ​​យឺតយ៉ាវ​ក្នុង​ការ​ជូនដំណឹង​ពី​ស្ថានភាព​​កីឡាករ​របស់​ជម្រើស​ជាតិ​កម្ពុជា វិជ្ជមាន​ជំងឺ​កូវីដ-១៩ ដោយ​សារ​​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​​ក្រុម​មុន​ការ​ប្រកួត ជា​ពិសេស​គឺ​នៅ​​ក្នុង​ជើង​ទី២​ផ្ទាល់​តែ​ម្ដង ព្រោះ​មិន​ត្រូវ​ឱ្យ​គូ​ប្រកួត (កោះ​ហ្គាម) បាន​​​ដឹង​ពី​ស្ថានភាព​ក្រុម​របស់​យើង ​មុន​ការ​ប្រកួត​នោះ​ទេ»។

សារព័ត៌មាន​ត្រយង សូម​ជូនពរ​ឱ្យ​ក្រុម​កីឡាករ​កម្ពុជា ទាំង​៦រូប​ដែល​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ប្រទេស​បារ៉ែន ឆាប់​ជា​សះស្បើយ​ឡើង​វិញ ព្រម​ទាំង​ត្រឡប់​មក​មាតុភូមិ​វិញ​ដោយ​សុវត្តិភាព និង​សូមជូនពរ​អ្នក​ដែល​ត្រឡប់​មក​វិញ និង​បន្ត​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន សូម​មាន​សុខភាព​ល្អ និង​​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ផង​ដែរ៕

ខាងក្រោម​ជា​វីដេអូ​ក្នុង​សន្និសិតសារព័ត៌មាន​ទាំង​ស្រុង៖

Telegram-Troryorng
Share.