អ្នក​ដឹកនាំ​ល្បី​លោក​ កៅ សីហា កាល​ពី​ពេល​ថ្មី​ៗ​ធ្លាប់​បាន​បង្ហោះ​រូប​ភាព​ក្រុង​ពាលី​ថត​រឿង​បុរាណ​ថ្មី​មួយ​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តារា​ប្រុស​ស្រី​ចាស់​ក្មេង​កំពុង​ពេញ​និយម​ ប៉ុន្តែ​សុខៗ ស្រាប់​តែ​លោក​ចេញ​មក​បញ្ចេញ​កំហឹង​លក្ខណៈ​ឆេះ​ដុំ​ព្រោះ​តែ​មាន​តារា​ខ្លះ​លេង​ចរិត​ដាក់​លោក​។ នេះ​បើ​យោង​តាម​បង្ហោះ​របស់​លោក​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កា​ល​ពី​​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​។

បើ​មើល​លើ​ការ​រៀបរាប់​ដ៏​វែង​អន្លាយ​របស់​អ្នក​ដឹកនាំ​រូបនេះ​បាន​បង្ហាញ​ពី​ការ​មិន​​សប្បាយ​ចិត្ត​និង​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​តួ​អង្គ​ខ្លះ​ដែល​សម្ដែង​និង​ថត​ឱ្យ​រឿង​ភាគ​របស់​លោក​ ព្រោះ​តែ​បញ្ហា​ឱ្យ​ថ្ងៃ​ថត​ជាន់​គ្នា​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ងារ​ថត​រឿង​របស់​លោក​យ៉ាង​ខ្លាំង​ ទើប​ធ្វើ​ឱ្យ​អ្នក​ដឹកនាំ​រឿង​រូប​នេះ​បង្ហូរ​បញ្ចេញ​កំហឹង​តាម​រយៈ​បណ្ដាញ​សង្គម​ ដើម្បី​ជា​ការ​ព្រមាន​ជៀសវាង​មាន​បញ្ហា​បែបនេះ​កើត​ឡើង​ជា​បន្ត​ទៀត​។

«តួខ្លះ អាងខ្លួនថតហើយ ជាប់រ៉ាក់គ័រ គិតថាចង់កូរខ្ញុំបានតាមអំពើចិត្តមែន? ឬក៏ចង់ល្បីលើសពីជំនាញសម្ដែងកុន? មកឲ្យបញ្ជាឲ្យខ្ញុំរុះរើថ្ងៃថតដើម្បីតែអ្នកឯងម្នាក់ ហើយប៉ះពាល់គេម៉ារឿង យកលេសជ្រុលឲ្យថ្ងៃខាងគេ ខាងគេជួលទីតាំងថតសម្រាប់ខ្លួនអស់លុយច្រើន! ហើយចុះម៉េចខាងខ្ញុំ ទីតាំងថតfree freeមែន? ផ្ដាំឲ្យដូចសូត្រមេសូត្រ ថាមុនទទួលការងារអ្វីក៏ដោយ សូមឲ្យដំណឹងខាងខ្ញុំផង ជៀសវាងជាន់ថ្ងៃគ្នា ហើយជាក់ស្ដែងអាថ្មីៗនេះ គួរណាស់តែគិតថា ខាងខ្ញុំផ្អាកថតយូរក្រែលដែរហើយ ដោយសារសៀមរាប បិទខ្ទប់ និងភ្ជុំភ្ជរ ត្រូវយល់ថា ខាងខ្ញុំនឹងរៀបថ្ងៃចេញថតវិញហើយ ហើយខ្ញុំក៏តែងរំលឹកក្នុងគ្រុបទៀតថា មុនទទួលការងារផ្សេង ទម្លាក់ថ្ងៃឲ្យខាងគេ សូមប្រាប់ខ្ញុំមុនផង។ ទីបំផុតនៅតែកើតមាន ឬក៏អាងថាខ្លួនថតជាប់រ៉ាក់គ័រហើយ ធ្វើអីតាមអំពើចិត្ត? កុំភ្លេចណា ថា កុងត្រា ផ្ដិតមេដៃ មានត្រឹមត្រូវ! ឬក៏ខ្ញុំស្លូតពេក?»

ការ​លើក​ឡើង​ខាង​លើ​របស់​លោក​នេះ​ គឺជា​ការ​រំលឹក​ និង​ដាស់តឿន​ដើម្បី​កុំ​ឱ្យ​ពេល​ក្រោយ​មាន​បញ្ហា​ដដែល​ជា​ដដែល​នេះ​កើត​ឡើង​ជា​បន្ត​ ព្រោះ​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ការងារ​ទាំង​មូល​។

បន្ទាប់​ពី​បញ្ចេញ​កំហឹង​លើ​បណ្ដាញ​សង្គម​រួច អ្នក​គាំទ្រ​និង​មិត្ត​ភក្ដិ​បាន​ចូល​មក​ខមមិន​ លើក​ទឹក​ចិត្ត​ និង​ផ្ដល់កម្លាំង​ចិត្ត​ចំពោះ​លោក​ ដោយ​មាន​អ្នក​ខ្លះ​ថែម​ទាំង​ពោល​អាណិត​អាសូរ​ចំពោះ​លោក​ដែល​ត្រូវ​ហត់​ទាំង​កាយ​ ទាំង​ចិត្ត​ និង​ខួរ​ក្បាល ហើយ​អាច​និយាយ​បាន​ថា​ការងារ​ជា​អ្នក​ដឹកនាំ​សម្ដែង​របស់​លោក​​មិនមែន​ជា​ការងារ​មួយ​ស្រួល​ៗ​ សប្បាយ​ៗ​ដូច​ការ​មើល​ឃើញ​ពី​ខាង​ក្រៅ​នោះ​ឡើយ​៕

សារព័ត៌មាន​ត្រយង​បាន​ទំនាក់ទំនង​ទៅ​កាន់​លោក​ដើម្បី​សុំ​ការ​បកស្រាយ​ចំពោះ​ការ​លើក​ឡើង​ខាង​លើ​រប​ស់​លោក ប៉ុន្តែ​ទំនាក់ទំនង​ទៅ​កាន់​ទូរស័ព្ទ​លោក​ជាប់​រវល់​រហូត​៕

Telegram-Troryorng
Share.