ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ជាប់ពាក់ព័ន្ធបទល្មើសលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្រោយពីសមត្ថកិច្ចឃាត់ហៅនាំមនុស្ស៧នាក់ទៅសាកសួរ កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅផ្ទះជួល ផ្លូវបេតុង ក្រុម២ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជុំវិញករណីចោរកម្ម លួចម៉ូតូបាត់អស់៤គ្រឿង ក្នុងមួយយប់ ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ គឹម បូរិន ហៅកោប ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ដើររើស អេតចាយ ស្នាក់នៅបន្ទប់ជួលលេខ១៨ ចំណុចខាងលើ មានស្រុកកំណើតភូមិប៉ឺស ឃុំប៉ឺស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ធ្លាប់ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែពី បទលួច ។

ក្នុងនោះសមត្ថកិច្ចដកហូតបានសម្ភារសម្រាប់ឆ្កឹះសោ ដបថ្នាំសម្រាប់ជក់គ្រឿងញៀន ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីកើតមានក្រុមចោរ ធ្វើសកម្មភាពឆ្កឹះសោទ្វារចូលលួចម៉ូតូ អស់៤គ្រឿងក្នុងមួយយប់ រួចមក កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ រហូតដល់ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កម្លាំងចុះទៅហៅឃាត់នាំក្រុមអ្នកដើររើសអេតចាយពេលយប់ៗ ចំនួន ៧នាក់ ស្នាក់នៅផ្ទះជួលទីតាំងខាងលើ សាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ តាមនីតិវិធី។ ដល់រសៀលថ្ងៃដដែល សមត្ថកិច្ចរកឃើញជនសង្ស័យម្នាក់ ជាបក្ខពួកក្រុមជន សង្ស័យ លួចម៉ូតូ ទើបឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ចំណែកមនុស្ស៦នាក់ ផ្សេងទៀត ក្រោយពីសាកសួរ ពុំមានពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចអនុញ្ញាតិឲ្យវិលត្រឡប់ទៅ ផ្ទះវិញ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.