ក្រុម​បាល់ទះ​វិសាខា អាវ​ទឹកសមុទ្រ

នៅ​សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់​​បាល់ទះ Special Volleyball Challenge 2021 មក​ដល់​ហើយ​ ដោយ​សមាគម​បាល់ទះ​វិសាខា ត្រូវ​ជួប​ក្រុម​ក្រុម​បាល់ទះ PS Concrete លើ​ទីលាន​ពហុ​កីឡដ្ឋាន​ព្រីសន៍ (ម្ដុំ​ហ្រ្គេន​ភ្នំពេញ) ខណៈ​គ្រូ​បង្វឹក​របស់​ក្រុម​ទាំង​២​សុទ្ធ​តែ​លើក​ឡើង​ពី​ទស្សនៈ​ខុស​គ្នា​មុន​ជំនួប​តានតឹង​មក​ដល់។

ប្រាប់​មក​កាន់​ក្រុម​ការងារ​សារព័ត៌មាន​​ត្រយង លោក នៅ សាម៉េត គ្រូ​បង្វឹក​ក្រុម​សមាគម​បាល់ទះ​វិសាខា បាន​លើក​ឡើង​ថា៖«គ្រប់​គ្នា​ដឹង​ថា​ហើយ​នេះ​ជា​វគ្គ​តានតឹង។ ការ​ប្រកួត​គឺ​ត្រូវ​ការ​ឈ្នះ​រៀងៗខ្លួន។ តែ​យើង​ក៏​ត្រូវ​​តែ​​លេង​​ឱ្យ​អស់​ពី​សមត្ថភាព​ដូចគ្នា។ ក្រុម​ដែល​ឡើង​មក​ដល់​វគ្គ​នេះ​គឺ​ជា​ក្រុម​មាន​សមត្ថភាព​ដូចគ្នា។ ប៉ុន្ដែ​សម្រាប់​ពួក​យើង​គឺ​ត្រូវការ​ជ័យជម្នះ​ជា​ចាំបាច់ ដើម្បី​ឈ្នះ​ពាន»។

លោក នៅ សាម៉េត មាន​សមាជិក​ក្រុម​ដូចជា សួន ចាន់ណារ៉ូ, គូន ម៉ុម,វឿន វាសនា,សឿន ហេង, មួន និមល និង​​ឈឹម ឈាងនី។ គិត​ត្រឹម​ពេល​នេះ​ក្រុម​វិសាខា មិន​ទាន់​ស្គាល់​បរាជ័យ​ទាល់តែ​សោះ។

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា៖«យើង​ដឹង​ហើយ​ថា​នេះ​ជា​ការ​ប្រកួត​ ដែល​លេង​តំណាង​ក្រុម​រៀង​ខ្លួន អ្នក​ណា​ខ្លាំង​ជាង​គឺ​ឈ្នះ​ពាន។ យើង​មិន​មាន​​ការ​យោគយល់​​គ្នា​ទេ បើ​វ៉ៃ​ដាច់​បាន​គឺ​ដាច់។ ពេល​ចូល​ទីលាន​គឺ​ប្រកួត​​ដើម្បី​ក្រុម​រៀង​ខ្លួន តែ​ចេញ​ពី​ទីលាន​ជា​រឿង​ផ្សេង​មួយ​ទៀត។ សម្រាប់​ខ្ញុំ​បាន​រៀបចំ​កូន​ក្រុម​រួចហើយ កូន​ក្រុម​ខ្ញុំ​វិញ​រីករាយ​ដែល​​បាន​ឡើង​មក​ដល់​វគ្គ​នេះ ហើយ​ត្រៀម​ខ្លួន​១០០%ហើយ​សម្រាប់​ការ​ប្រកួត​នេះ»។

ដោយ​ឡែក​លោក ម៉ី រស្មី គ្រូ​បង្វឹក​ក្រុម PS Concrete វិញ​បាន​​លើក​ឡើង​ដែរ​ថា៖«នេះ​ជា​រឿង​​នឹក​ស្មាន​​ដល់​ថា​យើង​មក​ជួប​គ្នា​នៅ​វគ្គ​នេះ តែ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ជាក់​ឱ្យ​ឃើញ​ពី​សមត្ថភាព​ក្រុម»។ កូន​ក្រុម​របស់​​បុរស​ដែល​ធ្លាប់​ចេញ​ទៅ​ប្រកប​អាជីព​ប្រទេស​ថៃ រូប​នេះ​មាន​ ពិន សារុន, ខឹម សុវណ្ណដារ៉ា, ឡាង រាសីកែវ, ផុល រតនៈ,​ម៉ន សុខនាង និង គង់ ពិសិដ្ឋ។

ក្រុម PS Concrete

កាល​ក្នុង​វគ្គ​ចែក​ពូល ក្រុម PS Concrete បាន​យក​ប្រកួត​ចាញ់​​លើ​ក្រុម​​​វិសាខា ម្តង​មក​ហើយ​ដោយ​លទ្ធផល​២ សិត​ទល់០ ខណៈ​លោក​ ម៉ី រស្មី បញ្ជាក់​ថា៖«ចំពោះ​ការ​ខ្វះខាត​របស់​កូន​ក្រុម​បើ​ប្រៀបធៀប​ទៅ​ក្រុម​វិសាខា គឺ​ខុស​គ្នា​ឆ្ងាយ ព្រោះ​បើ​​មើល​ទៅ​ក្រុម​វិសាខា ​រក​មិន​ឃើញ​ចំណុច​ខ្វះខាត​សោះ»។

សូម​បញ្ជាក់​ថា​ការ​ប្រកួត​វគ្គ​​ចុងក្រោយ​នេះ​មាន​ចំនួន២គូ​គឺ៖
-វគ្គ​ចំណាត់​ថ្នាក់​លេខ៣ ក្លិប​បាល់ទះ​ក្រសួង​មហាផ្ទៃ ប៉ះ ក្រុម​បាល់ទះ​អធិរាជ​ប្រអប់ ម៉ោង​២រសៀល
-វគ្គ​ផ្ដាច់ព្រ័ត្រ សមាគម​បាល់ទះ​វិសាខា ប៉ះ ក្រុម​បាល់ទះ​ PS Concrete ម៉ោង​៣:៣០នាទី​រសៀល

សូម​បញ្ជាក់​ថា​មាន​ក្រុម​ចំនួន​១១ ក្រុម​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ Special Volleyball Challenge 2021 ដោយ​ក្នុង​នោះ​ពូល A មាន​ក្លិបបាល់ទះ S&E Cambodia, ក្លិប​បាល់ទះ​កោះដាច់, ក្លិប​បាល់ទះ​កងពល​អន្តរាគមន៍​លេខ​៣,​ក្លិប​បាល់ទះ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,​ក្លិប​បាល់ទះ PS Concrete និង​សមាគមបាល់ទះវិសាខា។ ពូល B មាន ក្លិប​បាល់ទះ​គង់​នៅ​វត្ត​ប្រាសាទ,​ក្លិប​បាល់ទះ​ក្រសួង​មហាផ្ទៃ,​ក្លិប​បាល់ទះ​យុវជន​ស្រុកល្វាឯម,​ក្លិបបាល់ទះអធិរាជប្រអប់ និង​ក្លិបបាល់ទះយុវជនខេត្តបន្ទាយមានជ័យ។

ការ​ប្រកួត​សន្សំ​ពិន្ទុក្នុងពូល​ពីថ្ងៃទី២៤ កញ្ញា ដល់ថ្ងៃទី១០ តុលា ឆ្នាំ២០២១ ដោយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​និង​លេខ​២​តាម​ពូល​នីមួយៗ​ មាន​ឈ្មោះ​ឡើង​​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បន្ត​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្រុម​ជើង​ឯក​នឹង​ទទួល​បាន​​ពាន​ចំនួន​មួយ និងថវិកាចំនួន ១០លានរៀល ក្រុម​ជើង​ឯក​រង​ទទួល​បាន​រង្វាន់​ជា​ថវិកា​ចំនួន ៨លានរៀល និង​ក្រុម​ចំណាត់ថ្នាក់លេខ៣ ទទួល​រង្វាន់ជាថវិកាចំនួន ៦លានរៀល។

ក្រៅ​ពី​នោះ​គណៈកម្មការ​ក៏​មាន​ការ​ជ្រើសរើស​កីឡាករ​សម្រាប់​ពានរង្វាន់​ឯកត្តជន​ដែរ​ដោយ​កីឡាករ​វាយ​ប្រយុទ្ធ​ល្អ​ជាង​គេ (The Best Spiker),កីឡាករ​លើក​បាល់​ល្អ​ជាង​គេ (The Best Blocker) និង​កីឡាករ​ឆ្នើម (MVP), កីឡាករ​​លើក​ល្អ​ជាង​គេ (The Best Setter), កីឡាករ​វាយ​សេវា​ល្អ​ជាង​គេ (The Best Server) និង​ក្រុម​ដែល​ប្រកួត​ដោយ​យុត្តិធម៌ (Fair Play) ដែល​ផ្ដល់​ជូន​ជា​ពានរង្វាន់​ចំនួន​ម្នាក់១ អម​ដោយ​រង្វាន់​ជាថវិកាចំនួន ៤សែនរៀល៕

Telegram-Troryorng
Share.