រថយន្តឡិចស៊ីសRX300មួយគ្រឿងរងខូចខាតបែកខ្ទេចអស់មួយចំហៀង ខណៈដែលកំពុង បើកសុខៗ ស្រាប់តែមានរថយន្តកុងតឺន័រ របូតកង់ក្រោយ បោលមកបុកពេញទំហឹង កាលពី វេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវ៣០ម៉ែត្រ ចំណុចភូមិ ព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាប់ព្រំប្រទល់ជាមួយភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកុងតៃន័រ ម៉ាកហ៊ីណូ ពណ៌ស លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-3856 អូសសណ្តោងកន្ទុយរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-9467 បើកតាមបណ្តោយផ្លូវ៣០ម៉ែត្រ ពីកើតទៅលិច លុះដល់ចំណុចភូមិព្រៃកំបុត សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែរបូតកង់ក្រោយខាងឆ្វេង បោលកាត់ផ្លូវទៅ បុក រថយន្តឡិចស៊ី RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9158 កំពុងបើកពីលិចទៅកើត លើផ្លូវខាងភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ បណ្តាលឲ្យទទួលរងខូចខាតខ្ទេចអស់ មួយចំហៀង សំណាងល្អមិនត្រូវដល់មនុស្ស ។

ក្រោយកើតហេតុ ភាគីទាំងសងខាង សុំនិយាយសម្រួលគ្នា ដោយខាងរថយន្តឡិចស៊ីសទាមទារ២០០០ដុល្លា តែខាងរថយន្តកុងតៃន័រ សុំហៅជាងមកពិនិត្យ វាយតម្លៃ ជួសជុលអស់ថ្លៃប៉ុន្មាន ចេញថ្លៃតាមជាក់ស្តែងដើម្បីបញ្ចប់រឿង ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.