ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូសណ្ដោងរ៉ឺម៉កបានសម្រេចជិះគេចខ្លួនម្ចាស់ឃើញដេញតាមទាន់ចាប់បានប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចខាងមុខឃ្លាំងថ្មម៉ាប ផ្លូវ២១៧ នៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ អ៊ឹម ខាន់ថង ហៅ ឡយ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថ្មម៉ាប ស្នាក់នៅផ្ទះជួល ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ព្រីវ សាវុធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CX-4641  (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កពណ៌ខ្មៅ នៅខាងមុខឃ្លាំងថ្មម៉ាប ផ្លូវ២១៧ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ដោយមិនបានដកកូនសោរចេញពី   ម៉ូតូនោះឡើយ។បន្ទាប់មកជនរងគ្រោះបានចូលទៅក្នុងឃ្លាំង ដើម្បីធ្វើការដួចសព្វមួយដង ពេលនោះស្រាប់តែលេចមុខជនសង្ស័យឈ្មោះ ព្រីវ សាវុធ ភេទប្រុស អាយុ៤១ឆ្នាំ បានដើរមកដល់ខាងមុខឃ្លាំងថ្មម៉ាប ក៏បានធ្វើសកម្មភាពលួចម៉ូតូ និងរ៉ឺម៉ករបស់ជនរងគ្រោះ បើកគេចខ្លួនតាមផ្លូវ២១៧ ពីត្បូងទៅជើង ។ពេលនោះជនរងគ្រោះបានឃើញក៏ខ្ចីម៉ូតូកម្មករធ្វើការជាមួយគ្នា ជិះដេញតាមពីក្រោយ រួចស្រែកថា ចោរៗ ហើយជនសង្ស័យបានបើកម៉ូតូសណ្ដោងរ៉ឺម៉ក ដល់ចំណុចមុខមន្ទីរពេទ្យបង្អែកដង្កោ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ក៏ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជួយចាប់ឃាត់ខ្លួនជនសង្ស័យបានប្រគល់ឲ្យ

សមត្ថកិច្ចរួមនិងវត្ថុតាង ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CX-4641  (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កពណ៌ខ្មៅ ចំនួន០១គ្រឿង យកមកធ្វើការសាកសួរ នៅអធិការដ្ឋានគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖សេង សាវី

Share.