រឿង​ភាគ​កូរ៉េ​ដ៏​ល្បី​ល្បាញ​ «Squid Game» ទោះ​ជា​​បាន​បញ្ចប់​ទៅ​ហើយ​ក្ដី​ប៉ុន្តែ​រឿង​នេះ​នៅ​តែ​បន្ត​ជោគជ័យ​និ​ងទាក់ទាញ​បាន​នូវ​ប្រជាប្រិយភាព ការ​ពេញនិយម​ជុំវិញពិភពលោក​​ដដែល​ ព្រោះ​មាន​មនុស្ស​កាន់​តែ​ច្រើន​បាន​ចូល​ទស្សនា​រឿង​មួយ​នេះ​តាម​រយៈ​ App Netflix។

យោង​តាម​រយៈ​សារព័ត៌មាន​​ Bloomberg News បាន​ធ្វើ​ការ​រាយការណ៍​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា កន្លងមក​ បាន​ឱ្យ​ដឹង​ថា​មកដល់​ពេល​នេះ​ Netflix អាច​ចំណូល​បាន​ ៨៩១,១លាន​ដុល្លារ​អាមេរិក​ រាប់​ចាប់​តាំង​ពី​បាន​ដាក់​ផ្សាយ​នៅ​លើ​ App Netflix ។

នៅ​ក្នុង​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​រឿង​នេះ​ចំណេញ​ថវិការ​ជាង​៤០​ដងលើស​ពីដើម​ទុន​ផលិត​ដែល​ចំណាយ​ប្រាក់​អស់​ត្រឹម​តែ​២១,៤​លាន​ដុល្លារ​ ដោយ​ក្នុង​មួយ​ភាគ​ៗ​ចំណាយ​ប្រមាណ​ជា​២,៤លាន​ក្នុង​មួយ​ភាគ​ៗ​។ សម្រាប់​តម្លៃ​ផលិត​មួយ​ភាគ​២,៤​លាន​ដុល្លារ ​រឿង​ភាគនេះ​​ស្ដាប់​ទៅ​ចំណាយ​រាង​ខ្ពស់បន្តិច តែកន្លង​មកៗ​ Netflix ​ធ្លាប់​ចំណាយលុយ​បណ្ដាក់ទុន​ផលិត​ដល់​៨​លាន​ដុល្លារ​ ​សម្រាប់​ថត​មួយ​ភាគ​នៃ​រឿង​ «Stranger Things» ហើយ​ចំណាយ​ឡើង​ដល់​១០​លាន​ដុល្លារ​សម្រាប់​មួយ​ភាគ​រឿងថត​ «The Grown»  ដូច្នេះ​បើ​ប្រៀប​ជាមួយ​នឹង​រឿង​ទាំង​ពីរ​នេះ ចំណាយ​ផលិត​ Squid Game នៅ​តិច​តួច​ប៉ុណ្ណោះ​។

យោង​តាម​ការ​ឯក​សារ​ផ្ទៃ​ក្នុង​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ មាន​មនុស្ស​១៣២​លាន​នាក់​បាន​ទស្សនា​រឿង​ Squid Game នេះ​ច្រើន​ជាង​ពីរ​នាក់​ក្នុង​រវាង​២៣​ថ្ងៃ​ក្រោយ​ថ្ងៃ​ផ្សាយ​ដំបូង​ ហើយ​មាន​មនុស្ស​​យ៉ាង​ហោច ៨៩​ភាគរយ​ ទស្សនា​រឿង​នេះ​មួយ​ភាគ​ និង​មាន​មនុស្ស​៨៧លាន​នាក់​ ឬប្រមាណ​៦៦​ភាគរយ​ទស្សនា​រឿង​​នេះ​រហូត​ដល់​ភាគ​បញ្ចប់​។

គួរ​ដឹងថា​ Squid Game គឺ​ជា​ភាពយន្ត​ភាគ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ សរសេរ​និងដឹកនាំ​រឿង​ដោយ​លោក Hwang dong Hyuk បោះ​ទុន​ផលិត​ដោយ​Netflix៕​

Telegram-Troryorng
Share.