រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវិដ១៩ សម្រាប់ជុំទី៧ ដែលមាន រយៈពេល៣ខែទៀត គឺខែតុលា, ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ចំពោះរយៈពេលអនុវត្តបន្ត នឹងត្រូវកំណត់ដោយឡែកផ្អែកតាមសភាពការណ៍វិវត្តជាក់ស្តែង។

ក្នុងនោះការបើកផ្តល់ប្រាក់ឧបត្ថម្ភនឹងត្រូវធ្វើឡើងនៅរៀងរាល់សប្តាហ៍ទី៤នៃខែនីមួយៗ។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះជាងគេបំផុតប្រមាណ ៧០០ ០០០ គ្រួសារ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយសារការរាតត្បាតនៃជំងឺ កូវីដ១៩ ត្រូវបានដាក់ឲ្យអនុវត្តកាលពីខែកក្កដាឆ្នាំ២០២០៕

Share.