បញ្ហា​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​-១៩ បាន​ធ្វើ​ឱ្យ​កូន​ចិញ្ចឹម​ជនជាតិ​ខ្មែរ​ Maddox ត្រូវ​ហោះ​ត្រលប់​ពី​សកលវិទ្យាល័យ​នៅ​ប្រទេស​កូរ៉េ​ មក​កាន់​​សហរដ្ឋអាមេរិក​វិញ​ ហើយ​មក​ដល់​ពេល​នេះ​ Maddox មិន​ទាន់​វិល​ត្រលប់​ទៅវិញ​នៅ​ឡើយ​ទេ​ ព្រោះ​រូប​គេ​បាន​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ភាពយន្ត​ «Eternals» ដែល​សម្ដែង​ដោយ​អ្នកម្ដាយ​ Angelina Jolie ជាមួយ​នឹង​ប្អូន​ៗ​៤​នាក់​ទៀត​។

កំពូលសម្ដែង​មាន​ឈ្មោះបោះសំឡេង​ប្រចាំ​ហូលីវូដ លោកស្រី Angelina Jolie បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំង​ នៅ​ក្នុង​កម្មវិធី​សម្ពោធភាពយន្តដែល​លោក​ស្រី​សម្តែង គឺរឿងបែបវីរបុរសថ្មីរបស់ផលិតកម្ម Mavel រួម​ជាមួយ​នឹង​កូន​ៗ​ទាំង​៥​នាក់​មាន​៖ កូនប្រុសច្បង Maddox (ម៉ាដុក), កូនភ្លោះ Vivienne (វីវៀន) និង Knox (ណុកស៍), កូនស្រី Zahara (ហ្សាហារ៉ា) និង Shiloh (ហ្សីឡូ) កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​ Los Angeles។ នេះបើ​យោងតាមការចេញផ្សាយពី​របស់​សារព័ត៌មាន​ People។

នៅក្នុងភាពយន្តថ្មីនេះ លោកស្រី Angelina Jolie បានដើរតួជាតួអង្គម្នាក់ឈ្មោះ Thena (ថេណា) មានលក្ខណៈសម្បត្តិពិសេសអាចបង្កើតអាវុធនានាៗបានភ្លាមៗដោយប្រើប្រាស់ថាមពលលោហៈធាតុ។ ក្រៅ​ពី​កំពូល​តារា​ភាពយន្ត​រូបនេះ​ ភាពយន្ត​ថ្មី​ «Eternals» ក៏មានការចូលរួមសម្តែងពីតារាចំរុះជាតិសាសន៍​ជា​ច្រើន​ផ្សេង​ទៀត​ ដូចជា តារាសម្ដែង Gemma Chan (ជេមម៉ា ឆាន់) ជាតារាអង់គ្លេសកាត់អាស៊ី, លោក Don Lee (ដុន លី) ជាតារាសម្ដែងកូរ៉េកាត់អាមេរិកកាំង ថែមទាំងមានការដឹកនាំថតដោយ អ្នកដឹកនាំជនជាតិចិន​​លោក​ស្រី​ Chloe Zhao (ខ្លូអ៊ី ហ្ស៉ាវ) ដែលទើបតែទទួលបានពានរង្វាន់អូស្កាជាច្រើននៅឆ្នាំនេះទៀតផង។

សូម​ជំរាបថា​ បន្ទាប់ពីបានបើកសម្ពោធជាផ្លូវការ រឿង​អភិនិហារ​បែប​វីរៈ​បុរសថ្មី​របស់ផលិតកម្ម Mavel គឺ «Eternals» នឹងចាប់ផ្ដើមចាក់បញ្ចាំងតាមរោងភាពយន្តនានានៅទូទាំងពិភពលោកចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ​បន្ទាប់​ពី​រឿង​នេះ​បានពន្យារពេល​បញ្ចាំង​នៅ​តាម​​រោង​ភាពយន្ត​​នានា​​រយៈ​ពេល​មួយឆ្នាំ​ដោយ​​សារតែវិបត្តិកូវីដ-១៩៕

Telegram-Troryorng

Share.