ក្រោយពីបានសិក្សាចប់សព្វគ្រប់រួចមក ពេលនេះ រដ្ឋបាលខេត្តកោះកុង បានសម្រេចយកទីតាំងចំនួន២ផ្សេងគ្នាធ្វើជាឈាបនដ្ឋានបូជាសពអ្នកស្លាប់ដោយជំងឺកូវីឌ១៩។

ក្នុងនោះរដ្ឋបាលខេត្តកោះកុងបានកំណត់យកទីតាំងទី១តាមបណ្តោយផ្លូវជាតិលេខ៤៨ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៣៦ ភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា និងទី២ ដីបម្រុងទុករបស់ស្រុកនៅឃុំជីត្រេះ ស្រុកបូទុមសាគរ។

ទីតាំងដែលបានជ្រើសរើសនោះគឺជា ទីតាំងសមស្របមិនបង្កផលប៉ះពាល់ដល់បរិស្ថាន    សោភណ្ឌភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីព្រឹកថ្ងៃទី៣ ឧសភា ២០២១នេះបានដឹកនាំក្រុមការងារជំនាញរបស់ខេត្ត ចុះសិក្សាពិនិត្យទីតាំងដោយផ្ទាល់និងបានជំរុញឱ្យមន្រ្តីមន្ទីរជំនាញពន្លឿនការងារវាស់វែងរៀបចំទីតាំង និងគូសប្លង់ឈាបនដ្ឋានឱ្យបានលឿន មុននឹងផ្តើមដំណើរការសាងសង់ឆាប់ៗនេះ។

តាមការសិក្សា ការសាងសង់ឈាបនដ្ឋានមួយអាចចំណាយចាប់ពី៧ពាន់ដុល្លារដល់ទៅជាង១ម៉ឺនដុល្លារសហរដ្ឋ អាមេរិក។ដោយឡែកសម្រាប់ភូមិសាស្រ្តខេត្តកោះកុង គម្រោងចំណាយ អាចនឹងច្រើនជាងនេះ ដោយសារត្រូវចាក់ដីផ្លូវចូលទៅកាន់ឈាបនដ្ឋាន។

បច្ចុប្បន្ននៅខេត្តកោះកុង ពុំទាន់មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩នោះឡើយ ខណៈដែល ខេត្តនេះក៏មិនទាន់មានតួលេខឆ្លងខ្ពស់គួរឲ្យកត់សំគាល់នោះដែរ៕

Share.