ភាពយន្ត​ភាគ​របស់​កូរ៉េ​ខាង​ត្បូង​ដែល​លើក​ឡើង​ពី​បញ្ហា​អ្នក​ជំពាក់​បំណុលវ័ណ្ឌក​ចូល​រួម​លេង​ហ្គេមមរណៈ​បែប​​កូន​​ក្មេង​ដើម្បី​ដណ្ដើម​ប្រាក់​រង្វាន់​ទៅ​ដោះ​បំណុល​ កំពុង​តែ​ល្បីល្បាញខ្លាំង​ ទោះ​ជា​រឿង​បាន​បញ្ចប់​ទៅ​ហើយ​ក្ដី​ ប៉ុន្តែ​នៅ​តែ​បន្ត​ប្រជាប្រិយភាព​របស់​ខ្លួន​ព្រោះ​ថ្មីៗ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​សំរុក​ទិញ​ឈុត​ពី​ក្នុង​ភាពយន្ត​នេះ​ ដើម្បី​ត្រៀម​សម្រាប់​ស្លៀក​ពាក់​នៅ​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ដែល​ជា​ថ្ងៃ​ Halloween។

យោង​តាមគេហទំព័រ​ WWD fashion មួយ​សប្ដាហ៍​មុន​នេះ​ សំលៀកបំពាក់​ឯកសណ្ឋាន​ក្នុង​រឿង​ «Squid Game» ស្ថិត​ក្នុង​បញ្ជី​ស្វែង​រក​ច្រើន​ជាង​គេ​បំផុត​នៅ​លើ Google ក្នុង​នោះ​មាន​ឈុត​ពណ៌​បៃតង​ប្រើ​សម្រាប់​ឱ្យ​បេក្ខជន​ស្លៀក​ប្រកួត​លេង​ហ្គេម​ និង​ឈុត​ឯកសណ្ឋាន​ពណ៌​ផ្កាឈូក​សម្រាប់​ឱ្យ​ក្រុម​អង្គរក្ស​​បិទ​មុខ​។

Netflix បាន​ចេញ​លក់​សំលៀក​បំពាក់​ពី​ក្នុង​ភាពយន្ត​នេះ​ ក្នុង​នោះ​មាន​អាវយឺត​និង​អាវ​គ្រប​ក្រៅ​ ដើម្បី​បំពេញ​ចំណង់​របស់​អ្នក​ទស្សនា​និង​សាធារណៈ​ជន​ ដោយ​តម្លៃ​ចាប់​ពី​៣៤.៩៥​ដុល្លារ​អាមេរិក​ឡើង​ទៅ​។ យោង​តាម​វែបសាយ​លក់​សំលៀក​បំពាក់​ Amazon UAE ឈុត​របស់​ Netflix ខាង​លើ​ស្ថិត​ក្នុង​បញ្ជី​ជា​ឈុត​ដែល​លក់​ដាច់​ជាង​គេ​បំផុត​។

ជាង​នោះ​ទៀត​ ឈុត​ក្នុង​រឿង​ «Squid Game» នេះ​ក៏​ជា​ឈុត​ដែល​ត្រូវ​បាន​សាធារណជន​ស្វែង​រក​ដើម្បី​ប្រើប្រាស់​ជា​ឈុត​ស្លៀក​សម្រាប់​កម្មវិធី​ Halloween នៅ​បញ្ជី​លើ​គេផង​ដែរ។

ចាប់​តាំង​ពី​ភាពយន្ត​ភាគ​ជា​ស៊េរី​ Squid Game បាន​បញ្ចេញ​ឱ្យ​ទស្សនា​នៅ​លើ​ App Netflix មក​រឿង​នេះ​បាន​ក្លាយ​ជា​វីដេអូ​រឿង​មួយ​ដេល​បំរើ​ឱ្យ​សេវាកម្ម​ទស្សនា​ច្រើន​បំផុត​ វ៉ាដាច់​រឿង​ភាគ​មនោសញ្ចេតនា​ល្បី​ Bridgerton ថែម​ទៀត​ផង​។

មិន​ត្រឹម​តែ​ចំនួន​ឯកសណ្ឋាន​​ក្នុង​រឿង​ដែល​នឹង​ត្រូវ​ប្រើប្រាស់​ជា​ឈុត​ Halloween សូម្បី​តែ​ស្ករ​បុរាណ​របស់​កូរ៉េ​ ដែល​ត្រូវ​ប្រើ​មក​ធ្វើ​ជា​វិញ្ញាសារ​ក្នុង​ការ​ប្រកួត​ក៏​បាននឹង​កំពុង​ល្បី​ល្បាញ​ខ្លាំង​ដូច​គ្នា​ លើស​ពី​នោះ​ទៀត​ចំនួន​អ្នក​គាំទ្រ​ក៏​រំអុក​ចង់​ឱ្យ​ «Squid Game» បញ្ចេញ​រដូវ​កាល​ទីពីរ​ឬ​វគ្គ​២​ផង​ដែរ ទោះ​ជា​អ្នក​និពន្ធ​និង​ដឹកនាំ​លោក​ Hwang Dong Hyuk ធ្លាប់​ប្រាប់​សារព័ត៌មាន​ Variety កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ «គ្រាន់​តែ​គិតថាដល់​រឿង​នេះ​ធ្វើ​ឱ្យ​លោក​ហត់​បាត់​ទៅ​ហើយ»៕

Telegram-Troryorng
Share.