យោង​តាម​សារព័ត៌មាន​ Theguardian តារា​ចម្រៀង​ Ed Sheeran បាន​ប្រកាស​នៅ​ផេក​ Instagram របស់​លោក​ថា​ លោក​មាន​វិជ្ជមាន​ ជំងឺ ​Covid-19 ហើយ​កំពុង​តែ​ធ្វើចត្តា​ឡីស័ក​។

ម្ចាស់​បទ «Shape of  You» ​បាន​ឱ្យ​ដឹង​ទៀត​ថា​ «ពេល​នេះ​ខ្ញុំ​មិន​អាច​ចេញ​ក្រៅ​ឬ​ទំនាក់ទំនង​ដោយ​ផ្ទាល់​បាន​ទេ​ ដូច្នេះ​ខ្ញុំ​​នឹង​ព្យាយាម​ធ្វើ​បទ​សម្ភាសន៍​ ក៏​ដូច​ជា​ការ​ច្រៀង​ និង​​សម្ដែង​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​​បាន​​ចេញ​ពី​ផ្ទះ​ទៅ​។ សុំ​ទោសចំពោះ​អ្នក​​គ្រប់​គ្នា​ដែល​ធ្វើ​ឱ្យលំបាក។ សូម​មាន​សុខ​សុវត្ថិភាព​គ្រប់​ៗ​គ្នា​»។

ខណៈ​នេះ​ Ed Sheeran បាន​ធ្វើ​ចត្តា​ឡីស័ក​ និង ​អនុវត្ត​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​។ ដំណឹង​នេះ​បាន​ផ្សព្វផ្សាយ​នៅ​មុន ​៥​ថ្ងៃ​ នៃ​កាល​បរិច្ឆេទ​ចេញ​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​លោក​ដែល​កំណត់​ចេញ​​នៅ​ថ្ងៃ​សុក្រ​ទី​២៩ ខែ​តុលា​ខាង​មុខ​នេះ​។ Ed Sheeran មាន​ផែនការ​ប្រគំតន្ត្រី​​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​នៅ​សប្ដាហ៍​ក្រោយ ព្រម​ទាំង​មាន​គម្រោង​​​សម្ភាសន៍​ជាមួយ​នឹង​បណ្ដាញ​ផ្សព្វផ្សាយ​ជា​ច្រើន​ថែម​ទៀត ប៉ុន្តែ​គម្រោង​មួយ​ភាគ​ធំ​ត្រូវ​ផ្លាស់ប្ដូរ​ដោយ​សារ​លោក​មាន​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​។

ថ្វី​ត្បិត​តែ​ Ed Sheeran ស្នើ​សុំ​សម្ដែង​តាម​រយៈ​វីដេអូ​ Live ​ចេញ​ពី​ផ្ទះ​របស់​លោក​​សម្រាប់​កម្មវិធី​ Saturday Night Life ដែល​លោក​នឹង​ឡើង​ជា​តារា​កិត្តិយស​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ ខាង​មុ​ខនេះ​ក្ដី​ ប៉ុន្តែ​ប្រភព​ខាង​ក្នុង​បាន​ឱ្យ​ដឹង​ថា​កម្មវិធី​ចង់​ជំនួស​វត្តមាន​លោក​ដោយ Justin Bieber ឬ Shawn Mendes ដែល​ត្រូវ​ឡើង​សម្ដែង​ក្នុង​កម្មវិធី​នេះ​ដែរ។

កាល​ពី​កំឡុង​ឆ្នាំ​ ២០២០ មាន​តារា​ហូលីវូដ​ Super Star ក្នុង​វិស័យ​កីឡា ខ្សែរាជវង្ស និង​អ្នក​នយោបាយ​ជាច្រើន​បាន​ឆ្លង​វីរុស​កូរ៉ូណា ក្នុង​នោះ​មាន​ព្រះអង្គម្ចាស់​ឆាល​នៃ​ចក្រភព​អង់គ្លេស ,នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson,​ និង​ តារា​បាល់ទាត់​សញ្ជាតិ​ព័រទុយហ្គាល់​ Christiano Ronaldo ជាដើម។

សូម​ជំរាប​ថា​ ម្ចាស់​បទ​ «Perfect» និង «Bad Habits» រូប​នេះ​បានចេញមក​​ប្រកាសដំណឹង​ស្ដី​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩ នៅ​លើ​ផេក​ Instagram របស់​លោក​ ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២១​៕

Telegram-Troryorng
Share.