លោក​ អ៊ឹម រតនៈ​ ហៅ Tin Mark គឺជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​បទ​ចម្រៀង​ល្បី​ «ស៊ូឃ្លាត» ដែល​បក​ស្រាយ​ដោយ​លោក​ វង្ស​ តារា​រតនៈ​ នៅ​ក្នុង​ផលិត​កម្ម​ហង្សមាស​ ខណៈ​នេះ​លោក​កំពុង​តែ​សំរាក​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​មន្ទីរពេទ្យឯក​ជន​មួយ​កន្លែង​។

លោក​ Tin Mark បាន​ថ្លែង​អំណរ​គុណ​ចំពោះ​មិត្ត​សិល្បៈ​ និង​សប្បុរស​ជន​ ដែល​ជួយ​ឧបត្ថម្ភ​ថវិការ​ជួយ​លោក​យក​មក​ព្យាបាល​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​លោក​មិន​ភ្លេច​ផ្ដាំ​ចំពោះ​អ្នក​ខ្វះ​លទ្ធភាព​ដូច​គ្នា​ឱ្យ​ទុក​ប្រាក់​ដោះស្រាយ​ជីវភាពចុះ​ មិន​បាចជួយ​លោក​ទេ។

កាល​ពី​វេលា​ម៉ោង​ជាង​៣​ រសៀល​ថ្ងៃ​ទី​២៥ ខែ​តុលា​ ម្សិលមិញ​នេះ​ អ្នក​និពន្ធ​ទំនុក​ច្រៀង​ «ស៊ូឃ្លាត» បាន​ចេញ​មក​ទម្លាយ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ប៊ិះ​នឹង​ស្លាប់​បាត់​បង់​ជីវិត​ ប៉ុន្តែ​លោក​ប្ដេជ្ញា​សង​ប្រាក់​បងប្អូ​ន​ដែល​ឱ្យ​ខ្លួន​ខ្ចី​សង្គ្រោះ​ជីវិត​។ ប៉ុន្តែ​នៅវេលា​ម៉ោងជាង​៨​យប់ថ្ងៃ​ដដែល​អ្នក​និពន្ធ​ទំនុក​ច្រៀង​រូប​នេះ​បែរ​ពោល​អរគុណចំពោះ​មិត្ត​សិល្បករ​ និង​ម្ចាស់​ជំនួយ ដែល​បាន​ជួយឧបត្ថម្ភ​ថវិការ​ជួយ​ដល់​ខ្លួនទោះតិច​ឬ​ច្រើន​​ តែបើ​សិន​មាន​ជីវភាព​ខ្វះខាត​ដូច​ជា​លោក​មោះ​ មិន​បាច់​ជួយ​លោក​នោះ​ទេ​​លោក​សូម​ឱ្យ​ទុក​ថវិការនោះ​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ខ្លួន​ឯង​ចុះ ព្រោះ​មាន​ជីវភាព​ខ្វះខាត​ដូច​ជា​លោក​ដែរ​។

យ៉ាងណា​មិញ​នៅ​ក្រោម​ការ​ប្រកាស​របស់​លោក​ក៏​នៅ​មាន​សប្បុរសជន​បាន​បន្ត​ចូលរួម​ជួយ​ទៅ​តាម​លទ្ធភាព​ក្នុង​នោះ​មាន​អ្នក​សិល្បៈ​មួយ​ចំនួន​ក៏​ចូលរួម​ជួយ​ដែរ ក្នុង​នោះ​មាន​ តារា​ចម្រៀង​លោក​អ៊ីណូ តារា​សម្ដែង​និង​ម៉ូដែល​អ្នក​នាង​ ប្រាសាទ ដាវី និង តារា​ចម្រៀង​ លោក ឆាយ ណាឃីម ជាដើម។ ចំពោះ​សាធារណជន​ដែល​អាណិត​ស្រលាញ់​អាច​ចូលរួម​ជួយ​លោក​តាម​រយៈ​ អាក់ខោន ABA ដែល​​មាន​លេខ​ : 000785157 និង​ ឈ្មោះ​ IM RATTNAK

គួរ​ដឹង​ថា​លោក អ៊ឹម រតនៈ​ ហៅ ទិនម៉ាក់ ត្រូវ​វីរុស​កូវីដ​-១៩​ វាយលុយ​ស៊ីអស់​សួត​មួយ​ចំហៀង​ ហើយ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ព្យាបាល​មួយ​ថ្ងៃ​អស់ ១២០០​ដុល្លារ​ ដើម្បី​ថ្លៃ​ព្យាបាល​ ខណៈ​លោក​បាត់​ចំណូលពី​សិល្បៈ​ ៨​ខែមកហើយ​៕

Telegram-Troryorng
Share.