យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Khaosod (ខាវស៊ុត) រដ្ឋ​មន្ត្រី​ក្រសួង​​ទេសចរណ៍និង​កីឡា ភិភ័ត​ រ៉ាត់ឆៈកិច្ចប្រាក់​កាន ​បាន​អះអាង​ប្រាប់​បណ្ដា​សារព័ត៌មាន​ថា​ តារា​ចម្រៀង​លំដាប់​ពិភពលោក Lisa សមាជិក​ក្រុម Blackpink និ​ង​លោក​ Andrea Bocelli​ តារា​ចម្រៀង​​អូប៉េរ៉ាលំដាប់​ទី​មួយ​ពិភពលោក​ជន​ជាតិ​អ៊ីតាលី​ នឹង​មក​ច្រៀង​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​រាប់​ថយ​ក្រោយ​ដ៏​ធំ​នៅ​ប្រទេស​ថៃ នៅ​ចុង​ឆ្នាំ​២០២១​ ឈាន​ចូល​ឆ្នាំ ​២០២២ខាង​មុខ​នេះ​។

តារា​ចម្រៀង​ K-Pop សញ្ជាតិ​ថៃ​ Lisa នឹង​ហោះ​មក​កាន់​ប្រទេស​កំណើត​ ​ដើម្បី​ចូលរួមច្រៀង​និង​សម្ដែង​ក្នុង​ការ​ប្រគំតន្ត្រីដាច់​ឆ្នាំ​ដ៏​ធំ​​ដែល​មាន​រយៈ​ពេល​៣​ម៉ោង​ពេញ​នៅ​ខេត្ត​ភូកេត​។

យោ​ងតាម​ប្រសាសន៍​របស់​រដ្ឋ​មន្ត្រី​ខាងលើ​បាន​ឱ្យ​ដឹងថា​តម្លៃ​ខ្លួន​របស់​សិល្បករ​ទាំងពីរ​រូប​គឺ​ Lisa និង Andrea (អាន់ដ្រេអា) រួម​គ្នា​មាន​តម្លៃ​ប្រមាណ​១០០​លាន​បាត ខណៈ​ដែល​កញ្ចក់​ថវិការ​សរុប​ចំណាយ​លើ​ការ​រៀបចំ​កម្មវិធី​ទាំង​មូល​មាន​ ២០០​លាន​បាត​ ហើយ​នៅ​សប្ដាហ៍​ក្រោយ​នឹង​​មាន​ការ​ចុះ​កិច្ច​សន្យារួម​គ្នាជាផ្លូវការ​ជាមួយ​នឹង​តារា​ចម្រៀង​ទាំងពីរដួង។​

ថ្មីៗនេះ​អ្នក​រៀប​ចំកម្មវិធី​បាន​ចេញ​មក​បង្ហើប​ឱ្យ​ដឹង​ដែរថាមាន​ការ​ផ្លាស់ប្ដូរ​ការ​ច្រៀង​និង​សម្ដែង​របស់​ Lisa និង Andrea នៅ​លើ​វេទិកា ដោយ​កម្មវិធី​តម្រូវ​ឱ្យ​អ្នក​ទាំង​ពីរ​ឡើង​ច្រៀង​នៅ​លើ​ឆាក​រួម​គ្នា​ ចាំ​មើលតើ Collaboration ​​​រវាង​ចម្រៀង​ K-Pop និង​ តន្ត្រី​អូប៉េរ៉ា ​នឹង​ចេញ​ទៅ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ប៉ុណ្ណា?

ការ​រៀប​ចំ​កម្មវិធី​ប្រគំតន្ត្រី​ Count Down ដ៏ធំ​នៅ​ប្រទេស​ថៃ​លើក​នេះ​ត្រូវ​បាន​មន្រ្តី​ក្រសួង​ទេសចរណ៍ថៃ​លើក​ឡើង​ថា​ជា​ការ​រៀបចំ​ Event ដ៏​ធំ​ប្រចាំ​ឆ្នាំ​ ដែល​នឹង​ជួយ​ខេត្ត​ភូកេត​ក្លាយ​ជា​ខេត្ត​ទេសចរណ៍​ធំ​លំដាប់​ពិភពលោក​។

ថ្វី​ត្បិត​តែ​មាន​ការ​អះអាង​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​និង​កីឡា​របស់​ថៃ​ថានឹងមាន​វត្តមាន​របស់​ LISA នៅ​ប្រទេសថៃ​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​ចុង​ឆ្នាំ​២០២១-ដើម២០២២ ក្ដី​ ប៉ុន្តែ​ដរាប​ណា​ដែល​ Agency និង Lisa មិន​ទាន់​ចុះ​កិច្ច​កុងត្រា​ជា​ផ្លូវ​ការ គ្រប់​យ៉ាង​អាច​នឹង​មាន​ការ​ផ្លាស់ប្ដូរ៕​

Telegram-Troryorng
Share.