
អតីតខ្សែការពារក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សុខ សុវណ្ណ បានប្រាប់មកក្រុមការងារ«សារព័ត៌មានត្រយង» នៅថ្ងៃអង្គារ ទី ៤ ខែឧសភា ឆ្នាំ២០២១ នេះថាម្ដាយក្មេករបស់ខ្លួនបានទទួលមរណភាពកាលពីពេលថ្មីៗ ក្រោយឆ្លងជំងឺកូវីដ-១៩។
សុវណ្ណ បានប្រាប់ថា៖«តាមពិតគាត់ទទួលមរណភាពតាំងពីថ្ងៃទី២១ ខែមេសា មកម៉្លេះ ប៉ុន្តែយើងខ្ញុំព្យាយាមលាក់ពីប៉ាក្មេក ដែលគាត់កំពុងសម្រាកព្យាបាលជំងឺកូវីដ ដែរ កុំឱ្យប៉ះពាល់អារម្មណ៍គាត់។ ប៉ុន្តែថ្ងៃនេះប៉ាក្មេកខ្ញុំគាត់បានចេញពីសម្រាកព្យាបាលហើយ ទើបមានការជម្រាបគាត់ ឱ្យដឹង»។
អតីតកីឡាករដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង រូបនេះធ្លាប់មកថា ម្ដាយក្មេករបស់គេបានក្នុងបន្ទប់សង្រ្គោះបន្ទាន់តាំងពីថ្ងៃទី១០ មេសា មកម៉្លេះ ក្រោយឆ្លងកូវីដ-១៩។

កាលពីថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ កន្លងទៅក្នុងចំណោមសមាជិកគ្រួសារ១២ នាក់ របស់សុខ សុវណ្ណ មានអ្នកឆ្លងកូវីដ-១៩ ចំនួន៧ នាក់ ដោយក្នុងនោះមាន ប៉ាក្មេក ម៉ាក់ក្មេក ភរិយា និងកូនប្រុសច្បង បូកទាំងគ្រួសារអុំស្រី៣នាក់ទៀត។ ប៉ុន្តែពេលនេះមានសមាជិកខ្លះជាពីជំងឺនេះអស់ហើយ ដោយរង់ចាំការយកសំណាកចុងក្រោយតែប៉ុណ្ណោះ នៅសល់តែអ៊ុំស្រីធំម្នាក់ទៀតទេដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យម៉ែហ្លួង។
សូមបញ្ជាក់ថាគ្រួសាររបស់ សុខ សុវណ្ណ ជាសាច់ញាតិនឹងលោក អ៊ុយ សុវណ្ណារិទ្ធ ដែលជាអនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការនិងដឹកជញ្ជូន ទទួលមរណភាពកាលពីវេលាម៉ោង១១:៣០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។
សូមរំលឹកថា សុខ សុវណ្ណ បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ពីការព្យួរស្បែកជើងបាល់ទាត់ក្រោយប្រឡូកអស់រយៈពេលជិត២០ឆ្នាំមកនេះ។ គេធ្លាប់លេងឱ្យក្លិបភ្នំពេញក្រោន ពីឆ្នាំ២០០៧ ដល់២០១៣ ហើយផ្ទេរទៅបឹងកេត ពីឆ្នាំ២០១៣ ដល់២០១៨ ហើយមួយឆ្នាំបន្ទាប់បានទៅចូលរួមជាមួយក្រុមវិសាខា និងនៅឆ្នាំជាមួយគ្នាបានខ្ចីជើងទៅក្លិបភ្នំពេញ និងឆ្នាំ២០២០ បានចូលរួមជាមួយភ្នំពេញក្រោន ពេញសិទ្ធិតែម្តង។ នៅក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា វិញ សុខ សុវណ្ណ ធ្លាប់ជាប់ឈ្មោះតាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ ផងដែរ៕
