សារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​សេចក្ដី​រាយការណ៍ថា​ Taeyeon ​ប្រធាន​ក្រុម​ SNSD (Girl’s Generation) បាន​ក្លាយ​ជា​ជន​រងគ្រោះ​​ម្នាក់​​ក្នុង​ចំណោម​​ជនរងគ្រោះ​៣០០០​នាក់​ផ្សេង​ទៀត​ចាញ់​បោក​ទិញដី​ខ្យល់​របស់​​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​។

នៅ​ថ្ងៃ​ទី​២៨​ ខែ​តុលា​ មាន​សេចក្ដី​រាយការណ៍​ថា​កញ្ញា​ A សមាជិក​ក្រុម​ Girls Group ​គឺជា​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​៣០០០​នាក់​ ​បាន​បាត់​លុយ​ដោយ​សារ​តែ​ត្រូវ​ក្រុមហ៊ុន​អចលនទ្រព្យ​បោក​ប្រាស់​សរុប​​ទាំង​អស់​គ្នា​​​មាន​ចំនួន ​២៥០០០០លាន​វ៉ុន​។ បន្ត​មក​ទៀត​មាន​ការ​បង្ហើប​ឱ្យ​ដឹង​ថាA នោះ​​គឺ​ Taeyeon សមាជិក​ SNSD ដោយ​កញ្ញា​បាន​បាត់​លុយ​សរុប​ជា​រួម​រហូត​ដល់​ ១.១​ពាន់​លាន​វ៉ុន​ (ប្រមាណ​ 901,334 ដុល្លារ)។

នៅ​ក្នុង​សារព័ត៌មាន​នោះ​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ដែរថា​ Taeyeon បាន​ទិញ​ដី​នៅ​តំបន់​ Hanam នៅ​ក្នុង​ខេត្ត​ Gyeonggi ដោយ​តម្លៃ​ជាង​៩​ម៉ឺន​ដុល្លារ​ ពី​ក្រុម​ហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​ ដោយ​លោក​ឪពុក​របស់​តារា​ចម្រៀង​រូប​នេះ​បាន​ទិញ​ពី​ក្រុមហ៊ុន​ដោយ​ដាក់​ឈ្មោះ​កូន​ស្រី​កាល​ពី​ឆ្នាំ​២០១៩ តែ​ក្រោយ​មក​ទើប​ដឹង​ថា​ផ្ទៃ​ដី​នោះ​ជា​តំបន់​អភិរក្ស​ព្រៃ​ភ្នំ​ ដែល​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ឬ​អភិវឌ្ឍអ្វី​ទាំង​អស់​នៅ​​តំបន់​នោះ​ ក្រៅ​ពី​ការ​កសាង​ដើម្បី​បំរើ​សម្រាប់​ផល​ប្រយោជន៍​ទាហាន​ឬ​បម្រើ​ឱ្យ​ប្រយោជន៍​សាធារណៈ​ ដូច្នេះ​តំបន់​នោះ​មិន​អាច​យក​មក​អភិវឌ្ឍ​ឬ​ធ្វើ​អ្វី​បាន​នោះ​ទេ​ ដោយ​សារតែ​ជា​ទីតាំង​ត្រូវ​រក្សា​ទុក​តាម​ច្បាប់​​អភិរក្ស​ព្រៃ​ភ្នំ​​

តាម​សេចក្ដី​រាយការណ៍​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​ទិញ​ដី​ខាងលើ​ក្នុង​តម្លៃ ​៤០០​លាន​វ៉ុន​ (ប្រមាណ​ 330,489) ហើយ​យក​មក​លក់​ឱ្យ​ Taeyeon ក្នុង​តម្លៃ​ជាង​៩​ម៉ឺន​ដុល្លារ​ ដូច​បាន​លើក​ឡើង​ខាង​លើ​ ដូច្នេះ​សមត្ថកិច្ច​បាន​ចេញ​សេចក្ដី​សន្និដ្ឋាន​ថា​ក្រុមហ៊ុន​ខាង​លើ​បាន​បែង​ចែក​ដី​ជា​ចំណែក​តូច​ៗ​ ដើម្បី​លក់​ឱ្យ​ជន​រងគ្រោះ​ដែល​មាន​ចំនួន​សរុប​ជាង​៣០០០​នាក់​ ដោយ​បោកប្រាស់​ថា​មាន​ផែនការ​អភិវឌ្ឍដី​នៅ​តំបន់​នោះ​។

ក្រុម​ហ៊ុន​ដែល​មាន​ឈ្មោះ​បោក​ប្រាស់​ខាង​លើ​ជា​ក្រុមហ៊ុន​ធំ បាន​ផ្សព្វផ្សាយ​តាម​រយៈ​ទូរទស្សន៍​ ហើយ​មាន​តារា​កំប្លែង​ល្បី​ជា​ប្រធាន​ម្នាក់​ក្នុង​ចំណោម​ប្រធាន​របស់​ក្រុមហ៊ុន​នេះ​ផង​ដែរ​។

ក្រោយ​ពី​បែក​ធ្លាយ​ដំណឹង​នេះ​ ផលិតកម្ម​ SM Entertainment ផលិត​កម្ម​គ្រប់គ្រង​លើ​តារា​ស្រី​រូប​នេះ​បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ណ៍​ចំពោះ​ព័ត៌មាន​ខាង​លើ​នេះ​ថា​ ៖ «នេះ​គឺជា​រឿង​មួយ​ដែល​ពិបាក​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​បញ្ជាក់​សាច់​រឿង​លម្អិត​ ព្រោះ​ជា​រឿង​ពាក់ព័ន្ធ​នឹង​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​តារា​»

Telegram-Troryorng
Share.