កង់បីឥណ្ឌាមួយគ្រឿងឈប់ភ្លើងស្តុបត្រូវបានរថយន្តធុនធំដឹកដែកមួយគ្រឿងបើកបរក្នុង ល្បឿនលឿនមកពីក្រោយជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅបុកគូទពេញទំហឹងទៅខ្ទប់ជាមួយនឹង  រថយន្តមួយគ្រឿងទៀតដែលនៅខាងមុខរងការខូចខាតបន្តិចបន្តូច ចំណែកបីឥណ្ឌាវិញ រងការខូចខាតស្ទើរតែទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៧និង៣៥នាទីព្រឹកថ្ងៃ ទី៣០ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ កែងនឹងស្តុប មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍គេបាន ឃើញបុរសម្នាក់បើកកង់បីឥណ្ឌាពណ៌លឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HJ-1420 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីត្បូងទៅជើងក្នុងគោលបំណងឆ្លងទៅផ្លូវ២០១១ ស្រាប់តែមកដល់កន្លែងភ្លើងស្តុបលោតសញ្ញាពណ៌ក្រហមក៏បានឈប់។

ពេលនោះស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក HYUDAI ក្បាលពណ៌លឿងមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3E-5052 បើកស្របទិសដៅគ្នាមកពីក្រោយក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុកពីក្រោយពេញទំហឹងខ្ទាតទៅប៉ះជាមួយនឹងរថយន្តមួយគ្រឿងដែលនៅខាងមុខធ្វើឲ្យកង់បីឥណ្ឌានោះរួញចូលគ្នារងការខូចខាតយ៉ាងដំណំ ម្ចាស់បានរួច ផុតពីសេចក្ដីស្លា.ប់ទាំងព្រលឹងចុងសក់ !

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបធ្វើការវាស់វែងនិងយករថយន្តបង្កនិងកង់បីឥណ្ឌាមកដាក់អែបខាងចិញ្ចើមផ្លូវហើយទុកពេលឱ្យភាគីទាំងពីរធ្វើការចរចាគ្នាអស់រយៈពេលជិតមួយម៉ោងទើបភាគីខាងរថយន្តបង្កព្រមសងសំណង ការខូចខាតទៅឲ្យម្ចាស់កង់បីឥណ្ឌា 800$ដើម្បីបញ្ចប់រឿង៕

អត្ថបទ៖ស្វាយ ភឿន

Share.