ភ្នំពេញ ៖ បុរស២នាក់បងប្អូនក្លាយជាជនដៃដល់ ត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញតាមចាប់ឃាត់ខ្លួនបាន ក្រោយប្រព្រឹត្តអំពើហិង្សាដោយចេតនា ក្នុងរឿងជម្លោះដណ្តើមប្រពន្ធ ខណៈដែលលែងលះគ្នាអស់រយៈពេល៤ឆ្នាំទៅហើយ បណ្តាលឲ្យរងរបួសស្រាល២នាក់ ខ្ទេចម៉ូតូអស់មួយគ្រឿង។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់បងប្អូន ទី១ ឈ្មោះ ឯម បូរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។ ទី២ ឈ្មោះ ឯម ស៊ីណា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅក្នុងភូមិជាមួយគ្នា ។

ចំណែកជនរងគ្រោះ ជាដើមបណ្តឹង ទាំង២នាក់ ទី១ ឈ្មោះ ញឿន ស្រីសុន ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ  មានស្រុកកំណើត ភូមិស្តុកធំ ឃុំតាំងកសាង ស្រុកបាធាយ ខេត្តកំពង់ចាម រងរបួសស្មាឆ្វេង ត្រូវជាអតីតប្រពន្ធរបស់ជនសង្ស័យ ឈ្មោះ ឯម បូរ៉ា ។ ទី២ ឈ្មោះ ហ៊ឹម គីលឹម ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងអំពិល សង្កាត់​​ពន្សាំង ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិស្វាយជុក ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រងរបួសបែកចិញ្ចើម ត្រូវជាប្តីក្រោយ ។

តាមសម្តីជនសង្ស័យ អតីតប្តីដើម បានឲ្យដឹងថា ក្រោយពីបានគ្នាជាប្តីប្រពន្ធ បានកូនស្រី១នាក់ ហើយរស់នៅមិនចុះសម្រុងគ្នា មួយរយៈចុងក្រោយនេះ លែងលះគ្នាតែមិនទាន់ដាច់ស្រេច ស្រាប់តែអតីតប្រពន្ធ លួចមានប្រុសថ្មី ទើបទ្រាំមិនបាន ផ្ទុះកំហឹងបែបនេះ ។

ជម្លោះដណ្ដើមប្រពន្ធ ឈានទៅប្រើហិង្សា ប្រឈមនឹងទោស​ ហិង្សាដោយចេតនា

តែបើតាមស្ត្រី អតីតប្រពន្ធវិញ បានឲ្យដឹងថា លែងលះគ្នាដាច់ស្រេច មានទាំងឯកសារផ្តិតមេដៃ ចែកទ្រព្យ ចែកទាំងកូន អស់រយៈពេល៤ឆ្នាំហើយ ស្រាប់តែនៅអំឡុងពេល៤ខែមកនេះ គ្រាន់តែឮថា គាត់មានប្តីថ្មី ស្រាប់តែអតីតប្តីដើម តាមរករឿងទៅវិញ ស្រាប់តែនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-6501 កាន់កាំបិតបុ័តោ ទៅដេញកាប់ដល់បន្ទប់ជួល ម្តងហើយ មិនអស់ចិត្ត ឌុបប្អូនប្រុសម្នាក់ទៀត ទៅកាប់ ចាក់ វាយម៉ូតូខ្ទេចមួយគ្រឿង ម៉ាកហុងដាឌ្រីម សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HB-5309 របួសស្រាល២នាក់ បង្កឲ្យភ្ញាក់ផ្អើល ជិះម៉ូតូរត់គេច ត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមចាប់ខ្លួនបានទាំង២នាក់ ត្រង់ចំណុចភូមិអក្សរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់បងប្អូន ត្រូវបានឃាត់ខ្លួនសាកសួរ ដើម្បីកសាងសំណុំរឿង យោងតាមបណ្តឹងរបស់ជនរងគ្រោះទាំង២នាក់ នៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ៕

Share.