ក្លិប​បាល់ទាត់ FK Sūduva ដែល​កីឡាករ Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កំពុង​ប្រកប​អាជីព​នោះ កំពុង​តែ​ឈរ​ចំណាត់​ថ្នាក់​លេខ២​ក្នុង​តារាង​រួម​ប្រចាំ​ពានរង្វាន់​លីគ​កំពូល​នៃ​ប្រទេស​លីទុយអានី (A Lyga 2021) បើទោះ​ជា​រក​បាន​ជ័យជម្នះ​នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ​ក៏​ដោយ។

កីឡាករ Keisuke Honda ត្រូវ​លោកគ្រូ​បង្វឹក Víctor Basadre ដាក់​ឱ្យ​​ចូល​លេង​៩០នាទី​ពេញ​ក្នុង​ជ័យជម្នះ​របស់ FK Sūduva លើ​ក្រុម​បាត​តារាង FK Nevėžis ដោយ​លទ្ធផល ៣ទល់០ លើ​ទីលាន​កីឡដ្ឋាន Kėdainių miesto stadionas ក្នុង​ទីក្រុង Kėdainiai នា​ថ្ងៃ​៣០ តុលា ឆ្នាំ​២០២១ ថ្មីៗ​នេះ​ក្នុង​សប្ដាហ៍​ទី​៣៣។

ក្រុម​បាល់ទាត់ FK Sūduva កំពុង​ឈរ​​លេខ២​ក្នុង​តារាង​ពានរង្វាន់ A Lyga ក្រោយ​ប្រកួត​បាន​៣១លើក ឈ្នះ​បាន​២០លើក ស្មើ​៨លើក និង​ចាញ់​៣លើក​មាន​៦៦ពិន្ទុ​។ ពានរង្វាន់ A Lyga តម្រូវ​ឱ្យ​​ក្រុម​ជា​សមាជិក​ទាំង​១០​ក្រុម ប្រកួត​វិលជុំ​ចំនួន​៤ជើង គឺ​​៣៦​សប្ដាហ៍​ទើប​បញ្ចប់។

អត្ថបទពាក់ព័ន្ធ៖៤រឿងពេលអ្នកចាត់ការទូទៅក្រុមកម្ពុជា Keisuke Honda ចូលរួមក្លិបថ្មីនៅ​លីទុយអានី

សម្រាប់​ប្រកួត​បន្ទាប់​ក្រុម FK Sūduva ត្រូវ​ជួប​ក្រុម​FC Hegelmann Litauen នៅ​​ថ្ងៃ​អាទិត្យ ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ចុង​សប្ដាហ៍​នេះ​លើ​ទីលាន LFF Kauno treniruočių centras ក្នុង​ទីក្រុង Kaunas៕

Telegram-Troryorng
Share.