កីឡាករ​ម៉ូតូ​ទឹក​ជម្រើស​ជាតិ​កម្ពុជា សាលី អ៊ូមើត បានទទួលចំណាត់ថ្នាក់លេខ១ ក្នុង​ព្រឹត្តិការណ៍ ប្រណាំង ម៉ូតូ​ទឹក​ពានរង្វាន់​អន្តរជាតិ Jet Ski Pro Tour 2021 ជុំទី១ ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​រយៈពេល​២ថ្ងៃ នៅ​ថ្ងៃទី៣០-៣១ ខែ​តុលា ឆ្នាំ​២០២១ នេះ​នៅ​ប្រទេស​ថៃ។

កីឡាករម៉ូតូទឹក​ជម្រើស​ជាតិ​កម្ពុជា​៥រូប បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដែល​មាន ២២​វិញ្ញសារ​នេះ​ក្នុង​នោះ​មាន​ ម៉ីន មូស្ដាន, ម៉ីន អូស្មាន, កៃ វ៉ាន់ស៊ីដែន, សាលី ហ្វីលីន និង សាលី អ៊ូមើត ផ្ទាល់។

ចំពោះ​កីឡាករ សាលី អ៊ូមើត និង ម៉ីន មូស្ដាន បានប្រកួតវិញ្ញាសា Pro Am Ski Modifiedហើយ​ជា​លទ្ធផល អ៊ូមើត ដណ្ដើម​បាន​ចំណាត់​ថ្នាក់លេខ១ ក្នុង​ចំណោម​កីឡាករ ៨នាក់ ហើយ​ប្អូន​ជីដូន​មួយ​របស់គេ​ មូស្ដាន ទទួលបានលេខ៦ បន្ទាប់​ពី​​ជួប​បញ្ហា​ប៉ះ​ទង្គិច​ជាមួយ​គូប្រជែង ក្នុង ការ​ប្រកួត​ជុំទី៣។ រីឯ​កីឡាករ​វ័យក្មេង ៣រូបផ្សេងទៀត ទទួល បានត្រឹម ចំណាត់ថ្នាក់លេខ៦ និងលេខ៧ ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក Sea Games 2023។

ម្ចាស់​មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ សាលី អ៊ូមើត បានឲ្យដឹងថា ការ​ប្រ​កួត ម៉ូតូ​ទឹក​អន្ដរជាតិ​នេះ មាន​៥ប្រទេសចូលរួម រួម​មាន​កម្ពុជា ឡាវ អាមេរិក អាល្លឺម៉ង់ និង​ម្ចាស់ផ្ទះថៃ។

ព្រឹត្តិការណ៍ Jet Ski Pro Tour 2021 បែង​ចែកការប្រកួតជា ៤ដំណាក់កាល ឬ ៤ជុំធំៗ ដោយ ជុំទី១ ទើប​បញ្ចប់​ការ​ប្រកួត​​នៅ​ថ្ងៃ​ទី៣០​ដល់​៣១​ខែ​តុលា ឆ្នាំ​២០២១ ខណៈ​ជុំទី២ គ្រោង​ប្រកួត​នា​ថ្ងៃទី២០-២១ ខែវិច្ឆិកា ខាងមុខ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។ ចំណែក​ជុំទី៣ និងជុំទី៤ គណៈកម្មការ​រៀបចំ​ការ​ប្រកួត នៅ​មិនទាន់​កំណត់​កាលបរិច្ឆេទ​ប្រកួត​នោះទេ​៕

Telegram-Troryorng
Share.