តារា​សម្ដែង​លេខ​មួយ​របស់​ប្រទេស​ឥណ្ឌា លោក Sha Rukh Khan សរសើរ​ភរិយា​របស់​លោក​ដែល​អាច​រស់​នៅ​ជាមួយ​លោក​បាន​ព្រោះ​ថា​«រស់​នៅ​ជាមួយ​នឹង​លោក​គឺ​ជា​​រឿង​មួយ​ដ៏​លំបាក» ព្រោះ​លោក​នាំ​រឿង​និង​បញ្ហា​ជា​ច្រើន​ចូល​ទៅ​ក្នុង​ជីវិត​គ្រួសារ​របស់​លោក​​ ​ពិសេស​គ្រួសារ​លោក​​ត្រូវ​គេ​យក​ទៅ​លេង​សើច​ចំណែក​ឯកជន​ភាព​ក៏​ត្រូវ​បាន​អ្នក​ផ្សេង​ដណ្ដើម​បាត់​ដែរ​។

តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយ​ភាព​បំផុត​មួយ​របស់​ឥណ្ឌា​បាន​រៀប​ការ​ជាមួយ​នឹង​ភរិយា​ អ្នក​ស្រី Gauri Khan កាល​ពី​ឆ្នាំ​ ១៩៩១ ហើយ​ទទួល​បាន​កូន​ចំនួន​៣​នាក់​ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍​ ដោយ​កូន​ប្រុស​ច្បង​ Aryan Khan មាន​អាយុ​២៣​ឆ្នាំ កូន​ទីពីរ​ Suhana Khan មាន​អាយុ​ ២១​ឆ្នាំ និង​កូន​ពៅ​ AbRam កើត​នៅ​ឆ្នាំ​២០១៣​។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​លោក​ Shah Rukh Khan ធ្លាប់​បាន​និយាយ​ថា​ «ខ្ញុំ​បាន​ស្គាល់​ភរិយា​ខ្ញុំ​ Gauri តាំង​ពី​នាង​មាន​អាយុ​១៤​ឆ្នាំ​ គិត​មក​ដល់​សព្វថ្ងៃ​ខ្ញុំ​​បាន​ស្គាល់​នាង​​រយៈ​ពេល​៣៥​ឆ្នាំ​ហើយ​។ រស់​នៅ​ជាមួយ​​លោក​គឺជា​ការងារ​មួយ​ដ៏​លំបាក ភរិយា​លោក​មិន​អាច​មាន​សិទ្ធិ​ពេញ​លេញ​លើ​ខ្លួន​លោក​ ភរិយា​ទទួល​បាន​ចំណែក​តិច​តួច​បំផុត​​ ព្រោះ​លោក​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​អ្នក​គាំទ្រ​។ ចង់​ចេញ​ក្រៅ​ឬ​ទៅ​ភោជនីយដ្ឋាន​ គឺ​ប្រៀប​ដូច​ជា​នាំ​ខ្ញុំ​ចេញ​ទៅ​បង្ហាញ​ឱ្យ​ក្រុម​មនុស្ស​ដែល​ចង់​បាន​ពេល​វេលា​របស់​ខ្ញុំ​។ ខ្ញុំ​នាំ​រឿង​ឥតប្រយោជន៍​ជា​ច្រើន​ចូល​ក្នុង​គ្រួសារ​។ សមាជិក​ក្នុង​ផ្ទះ​ត្រូវ​គេ​យក​ទៅ​លេង​សើច​ ពេល​វេលា​របស់​ខ្ញុំ​សម្រាប់​គ្រួសារ​ត្រូវ​អ្នក​ដទៃ​ដណ្ដើម​អស់​ សូម្បី​តែ​រឿង​ធម្មតា​ដូច​ជា​​ដើរ​លេង​​ជុំ​គ្រួសារ​ដូច​មនុស្ស​ទូ​ទៅ​​ក៏​គ្រួសារ​ខ្ញុំ​មិន​ហ៊ាន​ស្រមៃថា​ខ្ញុំ​អាច​ផ្ដល់​ឱ្យ​ពួក​គេ​បាន​ដែរ​»

យោង​តាម​សារព័ត៌មាន​ Hindustan Times (ហ៊ិនឌូ​ស្ដាន​ ថាមស៍) ​ដដែល​បាន​ផ្សាយ​ដែរ​ថា​ បុរស​កូន​២​រូប​នេះ​បាន​លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាសន៍​ដែរថា​៖ «ខ្ញុំ​ធំ​ដល់​ថ្នាក់​នេះ​ហើយ​ ​នៅ​​ត្រូវ​រៀន​ស្រលាញ់​ថែម​ទៀត​ ប៉ុន្តែ​ Gauri មិន​ដែល​រក​រឿង​ឬ​និយាយ​ពី​រឿង​នេះ​ទេ​​ ធ្វើ​ឱ្យ​ខ្ញុំ​មាន​ពេល​វេលា​បាន​ដក​ដង្ហើម​។ ជួន​កាល​ពេល​រឿង​មិន​ល្អ​កើត​ឡើង​ចំពោះ​គ្រួសារ​ខ្ញុំ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​ទទួល​ខុស​ត្រូវ​។ បើ​ខ្ញុំ​ធ្វើ​ខ្លួន​មិន​ល្អ​នៅ​ស្ដាត​ គឺ​ខ្ញុំ​ជា​អ្នក​ដែល​ចេញ​អាកប្បកិរិយា​មិន​ល្អ​ មិនមែន​កូន​របស់​ខ្ញុំ​ទេ​។ ខ្ញុំ​​មិន​អាច​សូម្បី​តែ​ការពារ​កូន​ស្រី​និង​មិត្ត​របស់​កូន​ខ្ញុំ​។ ដូច្នេះ​ហើយ​ខ្ញុំ​ពិត​ជា​គោរព​ចំពោះ​ Gauri ដែល​អាច​​រក្សា​អត្តសញ្ញា​ខ្លួន​និងអត់ធន់​ចំពោះ​រឿង​ល្ងីល្ងើ​ដែល​ខ្ញុំ​បាន​នាំ​ចូល​ក្នុង​ជីវិត​របស់​នាង​។ ខ្ញុំ​បើ​ជា​នាង​វិញ​ ខ្ញុំ​ប្រហែល​មិន​អាច​ធ្វើ​ដូច​នាង​បាន​ទេ​។»

គួរ​ដឹង​ថា​ភាព​យន្ត​ចុង​ក្រោយ​ដែល​ Shah Rukh Khan សម្ដែង​គឺ​រឿង​ «Zero» កាល​ពី​ឆ្នាំ​ ២០១៨ ហើយ​រឿង​ថ្មី​ដែល​តារា​រូប​នេះ​សម្ដែង​មាន​ចំណង​ជើង​ថា​ «Pathan» ដែល​ដឹកនាំ​ដោយ​អ្នក​ដឹកនាំ​ជនជាតិ​តាមិល៕

Telegram-Troryorng
Share.