យោង​តាម​សារព័ត៌មាន​ Yahoo News បាន​ចុះ​ផ្សាយ​ថា​ មន្ទីរពេទ្យ​មួយ​បាន​ចេញ​លិខិត​ព្រមាន​ចំពោះ​ឪពុកម្ដាយ​ក្រោយ​មាន​ក្មេង​ត្រូវ​ភ្លើង​ឆេះ​ព្រោះ​តែ​ហ្គេម​ស្ករ​​គ្រាប់​ Dalgona ចេញ​ពី​ភាពយន្ត​កូរ៉េ​ខាង​ត្បូង ​«Squid Game» កំពុង​តែ​ល្បីល្បាញ​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ពិសេស​ App Tiktok ។

ស្ករគ្រាប់​បុរាណ​ដែល​ផលិត​ឡើង​ដោយ​យក​ស្ករស​ទៅ​ដុតរំងាស់​លាយ​ជាមួយ​នឹង​ម្សៅ​សូដា រួច​យក​មក​​ចាក់​លើ​ថាស​នឹង​យក​ពុម្ព​រូប​រាង​ផ្សេង​មក​ដាក់​ផ្អឹប​ពីលើ​ឱ្យ​ចេញ​ជា​រូប​រាង​នោះ​គឺជា​ហ្គេម​មួយ​ដែល​ត្រូវ​បាន​ភាពយន្ត​ «Squid Game» លើក​យក​មក​លេង​នៅ​ក្នុង​សាច់​រឿង​ដែល​តម្រូវ​ឱ្យ​បេក្ខជន​លេង​ ហើយ​អ្នក​ដែល​ធ្វើ​ឱ្យ​ស្ករ​នេះ​ខូច​ទ្រង់​ទ្រាយ​ឬ​​រូប​រាងចាត់​ទុក​ថាចាញ់ ​ហើយ​​ត្រូវ​បាញ់​សម្លាប់​ចោល​។

រូប​មន្ដ​ធ្វើ​ស្ករ​នេះ​មាន​ភាព​ងាយ​ស្រួល​ហើយ​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​អនឡាញ​ ដូច​ជា​ Tiktok #DalgonaChallenge ដែល​ម្ចាស់​គណនី​ Tiktok បាន​ថត​រូប​ខ្លួន​ឯង​ព្យាយាម​ធ្វើ​ស្ករ​​​នោះ​ឱ្យ​ចេញ​ជា​រូប​រាង​ណាមួយ​ដោយ​មិន​ខូច​ទ្រង់​ទ្រាយ​ ដោយ​វីដេអូ​នេះ​មាន​ចំនួន​ចូល​ទស្សនា ​២២​លាន​ដង​។

ក្មេង​​អូស្ត្រាលី​ម្នាក់​បាន​ព្យាយាម​ធ្វើ​ស្ករ​នេះ​ដោយ​ដុត​ទឹក​លាយ​ជា​មួយ​នឹង​ម្សៅ​សូដា​និង​ស្ករ​​ក្នុង​ Microwave ជំនួស​ឱ្យ​ប្រើ​វែក​ដុត​ពី​លើ​ចង្ក្រាន្ត​តាម​រូប​មន្ត​ដែល​បង្ហាញ​តាម​រយៈ​វីដេអូ​ណែនាំ​។ ពែង​នោះ​បាន​ផ្ទុះ​នៅ​ក្នុង​ដៃ​ក្មេង​នោះ​បន្ទាប់​ពី​គេ​បាន​យក​ពែង​ចេញ​ពី​ក្នុង​ Microwave ជាលទ្ធ ​ផល​បណ្ដាល​ឱ្យ​ក្មេង​រូប​នោះ​រលាកដៃ​ធ្ងន់​ធ្ងរ​ និង​រលាក​ជើង​តិចតួច​។ ព្រោះ​តែ​កម្រិតរលាក​ខ្លាំង​និងរបួស​​ច្រើន​កន្លែង​ គ្រូពេទ្យ​អាច​នឹង​ផ្សាំ​ស្បែក​របស់​ក្មេង​រូប​នោះ​ហើយ​ប្រើ​ពេល​យ៉ាងតិច​១​ឆ្នាំ​ទើប​អាច​ជា​សះស្បើយ​ឡើង​វិញ​។

គួរដឹង​ថា​​ភាពយន្ត​ «Squid Game» រក​ប្រាក់​ចំណូល​ចូល​ Netflix បាន​៩០០​លាន​ដុល្លារ​ ខណៈ​ដែល​ភាពយន្ត​នេះ​ចំណាយ​ទុន​ផលិត​ត្រឹម​តែ​២១​លាន​ដុល្លារ​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្រុម​ Netflix មិន​បាន​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​នេះ​ទេ៕

Telegram-Troryorng
Share.