ផលិតកម្ម​​ Galaxy Navatra (ហ្គាឡាក់ស៊ី​ណាវ៉ាត់ត្រា) និង​ក្រុម​ហ៊ុន​ចិន (GESTOS) បាន​ធ្វើ​សន្នីសីទ​កាសែត ​និង​ចុះ​អនុស្សរណៈ​​លក់​សិទ្ធិ​​បទ​ចម្រៀង​​ខ្មែរ​ «Are You OK?» រួម​គ្នា​ជា​​ផ្លូវ​ការ​នា​សណ្ឋាគារ​ សូហ្វីតែល​ភ្នំពេញ​ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ទី​៦ ខែ​តុលា ឆ្នាំ​២០២១​ ​ម្សិល​មិញ​នេះ​។

ការ​ចុះ​អនុស្សរណៈ​លក់​សិទ្ធិ​បទ​ចម្រៀងនេះ​ធ្វើ​ឡើងបន្ទាប់​ពី​ខាង​ផលិតកម្ម​បាន​កែ​ច្នៃ​និង​កែសម្រួល​ទាំង​ខ្លឹមសារ​ និង​រូបភាព​ឡើង​វិញ​ ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​លក្ខខណ្ឌ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ដែល​​បាន​ផ្ដល់​ទិដ្ឋាការ​ផ្សព្វផ្សាយ​ជា​សាធារណៈទាំង​ក្នុង​ប្រទេស​ និង​អន្តរជាតិ​ ហើយ​ក៏​ឆ្លើយ​តប​ទៅ​តាម​ការ​រិះគន់​ ក៏​ដូច​ជា​កែ​លម្អរ​ពី​សំណាក់​សាធារណជន​និង​ហ្វេន​ៗ​មួយ​ចំនួន​ផង​ដែរ​។

កម្មវិធី​សន្នីសីទសារព័ត៌មាន​ដ៏​ធំ​ឱឡារឹក​នេះ​ មាន​ការ​ចូលរួម​ពី​តំណាង​ផលិតកម្ម​ Galaxy អ្នក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន​ GESTOS និង​តំណាង​មក​ពី​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាព​យន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌​ នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ រួម​ទាំង​ភ្ញៀវ​កិត្តិយសជាតិ​ អន្តរជាតិ​ និង​បណ្ដា​បងប្អូន​អ្នក​សារព័ត៌មាន​មក​ពី​បណ្ដាស្ថាប័ន​នានា​ចូលរួម​​ក្នុង​​នោះ​ដែរ​។

ថ្លែង​​​ក្នុង​ឱកាស​នោះ​ លោក​ យឹម​ តាស្រង់​ អ្នក​គ្រប់គ្រង​ទូទៅ​ផលិតកម្ម​ ហ្គាឡាក់ស៊ីណាវ៉ាត្រា​ បាន​​ឱ្យ​ដឹង​ថា «ក្រោយពីខាងផលិតកម្មលក់សិទ្ធិបទចម្រៀង Are you ok?នេះទៅខាងក្រុមហ៊ុន GESTOS បទចម្រៀង ស្នាដៃកូនខ្មែរមួយបទនេះ នឹងត្រូវក្លាយជាកម្មសិទ្ធិបញ្ញារវាងផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា និងក្រុមហ៊ុន GESTOS ដោយមិនមានជនណាអាចថតចម្លង ឬបង្ហោះដោយគ្មានការអនុញ្ញាតនៅប្រទេសចិនឡើយ។»

អ្នក​គ្រប់​រូប​នេះ​បាន​ពន្យល់​បន្ថែម​ទៀត​ថា​៖ «ចាប់​ពីពេលនេះ​អនុស្សរណៈ​លក់សិទ្ធិ​បទ​ចម្រៀង​ Are you Ok?​ នេះ​ទៅ​ឱ្យ​ ក្រុមហ៊ុន​ GESTOS ដែល​ជា​ក្រុម​ហ៊ុន​ផលិត​ចម្រៀង​ដ៏ធំ​នៅ​ប្រទេស​ចិន​ មាន​សិទ្ធិ​យក​ទៅ​កែ​សម្រួល​ជា​ភាសាចិន​ ហើយ​គ្រោង​នឹង​ផ្សព្វផ្សាយ​នៅ​គ្រប់​បណ្ដាញ​សង្គម​ល្បី​ៗ​ក្នុង​ប្រទេស​ចិន​»

ចំណែក​ឯ​អ្នក​ស្រី​ Britney LI ជា​អ្នក​គ្រប់​គ្រង​ទូទៅ​ GESTOS បាន​គូសបញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​​៖ «តាមរយៈការសហការគ្នាលើកនេះ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ពួកយើងនឹងសម្រេចបាននូវការផ្លាស់ប្ដូរកម្មសិទ្ធិបញ្ញា រវាងគ្នា និងគ្នា ហើយអ្នកចម្រៀង អ្នកនិពន្ធទំនុកច្រៀង អ្នកនិពន្ធបទភ្លេងរបស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ក៏នឹងទទួលបានចំណូលជាភាគរយពីអ្នកចូលទស្សនានៅក្នុងកម្មវិធីបណ្តាញសង្គមនានានៅប្រទេស​ចិន​ថែមទៀតផង»

កាន់​តែ​មាន​មោទកភាព​សម្រាប់​ផលិតកម្ម​ហ្គាឡាក់​ស៊ីណាវ៉ាត្រា និង​ប្រជាពលរដ្ឋកម្ពុជា​នោះ​គឺ អ្នក​ស្រី​ Britney បាន​បង្ហើប​ឱ្យ​ដឹង​បន្ថែម​ដែរ​ថា​ នៅ​ពេល​ដែល​ស្ថានភាព​ជំងឺ​កូវីដ​-១៩ មាន​ភាព​ធូរស្បើយ​នា​ពេល​ខាង​មុខ​ ក្រុមហ៊ុន​នឹង​អញ្ជើញ​តារា​ចម្រៀង​ ក៏​ដូច​ជា​ខាង​ផលិតកម្ម​ទៅ​ចូលរួម​កម្ម​វិធី​ប្រគំ​តន្ត្រី​ធំៗ​នៅ​ឯ​ប្រទេស​ចិន​មិន​ខាន​។

ងាក​មក​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាព​យន្ត​ និង​ផ្សព្វផ្សាយ​វប្បធម៌​ នៃក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ លោក​ ប៉ុក​ បូរក្សា ​បាន​ថ្លែង​ក្នុង​សន្នីសីទ​សារព័ត៌មាន​ប្រកប​ដោយ​ខ្លឹមសារថា​៖ «អនុស្សរណៈលក់សិទ្ធិបទចម្រៀង Are you ok? របស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅឱ្យខាងក្រុមហ៊ុនផលិតចម្រៀងនៅប្រទេសចិនថ្ងៃនេះ គឺជាពន្លឺនៃក្ដីសង្ឃឹមដ៏ថ្មីសន្លាងសម្រាប់សិល្បៈករ អ្នកនិពន្ធទំនុកចម្រៀង អ្នកនិពន្ធបទភ្លេង អ្នកចម្រៀង និងផលិតកម្មទាំងឡាយ ឬអាចនិយាយបានថា ជាលើកដំបូងសម្រាប់វិស័យចម្រៀងក្នុងប្រទេសកម្ពុជា ដែលទទួលបានការចាប់អារម្មណ៍ពីដៃគូសហការពីបរទេសដូច្នេះ។» លោក​ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា​ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ គឺការចូលរួមគោរព​ទៅតាមច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ឬកម្មសិទ្ធិបញ្ញា នៅក្នុងប្រទេសកម្ពុជាយើង។

ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា គឺជា​ផលិតកម្ម​ចម្រៀង​ខ្មែរ​មួយ​ដែល​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ នាំយក​បទ​ចម្រៀង​ខ្មែរ​ទៅ​កាន់​ទីផ្សារអន្តរជាតិ​ ដោយ​ប្រកាន់​ខ្ជាប់​នូវ​ការ​ផលិត​ចម្រៀង​ច្មី​ៗ​ស្នាដៃ​ថ្មី​មិន​ចម្លង​ពី​អ្នក​ដទៃ​ ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​បរទេស​ស្គាល់​និង​ទទួល​ស្គាល់​ប្រទេស​កម្ពុជា​ សំដៅ​ឈាន​​ទៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ឱ្យ​ចង់​មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ តាម​រយៈ​ការ​​ស្រលាញ់​និង​ចូលចិត្ត​តន្ត្រី​ខ្មែរ​ចម្រៀង​ខ្មែរ​។

ជាការ​កត់​សម្គាល់​បទ​ចម្រៀង​ «Are You Ok?» នេះ​គ្រាន់​តែ​ចេញ​ភ្លាម​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សាធារណៈជន​រហូត​ដល់​មាន​សារព័ត៌មាន​ថៃ​ជា​ច្រើន​បាន​​ចុះផ្សព្វផ្សាយ​ដំណឺង​នៅ​លើ​បណ្ដាញ​សារព័ត៌មាន​របស់​ខ្លួន​ថែម​ទាំង​លើក​សរសើរ​ថា​ជា​បទ​ដែល​ Viral ខ្លាំង​ និង​មាន​ Content Creator ល្បី​ៗ​យក​ទៅ​ Challenge គ្នា​ ហើយ​សូម្បី​តែ​ Idol កូរ៉េ​ ក៏​មិន​ភ្លាត់​ឱកាស​យក​បទ​នេះ​ទៅ​រាំ​ Cover ដូចគ្នា​ដែរ​។

សូមបញ្ជាក់​ឱ្យ​ដឹង​ផង​ដែរ​ថា​ បទ​ចម្រៀង​ «Are You Ok?» កែ​សម្រួល​ថ្មី​នេះ​ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ សម្រេច​ផ្ដល់​ទិដ្ឋាការ​អនុញ្ញាត​ឱ្យ​ផលិតកម្ម​ Galaxy Navatra អាច​ផលិត​ចេញ​ជា​ MV ខារ៉ាអូខេ​ថ្មី​បាន​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១ បន្ទាប់​ពី​មាន​ការ​កែ​សម្រួល​ទាំង​ខ្លឹម​សារ​ និង​កែច្នៃ​រូប​ភាព​មួយ​ចំនួន​ចេញ​៕

Telegram-Troryorng


Share.