ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ គឺជាទិវាឆ្មបជាតិ-អន្តរជាតិ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ផ្អែកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប»

ក្នុងសារលិខិតចូលរួមទិវាជាសកលមួយនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានចេញសារលិខិត ផ្ញើជូនបងប្អូនជនរួមជាតិ នៅទូទាំងប្រទេស។

ក្នុងសារលិខិតនោះ សម្តេចប្រធានកាកបាទក្រហម បានផ្ញើសារ៥ចំណុចរំលឹកឲ្យស្ត្រីមានផ្ទៃពោះទាំងអស់អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ៖

១-បីការពារ( ពាក់ម៉ាសគ្រប់មាត់និង ច្រមុះ លាងដៃឲ្យបានញឹកញាប់ជាមួយទឹកនិងសាប៊ូ ឬអាល់កុល និង រក្សាគម្លាត១ម៉ែត្រកន្លះឡើងទៅពីអ្នកដទៃ)។ បីកុំ(កុំទៅកន្លែងមានមនុស្សច្រើន កុំកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំជួបជុំគ្នា កុំប៉ះពាល់គ្នា កុំឱបគ្នា)។

២-ទៅពិនិត្យសុខភាពតាមកាលកំណត់របស់គ្រូពេទ្យ។ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែក និងតាមដានពិនិត្យសុខភាពទាំងមាតានិងទារកក្រោយសម្រាល។បំបៅ ដោះទារកនិងចិញ្ចឹមកូនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

៣-ទាក់ទងជាបន្ទាន់ទៅមន្ទីរពេទ្យ/គ្រូពេទ្យនិងធ្វើតាមការណែនាំរបស់គ្រូឆ្មប/ឆ្មបជំនាញ ប្រសិនបើមានអាការក្អក ក្តៅខ្លួនឬពិបាកដកដង្ហើម។

៤-ក្នុងករណីរស់នៅតំបន់បិទខ្ទប់ដោយការផ្ទុះនៃជំងឺកូវីដ១៩​ សូមទាក់ទងទៅកាន់ឆ្មបជំនាញដែលបានពិនិត្យផ្ទៃពោះលើកមុនដើម្បីពិគ្រោះយោបល់អំពីសុខភាពផ្ទាល់ខ្លួននិងទារកក្នុងផ្ទៃ ស្ថានភាពឈឺពោះសម្រាលកូនឬការណែនាំអំពីការថែទាំនៅក្រោយពេលសម្រាល។

៥-តាមដានជាប្រចាំនិងអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលនិងរដ្ឋបាលរាជធានី ខេត្តដើម្បីចូលរួមបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា៕

Share.