តារាសម្ដែងហូលីវូដ អ្នកស្រី Angelina Jolie បានទទួលស្គាល់ជាលើកដំបូងបង្អស់ថាទិវាអ្នកម្ដាយបានធ្វើឱ្យអ្នកស្រីរំជួលអារម្មណ៍យ៉ាងខ្លាំង។
«ទិវានេះមានន័យណាស់សម្រាប់អ្នកម្ដាយគ្រប់រូប ដូច្នេះសូមព្យាយាមកុំភ្លេចឱ្យសោះ» នេះជាពាក្យសម្ដីមួយដែល Jolie បានប្រាប់ទៅកាន់ Extra ក្នុងកំឡុងពេលអ្នកស្រីធ្វើការផ្សព្វផ្សាយភាពយន្តថ្មីរឿង «Those Who Wish Me Dead»។

អ្នកម្ដាយវ័យ ៤៥ឆ្នាំ ដែលមានកូនចំនួន៦នាក់ក្នុងបន្ទុកមាន Maddox វ័យ១៩ឆ្នាំ Pax វ័យ១៧ឆ្នាំ Zahara វ័យ១៦ឆ្នាំ Shiloh វ័យ១៤ឆ្នាំ និងកូនភ្លោះ Vivienne និង Knox វ័យ១២ឆ្នាំ បានឱ្យដឹងបន្តទៀតថានៅថ្ងៃសំរាកកូនៗតែងតែបបួលគ្នាទៅលេងសួនកម្សាន្ត។

«កូនៗរបស់ខ្ញុំតែងតែធ្វើរឿងគួរឱ្យភ្ញាក់ផ្អើលនៅទិវាអ្នកម្ដាយ។ អ្វីដែលធ្វើឱ្យខ្ញុំរីករាយគឺខ្ញុំមិនបានត្រៀមអ្វីទាំងអស់ អ្វីក៏ខ្ញុំមិនបានធ្វើដែរ។ ហើយកូនៗខ្ញុំបានធ្វើសកម្មភាពរួមគ្នាណាមួយដើម្បី Surprise ខ្ញុំ។ គ្រាន់តែដឹងថាកូនៗរួមគ្នាគិតនិងរួមគ្នាធ្វើអ្វីមួយឱ្យខ្ញុំ ដោយសារពួកគេគិតថានេះជាទិវាសំខាន់មួយ តែងតែធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកជានិច្ច។»
អ្នកម្ដាយរូបនេះបានបន្តទៀតថា ៖ «ពួកគេតែងតែបង្អាប់ថាធ្វើឱ្យខ្ញុំយំលឿន ហើយពួកគេនឹងនាំគ្នាសើចថាតើថ្ងៃនោះខ្ញុំយំប៉ុន្មានដងហើយខ្ញុំឆាប់យំលឿនប៉ុន្មាន…. អូ!នោះម៉ាក់យំហើយ»
សូមចុចត្រង់នេះ៖ តារាហូលីវូដប៉ុន្មានរូបនេះជាប់ឈ្មោះប្រើចរិតឈ្លើយដាក់អ្នកគាំទ្រ!

Angelina Jolie និងអតីតស្វាមីលោក Brad Pitt បានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍និងបានប្ដឹងផ្ដល់ទាមទារសិទ្ធិចិញ្ចឹមកូនៗទាំង៦រូប ដោយរឿងក្ដីក្ដាំរវាងតារាល្បីកម្រិតពិភពលោកទាំងពីរនេះមិនទាន់រកទីបញ្ចប់បាននៅឡើយ ហើយបន្តអូសបន្លាយតាំងពីឆ្នាំ២០១៦រហូតមកដល់ឆ្នាំ២០២១នេះ៕