អ្នកនាង ឆុំ វត្តី តារាសម្ដែងស្រីល្បីឈ្មោះ បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកដឹកនាំវ័យក្មេងលោក រិទ្ធហួរ រក្សា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ មកដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ គឺគ្រប់ខួប ១ឆ្នាំពេញ នៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ជាពិសេសគឺកាន់តែជិតដល់ថ្ងៃដ៏សំខាន់មួយទៀតក្នុងជីវិតរបស់អ្នកនាងផ្ទាល់។


ទោះជាស្ថានភាពជំងឺកូវីដ-១៩ តម្រូវឱ្យប្រជាពលរដ្ឋជាពិសេសអ្នកទីក្រុងភ្នំពេញត្រូវសម្ងំនៅផ្ទះតែក៏មិនអាចរារាំងភាពផ្អែមល្ហែមរវាងតារាសម្ដែង ឆុំ វត្តី និង ស្វាមី បានដែរ ទោះជារំលឹកខួបអាពាហ៍ពិពាហ៍គម្រប់ខួប ១ឆ្នាំ នៅក្នុងផ្ទះតែពីរនាក់ក្ដី តែតាមរយៈរូបភាពដែលបានបង្ហោះលើបណ្ដាញសង្គម បង្ហាញឱ្យឃើញថាអនាគតអ្នកម្ដាយរូបនេះកំពុងតែមានសុភមង្គលយ៉ាងខ្លាំង។

សូមចុចត្រង់នេះ៖ សួស វីហ្សា បែកកូន បែកប្ដី មួយរយៈធំទម្រាំបានវិលជួបជុំគ្នាសារជាថ្មីវិញ
អ្នកនាង ឆុំ វត្តី មកដល់ពេលនេះកំពុងពពោះកូនដំបូងបានចំនួន ៧ខែជាងហើយ ដូច្នេះនៅសល់តែពីរខែទៀតប៉ុណ្ណោះ ពោលគឺនៅខែ កក្កដាខាងមុខនេះ គឺដល់ថ្ងៃសំខាន់បំផុតមួយទៀតសម្រាប់ជីវិតអ្នកនាង ស្វាមី ព្រមទាំងក្រុមគ្រួសារទាំងសងខាងដែលបានទន្ទឹងរងចាំ គឺការទទួលស្វាគមន៍ និង ឃើញមុខសមាជិកថ្មីជា កូនស្រីតូចដ៏ស្រស់ស្អាតម្នាក់។
ឆ្លៀតក្នុងឱកាសនេះសារព័ត៌មានត្រយងសូមជូនពរឱ្យអនាគតអ្នកម្ដាយថ្មោងថ្មី ព្រមទាំងទារកក្នុងផ្ទៃមានសុខភាពល្អ និង សូមជូនពរ ឱ្យគូស្នេហ៍ទាំងពីរស្រលាញ់គ្នា ហើយ មានសុខសុភមង្គលក្នុងជីវិតគូជានិរន្តរ៍៕