ខ្សែការពារ Gabriel Magalhães ត្រូវបានលោក Tite គ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេសុីលកោះហៅចូលឈុតធំជាលើកដំបូង ក្រោយជួយឲ្យក្រុម​កាំភ្លើង​ធំ Arsenal ឡើង​មក​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៥​ក្នុង​តារាង​ក្រប​ខណ្ឌ English Premier League គិតត្រឹមសប្តាហ៍ទី១១។

រីឯខ្សែបម្រើប្រយុទ្ធ Emile Smith Rowe ម្ចាស់អាវលេខ១០ ក៏ត្រូវបានលោក Gareth Southgate គ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសកោះហៅចូលក្រុមជាលើកដំបូងក្នុងអាជីពរបស់ខ្លួនដូចគ្នាផងដែល បន្ទាប់ពីកីឡាករវ័យ២១ឆ្នាំអាចស៊ុតបញ្ចូលទី៥គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី២លើកក្នុងចំណោម៨ប្រកួតចុងក្រោយឲ្យកាំភ្លើងធំ Arsenal នៅរដូវកាល 2021-2022 នេះ។

តារាងចំណាត់ថ្នាក់របស់ក្រុមជម្រើសជាតិប្រេសុីល និងអង់គ្លេស ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022៖
– ប្រេសុីល កំពុងឈរកំពូលតារាង ដោយមាន៣១ពិន្ទុ ក្រោយឆ្លងកាត់១១ប្រកួតកន្លងមក ដោយនាំមុខក្រុមអាហ្សង់ទីន ៦ពិន្ទុ។ ការប្រកួតបន្ទាប់របស់ប្រេសុីល គឺនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ទល់នឹងកូឡុំប៊ី និងនៅថ្ងៃទី១៧ ជួបអាហ្សង់ទីន។

– អង់គ្លេស កំពុងឈរលើកំពូលតារាងពូល I មាន២០ពិន្ទុ ក្រោយឆ្លងកាត់៨ប្រកួតកន្លងមក ដោយនាំមុខក្រុមប៉ូឡូញ ៣ពិន្ទុ។ ការប្រកួតបន្ទាប់របស់អង់គ្លេស គឺនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ទល់នឹងអាល់បានី និងនៅថ្ងៃទី១៦ ជួបសាន់ម៉ារីណូ៕

Telegram-Troryorng

Share.