តារា​សម្ដែង​ Will Smith បានបង្ហើប​នៅ​ក្នុង​សៀវភៅ​ថ្មី​របស់​លោក​និយាយ​ពី​អាថ៌កំបាំង​ក្នុង​ជីវិត​មួយ​ចំនួន​ដែល​អ្នក​គាំទ្រ​មិន​ធ្លាប់​បាន​ឃើញ​និង​ដឹង​។ ផ្នែក​ដ៏​ខ្មៅ​ងងឹត​ក្នុង​ជីវិត​គ្រួសារ អំពើ​ហិង្សា​ដែល​ឪពុក​លោក​ ជីវិត​វេទនា​មុន​ពេល​លោក​បោះ​ជំហាន​ចូល​ក្នុង​ហូលីវូដ​។ ក្នុង​ចំណោម​រឿង​រ៉ាវ​ខ្លោច​ផ្សារ​ជា​ច្រើន​ក្នុង​ជីវិត​គ្រួសារ​​ លោក​បាន​បង្ហើប​​ពាក់​ព័ន្ធ​​នឹង​រឿង​លោក​ត្រូវ​ចាយ​ថ្លៃ​អាហារកិច្ច​ឱ្យ​ម្ដាយ​របស់​លោក​មិន​មែន​ឱ្យ​អតីត​ភរិយា​លោក​ដើម្បី​ចិញ្ចឹម​កូន​នោះ​ឡើយ​។

លោក​បាន​និយាយ​បែប​កំប្លែង​​រំលឹក​ដល់​រឿងរ៉ាវ​ខាង​លើ​នេះ​ថា​ «នៅ​ក្នុង​ជីវិត​ពិត​ ខ្ញុំ​ត្រូវ​ចាយ​លុយ​អាហារកិច្ច​ឱ្យ​ខ្លួន​ឯង​។​ ស្ដាប់​ទៅ​គឺ​ដូច​ជា​រឿង​ធម្មតា​មែន​ទេ? ពិត​មែន​ហើយ​ ខ្ញុំ​បាន​ចាយ​លុយ​អាហារកិច្ច​ឱ្យ​ម្ដាយ​របស់​ខ្ញុំ​។ រយៈ​ពេល​ជិត​២០​ឆ្នាំ​ដែល​ប៉ាម៉ាក់​ខ្ញុំ​បាន​ដំណើរ​ការ​លែង​លះគ្នា ​តែ​មិន​ទាន់​បាន​​ចុះ​ហត្ថលេខា​លែង​លះ​នៅ​ក្នុង​ឯកសារ​​ចប់​សព្វគ្រប់​ទៅ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ​ ដូច្នេះ​ម្ដាយ​របស់​ខ្ញុំ​ក៏​ដាក់​ពាក្យ​បណ្ដឹង​លែងលះចូលទៅ​​កាន់​តុលាការ​។

បុរស​​ជា​តារា​សម្ដែង​ល្បី​​អាមេរិក​រូប​នេះ​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ៖ ពាក្យ​បណ្ដឹង​ដែល​ម្ដាយ​របស់​លោក​បាន​ដាក់​ចូល​ទៅ​កាន់​តុលាការ​នោះ​ បាន​ធ្វើ​ឱ្យ​ឪពុក​របស់​លោក​ត្រូវ​ពិន័យ​ថ្លៃ​ចិញ្ចឹម​បីបាច់​ (អាហារកិច្ច)​ រហូត​ដល់​ទៅ​១៤​ម៉ឺន​ដុល្លារ​។ Will Smith បាន​ឱ្យ​ដឹង​ដែរ​ថា​​ឪពុក​របស់​លោក​មាន​កាតព្វកិច្ច​មើល​ថែទាំ​លោក​និង​ម្ដាយ​លោក​ តែ​ឪពុក​លោក​មិនដែល​បាន​បំពេញ​តួនាទី​នោះ​ឡើយ​ ដូច្នេះ​បូក​សរុប​ទាំង​ដើម​ទាំង​ការ​ បូករួម​នឹង​ការ​ផាក​ពិន័យ​ផង​នោះ​ធ្វើ​ឱ្យ​ឪពុក​លោក​ជំពាក់​ម្ដាយ​លោក​ជិត​១៤​ម៉ឺន​ដុល្លារ​។ ម្ដាយ​លោក​ចង់​បាន​ប្រាក់​គ្រប់​កាក់​គ្រប់​សេន​ដែល​ជា​កម្មសិទ្ធិ​របស់​គាត់​ ហេតុនេះ​បើ​សិន​ជា​ឪពុក​លោក​មិនមាន​ប្រាក់​ចាយ​ទេ​នោះ​ បាន​សេចក្ដី​ថា​គាត់​ប្រព្រឹត្តិ​ខុស​ច្បាប់​ Pennsylvania អាច​ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​។

ឪពុក​របស់​លោក​មិនមាន​លទ្ធភាព​រក​ប្រាក់​ទាំង​អស់​នោះ​ទេ​ ចំណែក​ម្ដាយ​លោក៏​បដិសេធ​មិន​ទទួល​ប្រាក់​ពី​លោក​ដែរ​ ប៉ុន្តែ​លោក​ក៏​មិន​អាច​ឈរ​ឱប​ដៃ​មើល​ឃើញ​ឪពុក​លោក​ជាប់​ពន្ធ​នាគារ​បាន​ដូច​គ្នា​។ លោក​បាន​ផ្ទេរ​ប្រាក់​១៤​ម៉ឺន​ដុល្លារ​ចូល​ទៅ​ក្នុង​គណនី​របស់​ឪពុក​លោក​ ហើយ​ឪពុក​របស់​លោក​បាន​ប្រញាប់​ប្រើប្រាស់​នោះ​ប្រគល់​ទៅ​ឱ្យ​​សហធន់​ដើម្បី​ចាត់​ចែង​វេរ​ប្រាក់​នេះ​ទៅ​ម្ដាយ​របស់​សង​ថ្លៃ​អាហារ​កិច្ច​ដែល​មិន​បាន​ចាយ​កន្លង​មក​។

​តារា​សម្ដែង​ល្បី​រូប​នេះ​​បាន​បញ្ជាក់​ថា​ លោក​គឺជា​មនុស្ស​​តែ​ម្នាក់​គត់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ចាយ​លុយ​ថ្លៃ​អាហារ​កិច្ច​ឱ្យ​ខ្លួន​ឯង​។ ប៉ុន្តែ​ក្រោយ​មក​នៅ​ពេល​រឿង​នេះ​បែក​ធ្លាយ​ម្ដាយ​ខ្ញុំ​បាន​ប្រញាប់​ស៊ីញ៉េ​សែក​១៤​ម៉ឺន​ដុល្លារ​ឱ្យ​ខ្ញុំ​វិញ​ភ្លាម​ៗ​ ធ្វើ​ឱ្យ​ម្ដាយ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ទីមួយ​ដែល​ចាយ​ប្រាក់​ថ្លៃ​អាហារ​កិច្ច​ឱ្យ​ទៅ​កាន់​កូន​ប្រុស​ដែល​សង​ប្រាក់​ថ្លៃ​អាហារ​កិច្ច​ឱ្យ​ខ្លួន​ឯង​។

Telegram-Troryorng
Share.