យុវជន​ក្រោម​អាយុ​១៤​ឆ្នាំ​ (U-14) របស់​ក្លិប Lion City Sailors ក្នុង​ប្រទេស​សិង្ហបុរី បាន​យក​ឈ្នះ​លើ​ក្រុម​យុវជន​ក្រោម​អាយុ​១៤​ឆ្នាំ​ក្លិប Luner SV ដោយ​លទ្ធផល​២៧ទល់០ ក្នុង​ប្រកួត​មិត្តភាព នៅ​North Rhine-Westphalia ក្នុងប្រទេស​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី១០ វិច្ឆិកា ឆ្នាំ​២០២១ ខណៈ​ក្រុម​​អាស៊ាន​មួយ​នេះ​​បាន​ធ្វើដំណើរ​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​អឺរ៉ុប រយៈ​ពេល​៤២​ថ្ងៃ។

បើ​តាម​សារព័ត៌មាន Straitstimes របស់​សិង្ហបុរី បញ្ជាក់​ថា​ U14 របស់​ក្រុម Lion City Sailors បើក​ការ​នាំ​មុខ​តាំង​ពី​​៤០​វិនាទី​ដំបូង​មក​ម៉្លេះ ហើយ​ចប់​តង់​ទី១ ក្រុម​នេះ​បាន​នាំ​មុខ​១៦ទល់០ ស្រប​ពេល​ការ​ប្រកួត​ពេញ​ម៉ោង​ប្រើ​ពេល​តែ​៨០នាទី​ប៉ុណ្ណោះ។

តាម​ផែនការ​ក្រុម Lion City Sailors នឹង​ប្រកួត​មិត្តភាព​នៅ​ទឹកដី​អឺរ៉ុប ចំនួន​១២​ប្រកួត​។ ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អាល្លឺម៉ង់ នៅ​ថ្ងៃ​អាទិត្យ កន្លង​ទៅ​ព្រម​ទាំង​បាន​ធ្វើ​ទស្សនកិច្ច​​នៅ​កីឡដ្ឋាន Signal Iduna Park ទឹកដី​ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​អាល្លឺម៉ង់ Bundesliga ៥សម័យកាល Borussia Dortmund។

អត្ថបទពាក់ព័ន្ធ៖Lion City Sailors ជា​ក្លិប​ក្នុង​ស្រុក​ដំបូង​ឈ្នះ​ពាន​លីគ​កំពូល​សិង្ហបុរី គិត​ពី​ឆ្នាំ​២០១៤​មក

កាល​ពី​ខែ​មិថុនា កន្លង​ទៅ​ក្រុម Sailors បាន​​ចុះ​ដៃ​គូ​​រយៈ​ពេល​២ឆ្នាំ​កន្លះ ជាមួយ​ក្លិប Borussia Dortmund ដោយ​ផែនការ​ដំបូង​គឺ​ពង្រីក​​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការ​​អភិវឌ្ឍន៍​បាល់ទាត់​​យុវជន របស់​សិង្ហបុរី​និង​ជា​ការ​គាំទ្រ​ដល់​ការ​លូតលាស់​ផ្នែក​វិទ្យាសាស្ត្រ​កីឡា វេជ្ជសាស្រ្ត​កីឡា ការ​វិភាគ និង​ការ​ស្វែង​រក​ទេពកោសល្យ៕

Telegram-Troryorng
Share.