សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យការរៀបអាពាហ៍ពិពាហ៍ អាចអញ្ជើញភ្ញៀវចូលរួមរហូតដល់ខ្ទង់ពាន់នាក់ តែត្រូវផ្អែកលើទីតាំង ជាពិសេស គោលការណ៍រកម្សាគម្លាតសុវត្ថិភាព។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់នៅក្នុងសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅ រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា យើងយកស្តង់ដា នៃការអនុវត្តតាមវិធាន សុខាភិបាល ឧទាហរណ៍គម្លាតដែលត្រូវដាក់មួយតុចំនួន៧នាក់ ប្រសិនបើមានទីតាំងធំ អ្នកម្ចាស់ដើមការអាចអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើធំបាន។ អាចអញ្ជើញ ៥០០នាក់ ៧០០នាក់ ឬដល់ ១ពាន់នាក់ ប៉ុន្តែត្រូវធានាចាំបាច់នូវការរក្សាគម្លាតទៅតាមតុ ដែលត្រូវបាន រៀបចំ។

ជាមួយគ្នានេហ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ម្ចាស់ដើមការត្រូវអញ្ជើញ ភ្ញៀវដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនពីរដូសរួចរាល់ ហើយអ្នកមិនបានចាក់ វ៉ាក់សាំង ព្រោះហេតុផលសុខភាពដែលគ្រូពេទ្យមិនអនុញ្ញាតនោះ ក៏អាចអញ្ជើញចូលរួម បានផងដែរ។ ដោយឡែកអ្នកមិនបានចាក់វ៉ាក់សាំង ព្រោះការគេចវេសសម្តេចតេជោ មិនលើកទឹកចិត្តឱ្យអញ្ជើញចូលរួមកម្មវិធីនោះឡើយ។

សម្តេចបានបន្តរំលឹកឲ្យម្ចាស់ដើមការក៏ដូចជាភ្ញៀវទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិធាន  សុខាភិបាលក្នុងការការពាររីករាលដាលជំងឺកូវីដ១៩ ដោយមានម៉ាស់ និងអាល់កុលជាប់តាមខ្លួនជាប្រចាំ៕

Share.