ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារលោកវរសេនីយ៍ឯក ចៅ ស៊ីផល ដែលមានវិជ្ជមានជំងឺកូវីដ១៩ បានទទួលមរណភាព នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារតាមរយៈលិខិត ផ្ញើជូននាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៥ខែឧសភានេះ។

លោកវរសេនីយ៍ឯក ចៅ ស៉ីផល បានទទួលមរណភាពនៅផ្ទះបងស្រីបង្កើត ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ធ្វើតេស្ដរហ័សលើសំណាកសាកសព របស់មណ្ឌលសុខភាពទឹកថ្លា បង្ហាញថា វិជ្ជមានជំងឺកូវីដ១៩។

លោកក៏មានជំងឺប្រចាំកាយ ទឹកនោមផ្អែម និងលើសឈាមបណ្ដាលឲ្យស្លាប់មួយចំហៀងខ្លួន ត្រូវបានអង្គភាពអនុញ្ញាតឲ្យសម្រាកព្យាបាលនៅផ្ទះប្អូនស្រីបង្កើត នៅខេត្តសៀមរាប តាំងពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣ នៅពេលស្ថានភាពជំងឺទ្រុងទ្រោមខ្លាំង ត្រូវបានបងប្អូនបញ្ជូនទៅសម្រាកព្យាបាលនៅរាជធានីភ្នំពេញ៕

Share.