ធម្មតាតារាសម្ដែងស្រីមានរូបសម្រស់ស្រស់ស្អាតហើយទាក់ទាញអ្នកគាំទ្រគឺត្រង់ចំនុចសក់ តែកំពូលតារាសម្ដែងស្រីទឹកភ្នែក នី មុនីនាថ ហាក់ដូចមិនខ្លាចខ្មាសអៀន ហើយហ៊ានកោរសក់សម្ដែងក្នុងរឿងថ្មីមួយទៀតផង។ តារាស្រីល្បីខាងសម្រក់ទឹកភ្នែករូបនេះ បានសម្ដែងរឿងថ្មីមានចំណងជើងថា «បដាចារ» ជាមួយតួឯកប្រុសសង្ហាលោក វ៉ាន់ ដេវីត សម្ដែងជាតួមាណព ក្រោមវណ្ណកម្មផលិតរបស់ Sastra Film។

កញ្ញា នី មុនីនាថ ក៏បានបង្ហើបប្រាប់អ្នកសារព័ត៌មានត្រយ៉ង​នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ឱ្យដឹងថា ជាការពិតទៅ នោះជាការសម្ដែង ហើយដែលមានឈុតឆាកកោរសក់ពាក់ស្បង់ចីវរ នោះក៏ជាការសម្ដែង​ដែរ​។ កញ្ញាថា កញ្ញាមិនបានកោរសក់ពិតប្រាកដនោះទេ នោះគ្រាន់តែជាថ្វី​ដៃ​តុបតែង និងមានបច្ចេកទេសបិទបាំង ឱ្យមើលទៅដូចជាការកោរសក់ពិតៗ​ប៉ុណ្ណោះ​។ ដំបូងឡើយកញ្ញាធ្លាប់មានអារម្មណ៍ និងក្ដីបារម្ភថាខ្មាសគេដែរ ក៏ប៉ុន្ដែដោយភាពយន្ដ «បដាចារ» ជាភាពយន្ដទី២ហើយ ដែលកញ្ញាបានបង្ហាញពីឈុតឆាកកោរសក់បែបនេះ។ រឿងដំបូងដែលបានបង្ហាញ​ពី​ឈុត​កោរ​សក់​ដែល​មិន​ធ្លាប់មានឃើញក្នុងវិស័យភាពយន្ដរបស់កញ្ញា គឺនៅក្នុងរឿង «ម៉ាឡីន ម៉ាឡែន» ដែលសម្ដែងជាមួយតួស្រីវ័យក្មេង កញ្ញា អាង សុជាតា ហៅ​ ឈូឈូ។

យ៉ាងណា​មិញ​ កញ្ញា នី មុនីនាថ បាន​អះអាងប្រាប់អ្នកសារព័ត៌មានត្រយ៉ងទៀតថា ការសម្រេចចិត្តសម្ដែងឈុតកោរសក់ជាលើកទី២នេះ ដោយ​សារតែ សាច់រឿង «បដាចារ» គឺជារឿងពុទ្ធជាតក ជារឿងល្អខ្លាំងនិងមានតម្លៃអប់រំទៅកាន់ប្រជាពលរដ្ឋខ្មែរយើង តាមរយៈជីវិតតស៊ូរបស់នាង​បដាចារ ដែលនាងបានឆ្លងកាត់ជីវិតលំបាកវេទនាគ្រប់សព្វបែបយ៉ាង រហូតដល់សម្រេចចិត្តកោរសក់បួសជាភិក្ខុនី។ ​ទោះបីជាកញ្ញា នី មុនីនាថ មានបទពិសោធសម្ដែងរាប់ឆ្នាំក៏ពិតមែន តែការសម្ដែងជាតួនាង បដាចារ ក៏​នៅមានឧបសគ្គ​បន្ដិចបន្តួច ដែលជាពិសេសនោះគឺការសម្ដែងឈុតស្នេហាជាមួយតួឯកប្រុសវ័យក្មេងជាងខ្លួន។

គួររំឭកឱ្យដឹងផងដែរថា បើទោះបីជាស្ថិតនៅក្នុងស្ថានភាពកូវីដ១៩ ជាហេតុធ្វើឱ្យសិល្បៈមានសភាពស្ងប់ស្ងាត់បន្ដិចក៏ពិតមែន ក៏ប៉ុន្ដែតារាសម្ដែងស្រី នី មុនីនាថ ត្រូវបានគេឃើញថា ដូចជាមិនរយាលដៃពីសិល្បៈឡើយ កញ្ញាបានសម្ងំថតភាពយន្ដថ្មីៗជាច្រើនរឿង រហូតដល់សឹងតែរកពេលទំនេរមិនបាន។​ តារាស្រីទឹកភ្នែករូបនេះបានព្យាយាមសម្រិតសម្រាំងស្នាដៃជាច្រើនរឿងទៀត ព្រោះគិតថាមិន​ចង់​ទុកពេលវេលា​ចោល​ខ្លាច​បាត់​តំណែង​ល្បីឈ្មោះ ដោយ​ស្នាដៃ​សម្ដែង​ថ្មី​ៗ​របស់​កញ្ញា​ នឹង​មានត្រៀមបញ្ចេញនាពេលឆាប់ៗខាងមុខទៀត។ ដោយមើលលើ​ទេព​កោសល្យ​សម្តែង ដែល​កញ្ញា​មាន​ពេញ​ខ្លួន​ គេរំពឹងថា ភាពយន្ដថ្មីៗរបស់កញ្ញា នី មុនីនាថ នៅតែមានសន្ទុះអ្នកចូលទស្សនាច្រើន៕

អត្ថបទដោយ៖ Abel

Telegram-Troryorng
Share.