Reuters បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា​ Paris Hilton តារា​សម្ដែង​ Celebrity ជនជាតិ​អាមេរិក​កាំង​ និង​ជា​ទាយាទ​សណ្ឋាគារ​ Conrad Hotels and Resorts វ័យ​៤០​ឆ្នាំ​ បាន​សម្រេច​ចិត្ត​លះបង់​ឈ្មោះ​នៅ​លីវ​ ហើយ​ដើរ​ចូលទ្វារ​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​គូស្នេហ៍​លោក​​ Carter Reum បុរស​ជា​អ្នក​ធុរកិច្ច​វ័យ​៤០​ឆ្នាំ​ ដូច​​គ្នា​ក្រោយ​បាន​សេពគប់​គ្នា​រយៈ​ពេល​២​ឆ្នាំ​ និង​បាន​ភ្ជាប់​ពាក្យ​តាំង​ពី​ខែ​កុម្ភៈ​។

Paris Hilton បាន​ផុស​និយាយ​ពី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ដែល​បាន​រៀបចំ​នៅ​ទីក្រុង​ Los Angeles រដ្ឋ​ California សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ Blog របស់​ខ្លួន​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ​ថា​ «អាពាហ៍ពិពាហ៍​នេះ​ប្រៀប​ដូច​ជា​ក្នុង​រឿង​និទាន​ដែល​បាន​ក្លាយ​ជា​ការ​ពិត​ ហើយ​ខ្លួន​ស្ទើរ​តែ​មិន​ជឿ​ទេ​ថា​ នៅ​ទីបំផុត​អ្នក​នាង​បាន​ក្លាយ​ជា​ភរិយា​»

«នៅ​ទីបំផុត ខ្ញុំ​ក៏​បាន​ទទួល​ស្នាម​ថើប​ពី​ព្រះអង្គ​ម្ចាស់​របស់​ខ្ញុំ​ ហើយ​ចាប់​ផ្ដើម​ជីវិត​ដោយ​សុភមង្គល​តាម​ដែល​ខ្ញុំ​ធ្លាប់​ស្រម៉ៃ​តាំង​ពី​ក្មេង​​» ដោយ​ខណៈ​នោះ​ Hilton បាន​ Tweet រូប​របស់​ខ្លួន​ក្នុង​ឈុត​កូន​ក្រមុំ​ Oscar De la Renta Lace ថា​ «ជីវិត​ជា​ភរិយា​»

តាម​ព័ត៌មាន​​បាន​រាយការណ៍​ថា​ពិធី​អាពាហ៍ពិពាហ៍​បាន​រៀប​ចំ​ឡើង​នៅ​លើ​​​ក្នុង​ភូមិ​គ្រឹះ​គ្រួសារ​ Hilton មាន​អ្នក​ល្បី​ៗ​ចូល​រួម​ដូច​ជា​ Kim Kadashian, Nicole Richie, Paula Abdul, ដោយ​មាន​តារា​ចម្រៀង​ Demi Lovato ចូលរួម​ច្រៀង​ក្នុង​ពិធី​ពិសារ​អាហារ​។ យោង​តាម​សារព័ត៌មាន​ TMC បាន​រាយការណ៍​ កូន​ក្រមុំ​បាន​ផ្លាស់ប្ដូរ​ឈុត​សំលៀកបំពាក់​រហូត​ដល់​ទៅ​ ៤​ឈុត ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍។​

Paris Hilton គឺ​ជា​ចៅ​ស្រី​របស់​ម្ចាស់​សណ្ឋាគារ​ Conrad Hotels and Resorts នារី​ដែល​ជា​បុគ្គល​ល្បី​រូប​នេះ​ធ្លាប់​មាន​លេច​ចេញ​ព័ត៌មាន​អាស្រូវ​ នៅ​ពេល​ដែល​ Sex Tape របស់​នាង​បាន​បែក​ធ្លាយ​ចេញ​មក​ខាង​ក្រៅ​កាល​ពី​ឆ្នាំ​ ២០០១ ហើយ​ក្រោយ​មក​អ្នក​នាង​មាន​កម្មវិធី​ Reality មួយ​ឈ្មោះ​ថា​ «A Simple Life» និង​ថ្មី​ៗ​កំពុង​តែ​ផ្សាយ​ផ្ទាល់​កម្មវិធី​ Reality ថ្មី​មួយ​ឈ្មោះ​ «This is Paris»។ ក្រៅ​ពី​នេះ​ Paris ក៏​នៅ​មាន​ធុរកិច្ច​ក្នុង​ដៃ​ជា​ច្រើន​ទៀត​ដូច​ជា​​ ទឹកអប់​ សំលៀកបំពាក់​ Fashion និង​ផលិតផល​ផ្សេងៗ​ជា​ច្រើន​ទៀត​។

ចំណែក​ជីវិត​ស្នេហា​វិញ​ Paris Hilton ធ្លាប់​មាន​សង្សារ​ជា​ច្រើន​នាក់​ក្នុង​នោះ​មាន​ Nick Carter តារា​ចម្រៀង​វ័យ​ ៤១​ឆ្នាំ​, Benji Madden តន្ត្រីករ​អាមេរិក​កាំង​វ័យ​៤២​ឆ្នាំ​ និង​ធ្លាប់​ឆ្លង​កាត់​ភ្ជាប់​ពាក្យ​ចំនួន​៣​ដង​រួច​មក​​ហើយ​ ដោយ​ធ្លាប់​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​ Chris Zylka តារា​សម្ដែង​អាមេរិក​កាំង​វ័យ​ ៣៦​ឆ្នាំ​ កាល​ពី​ឆ្នាំ​ ២០១៨, ភ្ជាប់​ពាក្យ​ជាមួយ​នឹង​ Paris Latsis ទាយាទ​មហាសេដ្ឋី​ដឹក​ជញ្ជូន​ជនជាតិ​ក្រិច​កាល​ពី​ឆ្នាំ​ 2005 និង​ភ្ជាប់​ពាក្យ​ជាមួយ​នឹង​ Jason Shaw បាន​ភ្ជាប់​ពាក្យ​នៅ​ឆ្នាំ​ ២០០៣៕

Telegram-Troryorng
Share.