ឥទ្ធិបាទធម៌ គឺធម៌ជាគ្រឿងឱ្យសម្រេចនូវប្រយោជន៍។ រៀននៅទីនេះ សំដៅទាំងសិស្សនិស្សិត និងមនុស្សទូទៅ ដែលត្រូវសិក្សារៀនសូត្រ រហូតទល់នឹងផុតរលត់អាយុសង្ខារ។ ជាចំណែកមួយ ដើម្បីរៀនមានប្រសិទ្ធភាព ឆាប់យល់ ចេះចាំ ព្រះភិក្ខុ ឈាង ផល្លី អនុប្រធានក្រុមការងារសិក្ខាសាលា និងអប់រំសីលធម៌ ៣ខេត្ត បានដកស្រង់ចេញពីពុទ្ធោវាទ នូវឥទ្ធិបាទធម៌៤ប្រការ ជូនអ្នកសិក្សារៀនសូត្រជាជំនួយស្មារតី។



ទី១-ឆន្ទៈ គឺសេចក្ដីស្រឡាញ់ចូលចិត្ត ពោលមានបំណង សេចក្តីប្រាថ្នា ពេលចិត្ត និងមានបំណង ប៉ងប្រាថ្នា ដូចជា ការស្រលាញ់ការសិក្សា ស្រឡាញ់ជំនាញណាមួយ ចង់មានចំណេះ ចង់រៀនពូកែ ចង់ធ្វើជាមនុស្សមានតម្លៃ ប្រាថ្នាចង់បានសិទ្ធិសេរីភាព ចង់មានសេចក្តីសុខ ធ្វើការងារសម្រេចផលល្អ មានគុណភាព។
ទី២-វិរិយៈ គឺសេចក្ដីព្យាយាម តស៊ូ អត់ធ្មត់ ស៊ូទ្រាំ ប្រឹងប្រែង ខ្នះខ្នែង ស្វះស្វែង សង្វាត ឧស្សាហ៍ក្នុងកិច្ចការងារ មិនបោះបង់ការងារ បោះជំហានដើរទៅមុខរហូត បានជោគជ័យ។
ទី៣-ចិត្តៈ គឺសេចក្ដីផ្ដោតចិត្តគំនិត ចេះច្នៃប្រឌិត តាំងចិត្ត ក្នុងការសិក្សារៀនសូត្រ ឬកិច្ចការណាមួយ ដែលខ្លួនធ្វើនោះ មានចិត្ត ចាប់អារម្មណ៍កិច្ចការ ដូចជា រឿងសិក្សា គឺចេះរកវិធីសាស្រ្តល្អៗមកគិត ដោយហេតុផល និងមានស្មារតី មិនបណ្តោយឱ្យចិត្តច្របូក ច្របល់ដែលគិតរឿង មិនបានការ ឬថាយកចិត្តទុកដាក់ក្នុងតួនាទីភារកិច្ចរបស់សាមីខ្លួន។
ទី៤-វិមំសា គឺការពិចារណា វិភាគល្បងមើល សាកល្បងមើល ដូចជា ការហាត់ ដោះស្រាយលំហាត់ ឆ្លើយសំណួរ ឬធ្វើមេរៀនផ្សេងៗ ដើម្បីប្រមើលមើល វាស់ស្ទង់សមត្ថភាព ចំណេះដឹង និងកម្រិតរបស់ខ្លួន។ អាចនិយាយបានថា ប្រើបញ្ញាស្ទាបស្ទង់អ្វីដែលអ្នកបានរៀន បានធ្វើ និង រកវិធីកែច្នៃឱ្យ ទទួល បាន ផល កាន់តែប្រសើរឡើងថែមទៀត។ ជារួម គឺអនុវត្តជាក់ស្ដែងច្រើនកាលណាល្អកាលនោះ។



ឥទ្ធិបាទធម៌៤ប្រការនេះ គ្រាន់តែជាធាតុផ្សំសម្រាប់អ្នកសិក្សា រួមនឹងវិធីផ្សេងៗអាស្រ័យលើស្ថានភាពបុគ្គលរៀងៗខ្លួន។ តាមឥទ្ធិបាទធម៌៤ប្រការនេះបង្ហាញថាការរៀនសូត្រតាមរូបមន្តទន្ទេញចាំមាត់ ពុំមែនសុទ្ធតែតិកនិកល្អនោះឡើយ។ តែក៏មិនមែនថាមិនល្អដែរ។ វាចាំបាច់ទៅតាមកាលវេលាឬស្ថានភាព។ ទោះយ៉ាងណា និន្នាការលើកទឹកចិត្តឱ្យគិតវិភាគឈ្វេងយល់ និងអនុវត្តជាក់ស្ដែងជាប្រចាំ។
ប្រភព ៖ ព្រះភិក្ខុ ឈាង ផល្លី
អនុប្រធានក្រុមការងារសិក្ខាសាលា និងអប់រំសីលធម៌ ៣ខេត្ត!